កម្ពុជា ឈ្នះមេដាយសរុប ២៨គ្រឿង ក្នុងអាស៊ានប៉ារ៉ាហ្គេម ឈរលេខរៀងទី៧ ក្នុងតារាង ១១ប្រទេស

CAMSOC-សូឡូ៖ អត្តពលិកជនពិការកម្ពុជា បានបញ្ចប់ភារកិច្ចប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ជាផ្លូវការត្រឹមថ្ងៃទី០៥ ខែសីហា ដោយដណ្តើមបានមេដាយសរុប ២៨គ្រឿង និងឈរលេខរៀងទី៧ ក្នុងចំណោម ១១ប្រទេស។

មេដាយទាំង ២៨គ្រឿង របស់កម្ពុជា មានមេដាយមាស ៧គ្រឿង មេដាយប្រាក់ ១០គ្រឿង និងមេដាយសំរឹទ្ធ ១១គ្រឿង រកបានលើប្រភេទកីឡាចំនួន ៧ រួមមាន អត្តពលកម្ម, ហែលទឹក, អុកអន្តរជាតិ, ប៊ូស្យា, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុ និងបាល់បោះជិះរទេះ។ ៤ប្រភេទកីឡាដែលមិនទទួលបានមេដាយ មានវាយសី លើកទម្ងន់ បាល់បោះពិការភ្នែក (Goalball) និងបាល់ទាត់ចលករខួរក្បាល (Football CP)។

ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ឈរកំពូលតារាងដោយរកមេដាយសរុបបាន ៤២៨គ្រឿង (មាស ១៧៧, ប្រាក់ ១៤១, សំរឹទ្ធ ១១០) តាមពីក្រោយដោយថៃ មេដាយសរុប ៣២០គ្រឿង (មាស ១១៧, ប្រាក់ ១១៦, សំរឹទ្ធ ១១០) វៀតណាម ឈរនៅលេខ៣ ជាមួយមេដាយសរុប ១៨០គ្រឿង (មាស ៦៤, ប្រាក់ ៦០, សំរឹទ្ធ ៥៦)។ ដោយឡែក ម៉ាឡេស៊ី ឈរនៅលេខ៤ រកបានមេដាយសរុប ៧០គ្រឿង (មាស ៣៦, ប្រាក់ ២០, សំរឹទ្ធ ១៤) ហ្វីលីពីន ឈរនៅលេខ៥ ដោយរកបានមេដាយសរុប ១០៤គ្រឿង (មាស ២៨, ប្រាក់ ៣១, សំរឹទ្ធ ៤៥) លេខ៦ មីយ៉ាន់ម៉ា មេដាយសរុប ៤៤គ្រឿង (មាស ១៤, ប្រាក់ ១៣, សំរឹទ្ធ ១៧)។ ៤ប្រទេសដែលនៅពីក្រោមកម្ពុជា គឺលេខ៨ សិង្ហបុរី រកបានមេដាយ ២៧គ្រឿង (មាស ៧, ប្រាក់ ៩, សំរឹទ្ធ ១១) ទីម័រខាងកើត លេខ៩ រកបានមេដាយ ១២គ្រឿង (មាស ៥, ប្រាក់ ២, សំរឹទ្ធ ៥) ព្រុយណេ លេខ១០ មេដាយសរុប ៤គ្រឿង (មាស ១, ប្រាក់ ០, សំរឹទ្ធ ៣) និងចុងក្រោយគេគឺ ឡាវ រកមេដាយបាន ៩គ្រឿង (មាស ០, ប្រាក់ ២, សំរឹទ្ធ ៧)។

សរុបមេដាយមាសទាំង ៧គ្រឿង ដែលកីឡាករ-កីឡាការិនីកម្ពុជា ដណ្តើមបាន រួមមាន៖

  • បាល់បោះ (វិញ្ញាសានារី ៣ទល់៣) កីឡាការិនី អាន ស៊ីណែត, ឡាក់ សាវរី, ស៊ឹម ដា, សាន រដ្ឋា និង ដួង ច័ន្ទរក្សា
  • អត្តពលកម្ម (វិញ្ញាសា លោតចម្ងាយ) កីឡាការិនី វ៉ិត ចន្ថា
  • ប៊ូស្យា (វិញ្ញសានារីឯកត្តជន ប្រភេទពិការ BC2) កីឡាការិនី សន សាស
  • អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ប្រភេទ T46) កីឡាការិនី ងួន រតនា
  • អត្តពលកម្ម (វិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ ប្រភេទ T47) កីឡាការិនី វ៉ិត ចន្ថា
  • បាល់ទះអង្គុយ (វិញ្ញាសាបុរស) កីឡាករ តង់ រ៉ាវី, អឿន ណុត, យ៉ុន ក្រឹម, ញូញ សុខ, អ៊ូ ផល្លា, អ៊ីង ភីរៀម, ណៃ ការ, ស្រៀង លាប, ស្រៀង សុខណា, ពូន ឌីណា, ម៉ន យ៉ារ៉ាញ់ និង កៅ ហឿន
  • អត្តពលកម្ម (វិញ្ញាសាប្រណាំងរទេះបណ្ដាក់ ១០០ម៉ែត្រ ៤x៤) កីឡាករ វ៉ាន វ៉ុន, ឈុន ពន់, ហៀ ហុក និង ហេង សាវឿន

ដោយឡែក មេដាយប្រាក់ចំនួន ១០គ្រឿង រកបានដោយកីឡាហែលទឹក ៣គ្រឿង អត្តពលកម្ម ៦គ្រឿង និង បាល់បោះជិះរទេះ ១គ្រឿង ខណៈមេដាយសំរឹទ្ធ ១១គ្រឿង ដណ្តើមបានដោយកីឡា វាយកូនឃ្លីលើតុ ១គ្រឿង ហែលទឹក ៥គ្រឿង អត្តពលកម្ម ៤គ្រឿង និង អុកអន្តរជាតិ ១ គ្រឿង។

ការសម្រេចបានសមិទ្ធផលរបស់ក្រុមអត្តពលិកជនពិការកម្ពុជាខាងលើនេះ បានធ្វើឲ្យកម្ពុជា បំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ ឈ្នះមេដាយច្រើនជាងពេលណាណាទាំងអស់ បើគិតចាប់ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម បង្កើតឡើងដំបូងកាលពីឆ្នាំ២០០១ រហូតមកទល់បច្ចុប្បន្ន។ ពិសេសលើសពីនេះ កម្ពុជាបានបំបែកកំណត់ត្រា ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា លើមេដាយទាំង៣ប្រភេទ (មាស ប្រាក់ និងសំរឹទ្ធ) កាលនោះកម្ពុជា ដណ្ដើមបានមេដាយសរុប ៩គ្រឿង មាន មេដាយមាស ៣គ្រឿង ប្រាក់ ៤គ្រឿង និងសំរឹទ្ធ ២គ្រឿង។

សូមបញ្ជាក់ថា អត្តពលិកកម្ពុជា នឹងចូលរួមពិធីបិទជាផ្លូវការនៅល្ងាចនេះ មុននឹងពាំនាំមេដាយត្រឡប់មកមាតុប្រទេសវិញ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ ដើម្បីត្រៀមខ្លួនម្ដងទៀត ក្នុងការធ្វើជាម្ចាស់ផ្ទះវិញម្ដងនៅឆ្នាំក្រោយ សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលគ្រោងធ្វើអំឡុងថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

06/08/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org