ផ្លូវ​ការ​​ ឥណ្ឌូណេស៊ី​ ​ធ្វើ​ម្ចាស់​​ផ្ទះ​​កីឡា​​​​អាស៊ាន​​ប៉ារ៉ាហ្គេម​ ខែ​​កក្កដា​​នេះ

CAMSOC-ភ្នំពេញ៖ ប្រទេសឥណ្ឌូណេស៊ីបានទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើក​ទី​១១ នាខែកក្កដា ខាងមុខនេះ បន្ទាប់ពីសហព័ន្ធកីឡាអាស៊ីប៉ារ៉ាហ្គេម (APSF) បានធ្វើការសម្រេចចិត្តកាលពីថ្ងៃពុធ ទី១៦ ខែកុម្ភៈនេះ ដែលនឹងក្លាយជាការប្រកួតលើកដំបូងចាប់តាំងពីប្រទេសម៉ាឡេស៊ីបានរៀបចំធ្វើម្ចាស់ផ្ទះកាលពីឆ្នាំ២០១៧។

កាលពីឆ្នាំ២០១៩ ប្រទេសហ្វីលីពីន បានទទួលរៀបចំការតែកីឡាស៊ីហ្គេមប៉ុណ្ណោះ ប៉ុន្តែបានលុបចោលកីឡាអាស៊ានប៉ារ៉ាហ្គេមដោយសារបញ្ហាហិរញ្ញវត្ថុ។ ចំណែកប្រទេសវៀតណាមដែលគ្រោងធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមកាលពីឆ្នាំ២០២១ និងត្រូវបានពន្យារមកឆ្នាំ២០២២នេះ ក៏បានលុប​ចោល​កីឡា​អាស៊ានប៉ារ៉ាហ្គេមដែរ ដោយសារវិបត្តិកូវីដ-១៩។

ដូច្នេះឥណ្ឌូណេស៊ីជាអ្នកទទួលធ្វើម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២២នេះដែលតាមការរំពឹងទុកនឹងប្រារព្ធនៅទីក្រុង Solo ពីថ្ងៃ​ទី២​៣​ដល់​៣១​ ខែកក្កដា ដែលមានកីឡាជនពិការ១៣ប្រភេទ។ កាលបរិច្ឆេទប្រកួតនេះរៀបចំ១១ខែមុនពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាខែមិថុនា ឆ្នាំ២០២៣។

ដំណើរទទួលធ្វើម្ចាស់ផ្ទះរបស់ឥណ្ឌូណេស៊ីមិនមានភាពរលូនទាំងស្រុងនោះទេ ដោយពួកគេត្រូវការទទួលបានការយល់ព្រមពីរដ្ឋាភិបាលរបស់ពួកគេ ក៏ដូចជាទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) មុនពេលត្រូវបានផ្តល់ឱ្យ៕

17/02/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org