ខ្សែជីវិតតស៊ូរបស់កីឡាករជនពិការ វ៉ាន វ៉ុន មុនពេលឈ្នះមេដាយជាច្រើនជូនជាតិ

CAMSOC -ភ្នំពេញ៖ កីឡាករជនពិការប្រណាំងរទេះ វ៉ាន វ៉ុន ទទួលបានជោគជ័យថ្ងៃនេះ គឺកើតចេញពីឆន្ទៈ និងការខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ដោយមិនគិតថា ខ្លួនមានពិការរភាព មិនអាចធ្វើអ្វីបាននោះទេ ប៉ុន្តែត្រូវស្វែងរកក្តីស្រមៃរបស់ខ្លួន។

កីឡាករជនពិការមានដើមកំណើតនៅស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ Cambodia 2023 ថា ៖«កើតមកមានពិការរភាព មិនសប្បាយចិត្តទេ ដើរមិនរួច អត់មានរទេះជិះ ចង់ទៅណាមកណា គឺពិបាក ហើយចង់ជួយការងារពុកម៉ែ គឺត្រូវវារលើដី៤ទៅ៥គីឡូម៉ែត្រក៏មាន ដោយសារពេលពួកគាត់ដឹកគោ មិនបានអៀវខ្ញុំ»។

ក្រោយមកដើម្បីជួយសម្រាលបន្ទុកជីវភាពក្រុមគ្រួសារ វ៉ាន វ៉ុន បានសម្រេចមករៀននៅអង្គការមួយ ក្នុងមជ្ឈមណ្ឌលកៀនឃ្លាំង គឺរៀនជំនាញជួសជុលវិទ្យុ ម៉ាញ៉េ និងទូរទស្សន៍ រយៈពេល៦ទៅ៧ខែ។ ប្រធានអង្គការជនជាតិអូស្រ្តាលី បានបង្កើតការប្រកួតកីឡាជនពិការ មានកីឡាបាល់ទះ និងប្រណាំងរទេះ ក្នុងឆ្នាំ២០០៦ លោកក៏ទទួលបានឱកាសរៀនជំនាញផង និងហ្វឹកហាត់កីឡាផង។

ទោះបីជាយ៉ាងណា កត្តាជីវភាព លោកបានបោះបង់ចោលការសិក្សា និងបានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីបើកហាងជួសជុលវិទ្យុ ម៉ាញ៉េ និងទូរទស្សន៍ ប៉ុន្តែមិនទទួលបានជោគជ័យយតាមបំណងឡើយ។ ក្រោយមកលោកសុំម្តាយត្រឡប់មកលេងកីឡាវិញ និងបានចូលរួមប្រកួតជាញឹកញាប់តាមបណ្តាខេត្ត-ក្រុង ដូចជាខេត្តកំពង់ស្ពឺ បាត់ដំបង និងរាជធានីភ្នំពេញ ហើយតែងតែទទួលបានចំណាត់ថ្នាក់លេខ១ រហូតត្រូវជនជាតិអូស្រ្តាលី បញ្ជូនទៅហ្វឹកហាត់នៅប្រទេសអូស្រ្តាលីរយៈពេលមួយខែ ទទួលបានបទពិសោធន៍ច្រើន និងសម្ភារមួយចំនួន រួមទាំងរទេះប្រណាំងផងដែរ ហើយក៏ត្រឡប់មកកម្ពុជាវិញ។

ម្ចាស់មេដាយមាស១ និងមេដាយប្រាក់២ពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុង សូឡូ ប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១១ លោកត្រូវបានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជ្រើសរើសចូលជម្រើសជាតិដើម្បីចេញទៅប្រកួតអន្តរជាតិលើកទី១ គឺអាស៊ានប៉ារ៉ាហ្គេម លើកទី៦ នៅប្រទេសឥណ្ឌូនេស៊ី ជាលទ្ធផលទទួលបានមេដាយប្រាក់២គ្រឿង លើវិញ្ញាសា១០០ម៉ែត្រ និង២០០ម៉ែត្រ និងជោគជ័យជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ ជាពិសេសអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២២នេះតែម្តង។ ជាមួយនឹងជោគជ័យនេះ វ៉ាន វ៉ុន ធ្លាប់មានក្តីស្រមៃថា ចង់ជិះយន្តហោះ ទៅស្រុកគេ ចង់ក្លាយជាកីឡាករតំណាងជាតិ ឥឡូវបានសម្រេចដូចបំណង។

វ៉ាន វ៉ុន បាននិយាយថា ៖« ខ្ញុំសូមផ្ញើសារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសជនមានពិការរភាព សូមកុំបោះបង់ កុំអស់សង្ឃឹម ត្រូវមានឆន្ទៈ និងក្តីស្រមៃរបស់ខ្លួនឲ្យក្លាយជាបុគ្គលសំខាន់មួយរូបក្នុងសង្គម»។

សម្រាប់មហាព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ វ៉ាន់ វ៉ុន បានប្តេជ្ញាចិត្តខ្ពស់ថា នឹងប្រឹងប្រែងហ្វឹកហាត់ ដើម្បីការពារមេដាយមាសរបស់ខ្លួន និងឈានទៅដណ្តើមមមេដាយមាសជូនជាតិបន្ថែមទៀត ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដំបូងលើទឹកអច្ឆរិយមួយនេះឲ្យទទួលបានជោគជ័យ។

គួររម្លឹកថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២ថ្មីៗនេះ កម្ពុជាដណ្តើមបានមេដាយសរុប២៨គ្រឿង មាស៧ ប្រាក់១០ និងសំរិទ្ធ១១។ ក្នុងនោះ កីឡាករ វ៉ាន់ វ៉ុន ដណ្តើមមេដាយ៣គ្រឿងគឺ មាស១ និងប្រាក់២ លើវិញ្ញាសា១០០ម៉ែត្រ មេដាយប្រាក់ ២០០ម៉ែត្រមេដាយប្រាក់ និងមេដាយមាសវិញ្ញាសាបណ្តាក់ ១០០ម៉ែត្រគុណ៤។

សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កម្ពុជាបានត្រៀមដាក់១៤ប្រភេទកីឡា ក្នុងនាមជាម្ចាស់ផ្ទះជាលើកដំបូង៕

15/09/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org