ក្រុមរថយន្ត Off Road កម្ពុជា បានមកដល់ប្រទេសថៃ ត្រៀមប្រកួតជាលក្ខណៈអន្តរជាតិ នៅខេត្តកានឆាណាក់បូរី

CAMSOC – ប្រទេសថៃ៖ ក្រុមរថយន្ត OFF ROAD កម្ពុជា ចំនួន៣ក្រុម ស្មើនឹង ៩រថយន្ត បានមកដល់ខេត្តត្រាត ប្រទេសថៃ កាលពីម្សិលមិញដោយសុវត្តិភាព ត្រៀមចូលរួមព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD គំរប់ខួប២០ឆ្នាំ នៅខេត្តកាន់ឆាណាក់បុរី ដែលគ្រោងនឹងចាប់ផ្តើម ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

លោក វង្ស គីមហួត សមាជិកក្រុមរថយន្ត OFF ROAD កម្ពុជា បានបញ្ជាក់ថា ការប្រណាំងរថយន្តអន្តរជាតិនេះ មាន៤ប្រទេសចូលរួម គឺ ម៉ាឡេស៊ី ឡាវ កម្ពុជា ថៃម្ចាស់ផ្ទះ។ លោក បន្តថា កម្មវិធីប្រកួតនៅថ្ងៃទី២៥ នឹងមានការចុះឈ្មោះ ប្រជុំបច្ចេកទេស ពិនិត្យរថយន្ត គ្រឿងមាស៊ីន ប្រព័ន្ធសុវត្តិភាពផ្សេងៗ។ ពីថ្ងៃទី២៦ ដល់ ២៨ ខែសីហា ឆ្នាំ២០២២ ចាប់ផ្តើមប្រណាំង លើវិញ្ញាសាឯកត្តជន វិញ្ញាសា UTV និងវិញ្ញាសាជាក្រុម។

លោក ព្រុំ រស្មី ប្រធានក្រុមរថយន្ត Off Road កម្ពុជា បញ្ជាក់ថា ការប្រណាំងខាងលើនេះ គឺជាវិញ្ញាសាថ្មីមួយ និងប្លែកសម្រាប់កម្ពុជា ដោយសារកន្លងមក គឺយើងលេងជាវិញ្ញាសាឯកត្តជន ប៉ុន្តែកម្មវិធីប្រណាំងនៅថៃ ត្រូវលេងជាក្រុម។ ដូច្នេះ ទាមទារអោយកីឡាករទាំងអស់ ត្រូវសាមគ្គីគ្នា និងសហការគ្នាជាក្រុម ទោះបីមានអ្នកខ្លាំង និងអ្នកខ្សោយក៏ដោយ ក៏ត្រូវលេងជាលក្ខណៈក្រុម ដើម្បីអោយការប្រណាំងឈានទៅដល់ទីជាក្រុម ទើបទទួលបានជ័យជំនះ។ ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ឆ្នាំ២០២២នេះ រៀបចំដោយប្រទេសថៃ។ ការចូលរួមរបស់កម្ពុជា គឺចង់រឹតចំណងសាមគ្គីភាព មិត្តភាពជាមួយប្រទេសជិតខាង ពិសេសចង់បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាក៏មានធនធានកីឡាករ ក្នុងវិស័យកីឡារថយន្ត OFF ROAD ផងដែរ។ ហើយកម្ពុជា នឹងទទួលបានចំណាត់ថ្នាក់ល្អ ចន្លោះពី លេខ១ដលលេខ១ ពីការប្រណាំងកម្រិតអន្តរជាតិមួយនេះ។ នេះជាការបញ្ជាក់បន្ថែមពីលោក ព្រុំ រស្មី។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ មាន៤ប្រទេសចូលរួម គឺឡាវ ម៉ាឡេស៊ី កម្ពុជា និងថៃម្ចាស់ផ្ទះ និងមានរថយន្តចូលរួមប្រណាំងសរុបប្រមាណជាជាង ១០០គ្រឿង ក្នុងនោះកម្ពុជា មាន៣ក្រុមចូលរួម មានក្រុមខេមបូ 4×4 , ក្រុម VKH និងក្រុមគោព្រៃមណ្ឌលគិរី៕

23/08/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org