Day to PARA GAMES

sport-in-live
thumbnail

ឯកឧត្តម សៅ សុខា៖ បាល់ទាត់ បានត្រៀមស៊ីហ្គេមជាង ១០ឆ្នាំ តែអ្វីដែលខ្វះខាត គឺរង់ចាំតែចប់ ៩០នាទីប៉ុណ្ណោះ


Mar 11, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានគូសបញ្ជាក់ថា សហព័ន្ធ បានត្រៀមលក្ខណៈទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាង ១០ឆ្នាំមកហើយ ខណៈមកទល់ពេលនេះ គឺបានត្រៀមរួចរាល់ គ្មានអ្វីខ្វះខាតនោះទេ តែអ្វីដែលខ្វះខាត គឺរង់ចាំតែចប់ការប្រកួត ៩០នាទីប៉ុណ្ណោះ ថាក្រុមម្ចាស់ផ្ទះកម្ពុជា នឹងទទួលបានលទ្ធផលបែបណា?។

ការលើកឡើងនេះ ក្រោយបញ្ចប់មហាសន្និបាតលើកទី១៧ របស់សហព័ន្ធ កាលពីថ្ងៃទី១១ ខែមីនាម្សិលមិញ នៅសណ្ឋាគារហ្គាឌិនស៊ីធី ។ ឯកឧត្តម មានប្រសាសន៍ថា ការត្រៀមស៊ីហ្គេម មិនមែនទើបត្រៀមនោះទេ តែសហព័ន្ធបានត្រៀមតាំងពីឆ្នាំ២០១០ តាមរយៈការកសាង និងអភិវឌ្ឍន៍ ទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអនុវត្តរៀបចំការប្រកួតអន្ដរជាតិនានា ក្រោមពាក្យស្លោក «ទាំងអស់គ្នា ដើម្បីកម្ពុជា»។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ដោយសារមើលឃើញពីអំណោយផល ក្នុងនាមប្រទេសទើបទទួលបានសន្ដិភាពពេញលេញ នៅឆ្នាំ១៩៩៨ ក៏ដូចជាក្នុងនាមប្រទេសទើបមានការអភិវឌ្ឍ និងរីកចម្រើនផ្នែកកីឡាបាល់ទាត់ ទើបសហព័ន្ធ បានសម្រេចស្នើសុំគណៈកម្មការរៀបចំការប្រកួត កំណត់យកអាយុក្រោម ២២ឆ្នាំ សម្រាប់ដាក់ក្នុងកម្មវិធីប្រកួតបាល់ទាត់ផ្នែកបុរស នៃកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ។ 


ឯកឧត្តមបន្ដថា៖ «ពិតហើយថា ក្នុងពេលយើងខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍ បណ្ដាប្រទេសផ្សេងៗ ក៏គេមានការអភិវឌ្ឍដែរ ហើយគេមានធនធានច្រើនជាងកម្ពុជា គេមានសន្ដិភាពមុនកម្ពុជា។ នេះគឺជាការប្រកួតប្រជែងមួយ ដែលគេក៏រត់ យើងក៏រត់ តែគេរត់មុនយើងទៀត។ អ៊ីចឹងបញ្ហានេះ ខ្ញុំនិយាយនេះ មិនមែនខ្លាច ចំពោះការប្រកួតទេ ព្រោះកីឡាអត់មាននិយាយរឿងខ្លាចទេ ទាល់តែចប់ ៩០នាទី ទើបដឹងអ្នកឈ្នះ-ចាញ់»។

យ៉ាងណាក៏ដោយ ទាំងគ្រូ មន្ដ្រី និងកីឡាករ ពិសេសការប្ដេជ្ញាចិត្តរបស់សហព័ន្ធ តាមការប្រគល់ភារកិច្ចរបស់ NOCC ធ្វើយ៉ាងម៉េចឱ្យបាល់ទាត់នេះ ឆ្លងផុតវគ្គជម្រុះក្នុងពូល ដើម្បីឡើងមកលេង វគ្គ៤ក្រុម។ នេះគឺគោលដៅ ប៉ុន្ដែសហព័ន្ធ បានដាក់ចេញនូវគោលដៅ មិនមែនត្រឹមតែចាញ់តិចទេ គឺចង់ឈ្នះដណ្ដើមយកពានរង្វាន់(មេដាយ)តែម្ដង តែធ្វើបាន ឬមិនបាន គឺអាស្រ័យនៅលើការជាក់ស្ដែង។ ឯកឧត្តមប្រធានសហព័ន្ធបន្ថែម។


ប្រធានសហព័ន្ធដដែលបានសង្កត់ធ្ងន់ថា៖ «ដូច្នេះនៅពេលនេះ ការប្រកួតអត់ទាន់ចាប់ផ្ដើម យើងអត់ទាន់អាចនិយាយបានថា យើងខ្លាំងប៉ុនណាទេ។ តែការត្រៀមរៀបចំ គឺយើងបានត្រៀមរៀបចំគ្រប់បែបយ៉ាងទាំងអស់ គ្មានខ្វះអ្វីទេ សម្រាប់កីឡាបាល់ទាត់។ ខ្វះនោះ គឺរង់ចាំតែចប់ការប្រកួត ៩០នាទី តើលទ្ធផលយើងឈ្នះ ឬក៏យើងចាញ់តែប៉ុណ្ណោះ ។ រីឯការត្រៀមរៀបចំផ្សេងៗទៀត គឺសហព័ន្ធ អត់មានអ្វីខ្វះទៀតទេ»។


គួរបញ្ជាក់ថា សម្រាប់វិញ្ញាសាបាល់ទាត់ នឹងត្រូវចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែមេសាតទៅ ពោលគឺមុនពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕