ឯកឧត្តម យី វាសនា៖«ជោគជ័យនៅអាស៊ានប៉ារ៉ាហ្គេមលើកទី១១ជាកត្តាសំខាន់បំផុតសម្រាប់កម្ពុជាឆ្នាំ២០២៣»

CAMSOC-សូឡូ៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មប្រតិភូកីឡាជនពិការកម្ពុជាបានចាត់ទុកភាពជោគជ័យលើសពីការរំពឹងទុកក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ីគឺជាកត្តាសំខាន់បំផុតសម្រាប់កម្ពុជាត្រៀមរៀបចំធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ពិធីបិទអាស៊ានប៉ារ៉ាហ្គេម លើកទី១១ និងកម្ពុជាទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីល្ងាច ថ្ងៃសៅរ៍ ទី៦ ខែសីហានេះ ទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាជនពិការកម្ពុជាបានទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ជាផ្លូវការពីលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន បន្ទាប់មកផ្តល់ទៅឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មកីឡាជនពិការកម្ពុជា។ ក្នុងពិធីទទួលនេះ កម្ពុជាបានរៀបចំការសម្តែងសិល្បៈវប្បធម៌ និងបង្ហាញពីសក្តានុពលទេសចរណ៍ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួមទស្សនាផ្ទាល់ពេញកីឡដ្ឋាន Manahan។

ក្រោយពិធីបិទបានបញ្ចប់ជាផ្លូវការ ឯកឧត្តម យី វាសនា មានប្រសាសន៍ថា ៖«ក្នុងពិធីបិទដ៏អស្ចារ្យនេះ ប្រតិភូកីឡាកម្ពុជាទាំងអស់បានចូលរួមក្នុងពិធីបិទ។ ចុងបញ្ចប់ពិធី កម្ពុជាបានទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ជាផ្លូវការ។ នេះជាមោទនភាពសម្រាប់កម្ពុជាយើង។ ទង់នេះគឺជាទង់តំណាងឲ្យអាស៊ានដែលតំណាងឲ្យ១១ប្រទេស។ ការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមនេះគឺបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់បងប្អូនជនមានពិការភាពរបស់យើងនៅប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ យើងឃើញហើយ ពេលកម្ពុជាយើងទទួលទង់ អ្នកគាំទ្រទះដៃគាំទ្រយ៉ាងខ្លាំង។ កម្ពុជាទទួលទង់នេះគឺជាមោទនភាពជាតិខ្មែរ»។

អ្វីដែលកាន់តែពិសេសទៀតនោះ ការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ របស់អត្តពលិកជនពិការកម្ពុជាគឺទទួលបានជោគជ័យលើសពីការរំពឹងទុក និងជាកត្តាចាំបាច់បំផុតសម្រាប់កម្ពុជារៀបចំធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០៣២ នៅរាជធានីភ្នំពេញ។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា ៖«យើងបានចាកចេញពីរាជធានីភ្នំពេញ យើងបានកំណត់យកមេដាយមាសឲ្យបាន៣គ្រឿង ប៉ុន្តែឥឡូវនេះ យើងធ្វើបានសម្រេចហើយ។ យើងបានបំបែកកំណត់ត្រាច្រើនលើសលប់ជាងការប្រកួតមុនៗ។ ការប្រឹងប្រែងគ្រប់បែបយ៉ាងទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់កីឡាករ កីឡាការិនីជនពិការកម្ពុជាបានផ្តល់ផលលើសគោលដៅកំណត់»។

«ជាពិសេសអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះគឺជាឱកាសល្អសម្រួចគោលដៅចុងក្រោយសម្រាប់កីឡាករ កីឡាការិនីជនពិការយើងក្នុងការវាស់ស្ទង់សមត្ថភាពមុនពេលរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣ នៅប្រទេសកម្ពុជា»។ ឯកឧត្តម យី វាសនា បានបញ្ជាក់ថា។

សូមបញ្ជាក់ថា អត្តពលិកជនពិការកម្ពុជាបានឈ្នះមេដាយមាស៧គ្រឿង ប្រាក់១០គ្រឿង និងសំរឹទ្ធ១១គ្រឿង សរុប២៨គ្រឿងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ ប្រតិភូ និងអត្តពលិកជនពិការកម្ពុជាវិលត្រឡប់ទៅប្រទេសកំណើតវិញ នៅថ្ងៃទី៧ ខែសីហានេះ៕

07/08/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org