សម្ដេចពិជ័យសេនា ទៀ បាញ់ សម្រេចផ្ដល់កម្លាំងយោធិន ៥,២៧០នាក់ ជួយ CAMSOC ដើម្បីពិធីបើក-បិទ SEA Games-ASEAN Para Games 2023

CAMSOC-ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានសម្រេចដ៏ខ្ពង់ខ្ពស់ ក្នុងការអនុញ្ញ្ញាតឲ្យប្រមូលកម្លាំងយោធិនចំនួន ៥,២៧០នាក់សម្រាប់ជួយដល់កម្មវិធីផ្សេងៗ របស់គណៈកម្មាធិការជាតិ CAMSOC ពិសេសចូលរួមសម្ដែងអបអរពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្នុងកិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មការពិធីបើក-បិទ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយពិភាក្សាលើរបៀបវារៈសំខាន់ៗ៣។ ទី១.ពិភាក្សាលម្អិត ស្ដីពីតម្រូវការកម្លាំងហ្វឹកហាត់ និងសម្ដែង ទី២. ការត្រៀមរៀបចំផែនការហ្វឹកហាត់ សម្ដែង និងអ្នកទទួលខុសត្រូវ និងទី៣-ការត្រៀមជ្រើសរើសទីតាំងហ្វឹកហាត់ និងសម្ដែងសាកល្បង។

ក្រោយទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនាប្រធាន និងការអនុវត្តការងារជាប្រចាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានណែនាំឲ្យឯកឧត្តម វ៉ាត់ ចំរើន ជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាពីរបៀបវារៈខាងលើ ដោយមានភាគីសំខាន់ៗ ២ផ្នែកចូលរួមគឺភាគីគ្រប់គ្រងកម្លាំង ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គលេខាធិការរង CAMSOC និងភាគីប្រើប្រាស់កម្លាំង ដឹកនាំដោយឯកឧត្តម ហ៊ី វីរៈ និងឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ភាគីទាំងពីរ បានធ្វើការសម្របសម្រួលគ្នា និងបញ្ជាក់ឲ្យគ្នាទៅវិញទៅមក នូវចំនួនកម្លាំងដែលត្រូវការ។ កម្លាំងទាំងអស់នេះ (៥,២៧០នាក់) ត្រូវបែងចែកទៅតាមផែននីមួយៗ ដែលត្រូវការបណ្ដុះបណ្ដាល និងអនុវត្តការហ្វឹកហ្វឺនផ្នែកសម្ដែង ផ្នែកទស្សនីយភាព ផ្នែកជួយដល់កម្មវិធីទាំងមូលជាបណ្ដើរៗហើយ នៅឡើយតែធ្វើការបន្ស៊ីគ្នាជាមួយការអនុវត្តផ្ទាល់តែប៉ុណ្ណោះ។ ដូច្នេះកិច្ចប្រជុំព្រឹកនេះ បានដាក់ចេញនូវកម្មវិធីច្បាស់លាស់ ការទទួលខុសត្រូវខាងផ្នែកគ្រប់គ្រង និងតម្រូវការបច្ចេកទេសច្បាស់លាស់ ក្រោយការដាក់ការងារឲ្យគ្នាទៅវិញទៅមក ហើយរង់ចាំតែការរៀបចំទីតាំង និងពេលវេលាច្បាស់លាស់ ដើម្បីចាប់ផ្ដើមហ្វឹកហាត់ប៉ុណ្ណោះ។

ឯកឧត្តមអគ្គលេខាធិការបន្ដថា ៖«តាមការគ្រប់គ្រង និងការណែនាំកម្លាំងរបស់ឯកឧត្តម ខៀវ ឆេន នាយកខុទ្ទកាល័យសម្ដេចពិជ័យសេនា គឺបានសម្របសម្រួលកិច្ចការងារនេះបានយ៉ាងរលូន ហើយអ្វីដែលត្រូវកត់សម្គាល់នោះ គឺយើងប្រើប្រាស់កម្លាំងយោធា ដែលជាកម្លាំងរៀបរយ កម្លាំងមានវិន័យ កម្លាំងមានសណ្ដាប់ធ្នាប់ កម្លាំងមានបទបញ្ជាច្បាស់លាស់ កម្លាំងដែលមានសុខភាពល្អទាំងអស់នេះ គឺជាកម្លាំងពិត នៃការសម្ដែង និងការរៀបចំរបស់យើង»។

«ដូចឯកឧត្តមបណ្ឌិត ថោង ខុន ធ្លាប់មានប្រសាសន៍ គ្មានអ្វីក្រៅពីការប្រើប្រាស់កម្លាំងកងទ័ពទេ ដើម្បីជួយឲ្យការងារនេះជោគជ័យ ហើយមានភាពអស្ចារ្យក្នុងពិធីបើក-បិទរបស់យើង។ ការសម្ដែង ដោយប្រើប្រាស់ធនធានមនុស្ស បូកជាមួយបច្ចេកវិទ្យាទំនើប និងទាន់សម័យបញ្ចូលគ្នា យើងនឹងទទួលបាននូវភាពអស្ចារ្យមួយ ដើម្បីកសាងកិត្តិយសកម្ពុជា អំឡុងពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រោះពិធីបើក គឺជាពិធីដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្ដរជាតិ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ នឹងចូលរួម ហើយគាំទ្រ និងមើលឃើញពីសក្ដានុពលជាតិរបស់យើង ដែលនឹងបង្ហាញនូវក្នុងពិធីបើក-បិទនេះ»។

ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ៖«អ្វីដែលយើងខិតខំប្រឹងប្រែង ហើយជំនាញទាំងអស់ខិតខំប្រឹងប្រែង ក្នុងការអនុវត្តការងារនេះ ដើម្បីរៀបចំឲ្យបានមុន និងទាន់ពេល មុនពេលព្រឹត្តិការណ៍កើតឡើង។ អីចឹងយើងមានពិធី៤ គឺពិធីបើករបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងពិធីបិទរបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ពិធីទាំងអស់នេះ សុទ្ធតែជាពិធីពាក់ព័ន្ធទៅនឹងកេរ្ដិ៍ឈ្មោះ កិត្តិយស ហើយនឹង Legacy របស់ស៊ីហ្គេម នៅក្នុងពេលយើងធ្វើម្ចាស់ផ្ទះ»។

ឯកឧត្តមបានបន្ថែមថា ក្រៅពីកម្លាំងយោធិន ដែលត្រូវបានចាត់ទុកជាកម្លាំងពិត CAMSOC ក៏ត្រូវការកម្លាំងជំនាញ និងស្ម័គ្រចិត្តជាច្រើនទៀត ដើម្បីផ្គុំជាកម្លាំងពិសេសមួយ ដូចជាកម្លាំងជំនាញសិល្បករ-សិល្បការិនី របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្លាំងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកម្លាំងផ្សេងៗទៀត ដើម្បីធានាបាននូវការសម្ដែងមួយដ៏អស្ចារ្យ និងទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ៕

19/08/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org