ឯកឧត្តម អ៊ូ រតនា៖ ជើងឯកថ្នាក់ជាតិ និងកីឡាជាតិ មិនគ្រប់គ្រាន់សម្រាប់កីឡាករ កីឡាការិនី ដុសខាត់សមត្ថភាពនោះទេ

CAMSOC-ភ្នំពេញ៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ថា ការប្រកួតជើងឯកជាតិ និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នាពេលខាងមុខនេះ គឺមិនគ្រប់គ្រាន់សម្រាប់អត្តពលិក ដុសខាត់សមត្ថភាពនោះទេ។ នេះការបញ្ជាក់ក្រោយបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ កាលពីពេលថ្មីៗនេះ។

ដូច្នេះហើយឯកឧត្តមប្រធានសហព័ន្ធ បានធ្វើការស្នើសុំទៅបណ្ដាស្ថានីយទូរទស្សន៍ក្នុងស្រុក បង្កើតឲ្យមានសង្វៀនប្រកួតបន្ថែមឲ្យលើសពីរដងក្នុងមួយឆ្នាំ ដើម្បីអោយកីឡាករ កីឡាការិនី បង្កើនសិទ្ធផល បន្សាំខ្លួន ពង្រឹងសមត្ថភាពស្មារតី ជាពិសេសបច្ចេកទេស និងយុទ្ធសាស្រ្តលើវិញ្ញាសាប្រយុទ្ធ។ ឯកឧត្តម អ៊ូ រតនា បានបន្តថា ការប្រកួតកាន់តែច្រើននឹងធ្វើឲ្យកីឡាករ កីឡាការិនី មានភាពជឿជាក់ និងមានស្មារតីប្រយុទ្ធ កាន់តែល្អប្រសើរនៅលើទីលាន ត្រៀមធ្វើការប្រកួត នៅក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិនានា ជាពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះប្រកបដោយជោគជ័យ។

ប្រធានសហព័ន្ធរូបនេះ បន្ថែមថា រាល់ការប្រកួតនីមួយៗ គឺសហព័ន្ធតែងតែអោយមន្ត្រីបច្ចេកទេសមួយរូប ពិនិត្យមើលពីសិទ្ធផល កម្លាំងកាយ ការចេញស្នៀត ចេញក្បាច់ ហើយឲ្យកែឲ្យត្រូវទៅតាមអ្វីដែលបានហ្វឹកហាត់ ដើម្បីធានាឲ្យបានថា យើងនឹងទទួលបានលទ្ធផលល្អ ពីការប្រកួត។ ក្នុងនោះ សហព័ន្ធក៏បានត្រៀមដាក់មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ចៅក្រម ចូលរួមរៀបចំ និងកាត់សេចក្តីដូចគ្នា ដើម្បីអោយពួគគេ ទទួលបានបទពិសោធន៍ និងបន្សាំខ្លួន ជាពិសេសឯករាជលើការរៀបចំព្រឹត្តិការណ៍ប្រកួតដោយខ្លួនឯង អោយបានញឹកញាប់មុនស៊ីហ្គេម។

ជាមួយគ្នានេះ ឯកឧត្តម អ៊ូ រតនា ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់កីឡាករ កីឡាការិនីជម្រើសជាតិ រហូតទៅដល់ ៣៣នាក់ កំពុងហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ដោយក្នុងមួយវិញ្ញាសា មានកីឡាករ កីឡាការិនីពី ២ ទៅ ៣នាក់ ដើម្បីត្រៀមធ្វើការប្រកួតប្រជែងជើងឯកអាស៊ីអាគ្នេយ៍ នាខែមីនា ឆ្នាំ២០២៣ខាងមុខ។ នេះ គឺជាការឆ្លុះបញ្ចាំង និងពិនិត្យមើលពីសិទ្ធផល សមត្ថភាពចុងក្រោយ អោយបានល្អប្រសើរ ប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីធានាអោយបានថា កីឡាករ កីឡាការិនី មានលទ្ធភាពគ្រប់គ្រាន់ អាចដណ្តើមបានមេដាយ ៩គ្រឿង ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាប្រវត្តិសាស្រ្តដំបូង របស់ព្រះរាជាណាចក្រកម្ពុជា តាមសន្ទស្សន៍ដែល Camsoc ដាក់ជូន គឺមេដាយមាស ៩គ្រឿង។

សូមបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ នាខែមីនា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងអញ្ជើញបណ្ដាប្រទេសជាសមាជិកចូលរួមទាំងអស់ រួមមាន ឥណ្ឌូនេស៊ី វៀតណាម ថៃ មីយ៉ានម៉ា ឡាវ ហ្វីលីពីន និងសមាជិកថ្មីបន្ថែម ២ទៀត គឺម៉ាឡេស៊ី និងទីម័រ៕

23/09/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org