កីឡាលើកទម្ងន់៖ ការហ្វឹកហាត់រយ:ពេលវែងនៅចិន នឹងឈានទៅដណ្តើមមេដាយលើសពីការរំពឹងទុក ពីស៊ីហ្គេម២០២៣

CAMSOC-ភ្នំពេញ៖ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានចាត់ទុកការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅចិនរយៈពេលវែង នឹងឈានទៅដណ្តើមមេដាយលើសពីការរំពឹងទុក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្តលើកដំបូង។ នេះជាការថ្លែងឲ្យដឹងបន្ទាប់ពីប្រតិភូ គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិកម្ពុជាសរុប ១៦១នាក់ លើ ១២ប្រភេទកីឡា បានចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

លោក សំ សុខយី បានលើកឡើងថា ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ដល់ក្រុមជម្រើសជាតិកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន អត្តពលិកជម្រើសជាតិទាំង១២ប្រភេទកីឡាបានទៅហ្វឹកហាត់ រយៈពេលវែង រហូតដល់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។ យ៉ាងណា ក្រោយបញ្ចប់បេសកកម្មសម្រាប់ស៊ីហ្គេម បើសិនគ្មានការប្រែប្រួលនោះទេ អត្តពលិកជម្រើសជាតិកម្ពុជានឹងត្រឡប់ទៅហាត់នៅចិនបន្ដទៀត រហូតចប់កិច្ចព្រមព្រៀងរយៈពេល២ឆ្នាំ។

លោក អគ្គលេខាធិការ សង្ឃឹមថា ការបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នេះ នឹងធ្វើឲ្យសិទ្ធផលឈានដល់កម្រិតស្តង់ដា ដែលអាចដណ្ដើមយកមេដាយបាន ដោយសារថា «កាលយើងទទួលបានគ្រូជំនាញចិន មកបង្វឹករយៈពេលមួយខែ ឃើញថា កីឡាករ កីឡាការិនីរបស់យើងមានសិទ្ធផលកើនឡើងគួរឲ្យកត់សម្គាល់។ ជាពិសេសការចូលរួមកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមថ្មីៗនេះ អត្តពលិកកម្ពុជា ឈ្នះបាន២ប្រទេស»។

លោក ជឿជាក់ថា ពេលត្រឡប់មកពីហ្វឹកហាត់រយៈពេលដល់ទៅ៦ខែ មិត្តចិននឹងធ្វើឲ្យកម្ពុជាភ្ញាក់ផ្អើល និងអាចនឹងមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការដណ្ដើមយកមេដាយមាស ហើយលើសពីការរំពឹងទុកក៏ថាបាន។ ក្រៅពីមេដាយមាស១គ្រឿងដែល Camsoc បានដាក់សន្ទស្សន៍ដល់សហព័ន្ធកីឡាលើកទម្ងន់ និងយោងតាមស្មារតី នៃការទទួលខុសត្រូវ ជាមួយផែនការយុទ្ធសាស្រ្តច្បាស់លាស់ របស់ឯកឧត្តម វ៉ាត់ ចំរើន ដែលជាប្រធានសហព័ន្ធ។

ក្នុងនាមជាម្ចាស់ផ្ទះ លោក បានប្រាប់ថា សហព័ន្ធក៏បានត្រៀមមន្រ្តីបច្ចេកទេស ចំនួន២០នាក់។ ចំពោះអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ កម្ពុជា មាន២នាក់ ដែលធ្លាប់បានចូលរួមស៊ីហ្គេម លើកទី៣១ នៅវៀតណាម ហើយសហព័ន្ធត្រូវការ៤នាក់បន្ថែមទៀត ដូច្នេះសហព័ន្ធគ្រោងបញ្ជូន៧នាក់ទៅចូលរួមវគ្គបណ្ដុះបណ្ដាលនៅប្រទេសថៃ ដើម្បីរៀនសូត្រដកស្រង់បទពិសោធន៍បន្ថែម និងចូលរួមកាត់សេចក្តី លើការប្រកួតនៅប្រទេសថៃ ក្រោមការសម្របសម្រួលពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ និងសហព័ន្ធកីឡាលើកទម្ងន់អាស៊ី ដើម្បីបង្គ្រប់៦នាក់ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

សម្រាប់កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានដាក់១៤វិញ្ញាសាគឺផ្នែកបុរសមាន៧វិញ្ញាសា និងផ្នែកនារីមាន៧វិញ្ញាសា។ បុរសមានវិញ្ញាសាទម្ងន់៥៥គីឡូក្រាម, ៦១, ៦៧, ៧៣, ៨១, ៨៩ និង៨៩គីឡូក្រាមបូក។ ចំណែក នារីមានវិញ្ញាសាទម្ងន់ ៤៥គីឡូក្រាម, ៤៩, ៥៥, ៥៩, ៦៤, ៧១ និង៧១គីឡូក្រាមបូក។

សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិ ឬ National Games លើកទី៣ នឹងត្រូវរៀបចំធ្វើឡើង នាចុងខែវិច្ឆិកាខាងមុខនេះ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា មាន៧រាជធានីខេត្ត-ក្រុងចូលរួម ប្រកួតលើវិញ្ញាសា៧ប្រភេទទម្ងន់ ផ្នែកបុរស/នារី៕

22/09/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org