កម្ពុជា បាននាំទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ជាមួយនឹងមោទនភាពជាតិ

CAMSOC-ភ្នំពេញ៖ កម្ពុជាបាននាំទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ពីប្រទេសឥណ្ឌូនេស៊ី មកដល់រាជធានីភ្នំពេញហើយ នាល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ ជាមួយនឹងមោទនភាព រួមនឹងការបំបែកកំណត់ត្រាមេដាយមាសផងដែរ។

ទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍នេះ ត្រូវបានឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូអត្តពលិកជនពិការកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានទទួលពីម្ចាស់ផ្ទះប្រទេសឥណ្ឌូនេស៊ី នាំមកកាន់កម្ពុជា ដើម្បីបន្តវេនធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាឆ្នាំ២០២៣។ ការមកដល់នៃទង់ខាងលើ ជាមួយនឹងអត្តពលិកជនពិការដែលជាម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធ ទទួលបានការអបអរសាទរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

សម្តេចពិជ័យសេនា ទៀ បាញ់ បានទទួលទង់ពីឯកឧត្តម ហ៊ុន ម៉ានី បន្ទាប់ពីប្រតិភូកីឡាជនពិការកម្ពុជា បានវិលត្រឡប់មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

បន្ទាប់ពីពិធីប្រគល់ និងទទួលទង់រួចហើយ កម្ពុជាក៏បានរៀបចំក្បួនដង្ហែ ដោយមានឡានឆៃយាំ ឡានទង់ ឡានកីឡាករ កីឡាការិនី ដែលទទួលបានមេដាយ រួមទាំងមានម៉ូតូអមផងដែរ។ ក្បួនដង្ហែ បានចេញពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ធ្វើដំណើរតាមមហាវិថីសំខាន់ៗ ឆ្ពោះទៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

សូមរម្លឹកថា ក្នុងពិធីបិទកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ និងពិធីដែលកម្ពុជាទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាជនពិការកម្ពុជា បានទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ជាផ្លូវការ ពីលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន បន្ទាប់មកផ្តល់ជូនឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្ម។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ២៨គ្រឿង ក្នុងនេះ មាស៧ ប្រាក់១០ និងមេដាយសំរិទ្ធ១១គ្រឿង។ កម្ពុជា ឈរនៅលំដាប់លេខរៀងទី៧ ក្នុងចំណោម១១ប្រទេសចូលរួម ជាមួយនឹងកំណត់ត្រាពុំធ្លាប់មាន នៃការចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នាពេលកន្លងមក៕

08/08/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org