មន្ដ្រីបច្ចេកទេសកីឡាកាយសម្ព័ន្ធ ចាត់ទុកការហាត់​នៅចិន គឺជាការជំរុញបច្ចេកទេសដ៏សំខាន់ ត្រៀមស៊ីហ្គេម២០២៣

CAMSOC-ភ្នំពេញ៖ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាគ្រូបង្វឹកក្រុមជម្រើសជាតិផង បានចាត់ទុកការបញ្ជូនអត្តពលិកជម្រើសជាតិទៅហ្វឹកហាត់រយៈពេលវែងនៅសាធារណរដ្ឋប្រជាមានិតចិន គឺជាឱកាសដ៏ល្អ ដើម្បីដុសខាត់សមត្ថភាព និងជំរុញបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីសហព័ន្ធ បានបញ្ជូនកីឡាករកាយសម្ព័ន្ធប្រភេទ Artistic ចំនួន ១០នាក់ រួមជាមួយគ្រូជំនួយម្នាក់ ធ្វើដំណើរជាមួយក្រុមជម្រើសជាតិ ១១ប្រភេទកីឡាផ្សេងទៀត ទៅហ្វឹកហាត់នៅប្រទេសចិន កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដល់ក្រុមជម្រើសជាតិកម្ពុជា តាមរយៈរាជរដ្ឋាភិបាលកម្ពុជា។

មន្ដ្រីគ្រប់គ្រងបច្ចេកទេសរបស់សហព័ន្ធខាងលើ បានបញ្ជាក់ថា កាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៩ សហព័ន្ធក៏ធ្លាប់បានបញ្ជូនកីឡាករទៅហ្វឹកហាត់នៅចិនដែរ ប៉ុន្តែការបញ្ជូនមានការគាំទ្រលក្ខណៈផ្សេងពោលគឺផ្ទុយពីលើកនេះ ដែលបញ្ជូនទៅ ដោយមានកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាល ហើយក៏មានការគាំទ្រ និងជំរុញពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC, NOCC និងក្រសួងអប់រំ យុវជន និងកីឡា។

ជុំវិញការបញ្ជូនកីឡាករទៅហាត់ក្រៅប្រទេសនេះដែរ លោកបានលើកឡើងថា ៖«បើយើងនិយាយពីការចូលរួមហ្វឹកហាត់រយៈពេលវែងនៅចិនពេលនេះ ទោះបីយើងពិនិត្យឃើញថា រយៈពេលនេះ វាមិនបានពេញក្នុង១ឆ្នាំក៏ពិតមែន តែវាជាសក្ដានុពលមួយ សម្រាប់ជំរុញ និងបង្កើននូវលក្ខណៈបច្ចេកទេសបានច្រើន។ ជាក្ដីរំពឹងរបស់យើង ក្រុមកីឡាកាយសម្ព័ន្ធ Artistic នឹងធ្វើបានល្អប្រសើរ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣»។

យ៉ាងណាមិញ ប្រសិនក្រោយស៊ីហ្គេម ឆ្នាំ២០២៣ កីឡាករអាចត្រឡប់ទៅហ្វឹកហាត់នៅចិនវិញទៀតនោះ នឹងបង្កើនបច្ចេកទេសរបស់ពួកគេកាន់តែពេញលេញថែមទៀត។ លោកថា ៖«បើសិនក្នុងគម្រោងផែនការហ្វឹកហាត់បានរយៈពេល២ឆ្នាំមែន ខ្ញុំមានជំនឿមុតមាំ បន្ទាប់ពីស៊ីហ្គេមហើយបានត្រឡប់ទៅវិញ បើនិយាយពីលក្ខណៈបច្ចេកទេសយើងពេញលេញ រយៈពេល ២ឆ្នាំ គឺពេញលេញតែម្ដង។ តែបើរយៈពេលនេះ មើលទៅរាងខ្លីបន្ដិចក៏ពិតមែន តែវាជាចំណុចសំខាន់មួយ ដើម្បីយើងត្រៀមឆ្នាំ២០២៣»។

ទន្ទឹមជាមួយគ្នា ក្នុងនាមឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធ លោក ណយ ផាណា ក៏បានផ្ដាំផ្ញើដល់កីឡាកររបស់លោក ត្រូវយកចិត្តទុកដាក់ និងអត់ធ្មត់ឲ្យបានខ្ពស់ ដើម្បីក្រេបយកចំណេះដឹង បទពិសោធន៍ អ្វីដែលថ្មីៗ និងអ្វីដែលជាគោលដៅសម្រាប់ឆ្នាំ២០២៣ ឲ្យទទួលបានលទ្ធផលល្អសម្រាប់ប្រទេសជាតិទាំងអស់គ្នា។ លើសពីនេះ លោកក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ និងជំនួយឥតសំណងផ្នែកបច្ចេកទេសកីឡា ដល់ក្រុមជម្រើសជាតិកម្ពុជានេះផងដែរ៕

21/09/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org