ស ធារ៉ា តស៊ូហាត់ណាស់ មុនពេលជាប់ជម្រើសជាតិហ្វឹកហាត់ត្រៀម ស៊ីហ្គេម ២០២៣

CAMSOC-ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សហព័ន្ធគុនខ្មែរ បានប្រកាសឈ្មោះកីឡាករជម្រើសជាតិកម្ពុជា សម្រាប់ការត្រៀមខ្លួន ប្រកួតព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងចំណោមកីឡាករទាំងអស់ ក៏មានវត្តមានយុវជនវ័យ១៤ឆ្នាំ ស ធារ៉ា ផងដែរ។

ក្មេងប្រុសកំព្រាឪពុក ម៉ាប់ ធារ៉ា ឬត្រូវបានគេស្គាល់លើសង្វៀនថា ស ធារ៉ា កើតថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៨ នៅខេត្តកំពង់ចាម។ យុវជនរូបនេះ ត្រូវបានឪពុកលាចាកលោកចោលតាំងពីដើរមិនទាន់ត្រង់ផ្លូវ ហើយត្រូវបានបង្ខំចិត្តផ្លាស់ទីលំនៅ មករស់ក្នុងភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល តាំងពីឆ្នាំ២០១៣។

កូនប្រុសពៅក្នុងគ្រួសារខាងលើ បច្ចុប្បន្នរស់នៅពីរនាក់បងស្រីអាយុ ១៦ឆ្នាំ ឈ្មោះ ម៉ាប់ ស្រីមួយ ខណៈដែលម្ដាយឈ្មោះ ផាត់ ចិន្តា បច្ចុប្បន្នកំពុងធ្វើការនៅភ្នំពេញ យូរៗទើបបានទៅលេងកូនទាំងពីរម្ដង។ លោក ស សី បានដើរតួជាឪពុកផង គ្រូផង ដើម្បីបណ្ដុះបណ្ដាលក្មេងនេះ ឲ្យចាប់ផ្ដើមហាត់ប្រដាល់កាលអាយុ១២ឆ្នាំ ពោលកាលនោះគឺហាត់នៅឆ្នាំ២០២០។ ពេលនោះ គេហាត់ហាលភ្លៀង ហាលខ្យល់ អស់រយៈពេលប្រហែល១ឆ្នាំ ធារ៉ា ក៏ចាប់ផ្ដើមអាចឡើងប្រកួតបាន រហូតមកដល់ឆ្នាំ២០២២ គេក៏ចាប់ផ្ដើមមានសមត្ថភាព អាចប្រកួតទល់កីឡាករថៃបាន ពិសេសកាលពីពេលថ្មីៗនេះ «ក្របីយន្ត» (រហស្សនាមរបស់ ស ធារ៉ា) បានចេញទៅវាយដល់ថៃផងដែរ។ ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាមនេះ នៅខ្មែរ ក្មេងប្រុសរូបនេះអាចចាត់ទុកថា ល្អស្ទើរតែរកគូវ៉ៃលែងមានហើយ។

និយាយពីការសិក្សាវិញ ក្មេងប្រុសអាយុ១៤ឆ្នាំរូបនេះ មិនបានចូលរៀនដូចក្មេងដទៃឡើយ ពោលគឺរៀនបានត្រឹមថ្នាក់ទី៧ ប៉ុណ្ណោះ។ នេះ ក៏ព្រោះតែម្ដាយមិនមានលទ្ធភាពឲ្យកូនបានរៀនសូត្រ ដូចក្មេងដទៃ។

ជុំវិញការតស៊ូរបស់ ធារ៉ា ត្រូវបានលោក ស សី បានទម្លាយថា ក្មេងនេះខុសពីក្មេងដទៃ ព្រោះគេមានការតាំងចិត្តហ្វឹកហាត់ខ្ពស់ណាស់ មិនដែលត្អូញត្អែរលំបាកអ្វីសោះឡើយ។ បើទោះពេលខ្លះ គ្មានអីហូបគ្រប់គ្រាន់ មានតែត្រីងៀតមួយដុំតូច ហូបពីរនាក់បងប្អូន ឬជាមួយមិត្តរួមអាជីព ក៏គេមិនដែលត្អូញប្រាប់អ្នកណានោះទេ។ រីឯជីវភាពវិញគឺកម្សត់លើសពីកម្សត់ ពោល ពេលខ្លះ ធារ៉ា ត្រូវដើរបេះកញ្ឆែតលក់ក៏មាន ដើម្បីបានលុយចាយខ្លះ នៅពេលគ្មានគូវ៉ៃលើសង្វៀន៕

23/09/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org