NOCC បរិច្ចាគថវិកាចំនួន៣ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌៩

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃសុក្រនេះ បានបរិច្ចាគទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារអាមេរិក ដល់មន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌ចំនួន ៩ ដើម្បីគាំទ្រ និងចូលរួមសកម្មភាពមនុស្សធម៌ ក៏ដូចជាជួយកាត់បន្ថយការលំបាកមួយចំនួនរបស់សង្គម និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា ថវិកា ៣ម៉ឺនដុល្លារនេះ បានមកពីការប្រមែប្រមូលក្នុងបរិបទកូវីដ-១៩ ពិសេសអ្នកចូលរួមរត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៦ នៅអង្គរវត្ត ខេត្តសៀមរាប កាលពីដើមឆ្នាំ២០២២ កន្លងទៅ ដែលត្រូវបែងចែកដល់អង្គការនានា ក្នុងនោះមានកាកបាទក្រហមកម្ពុជា ១ម៉ឺនដុល្លារ ដែល NOCC នឹងនាំយកទៅប្រគល់ជូនដល់ទីតាំងផ្ទាល់នាពេលក្រោយ។

ចំណែកអង្គការមនុស្សធម៌ ដែលទទួលបានផ្ទាល់នៅទីស្នាក់ការ NOCC កាលពីព្រឹកមិញ រួមមាន៖ មន្ទីរពេទ្យគន្ធបុប្ផា ៥,០០០ដុល្លារ, អង្គការ Cambodia Trust ២,៥០០ដុល្លារ, អង្គការ Handicap International ២,០០០ដុល្លារ, និងថវិកា ១០,៥០០ដុល្លារទៀត បានប្រគល់ជូនអង្គការបេះដូងមាស(Heart of Gold) ដែលទទួលបន្ទុកអង្គការពាក់ព័ន្ធចំនួន៥ មានអង្គការ Cambodia Disable Athletics Federation (CDAF), Support Disable Athletics, New Child Care Center (NCC), Physical Education Project និងអង្គការ Youth Development Project។

លោក សែម ផល្លា នាយកបច្ចេកទេសរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ បានបញ្ជាក់ថា ថវិកាទទួលបានពីការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៦ នៅខេត្តសៀមរាប លើកនេះ មានការថយចុះច្រើន បើធៀបនឹងលើកមុនៗ ដោយសារការរៀបចំក្នុងបរិបទកូវីដ-១៩។ ប៉ុន្ដែលោកមានជំនឿចិត្តថា សម្រាប់ការរៀបចំក្រោយៗ នឹងមានអ្នកចូលរួមកើនឡើងច្រើនឡើងវិញ ដើម្បីទទួលបាននូវថវិកាច្រើន សម្រាប់គាំទ្រដល់អង្គការដៃគូ ដែលជាអង្គការចូលរួមសកម្មភាពមនុស្សធម៌ និងការងារសង្គម។

ចំពោះទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៧ វិញ គឺគ្រោងនឹងរៀបចំនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ហើយក៏កំពុងទទួលបានការចុះឈ្មោះជាបណ្ដើរៗផងដែរ។ គណៈកម្មការរៀបចំ បានប្ដេជ្ញាសម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ នឹងរៀបចំឲ្យកាន់តែប្រសើរ និងធំជាងឆ្នាំកន្លងទៅ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្ដរជាតិចូលរួមឲ្យបានច្រើនកុះករ ដូចកាលមុនផ្ទុះជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC៕

23/09/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org