Day to PARA GAMES

sport-in-live
thumbnail

ការលក់សិទ្ធិផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ស្ថិតក្នុងដំណើរផ្លូវជោគជ័យ ៥០ភាគរយ


Mar 15, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) កាលពីព្រឹកថ្ងៃទី១៦ ខែមីនានេះ បានរៀបចំសន្និសីទមួយ ស្តីពីសារព័ត៌មាន និងការផ្សព្វផ្សាយ ព្រឹត្តិការណ៍ទាំងពីរខាងលើ ដោយមានការចូលរួមពីប្រពន្ធផ្សព្វផ្សាយ សារព័ត៌មានជាតិ និងអន្តរជាតិ ជិត១០០នាក់។

សន្និសីទកាសែត ដែលធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ ជាថ្ងៃទី១ នៃកិច្ចដំណើរការកម្មវិធី ដោយមានការប្រកាសបើកកម្មវិធីដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ក៏ដូចជាការចូលរួមពីសំណាក់ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ផងដែរ។

ជាមួយគ្នានោះដែរ ការប្រកាសជាផ្លូវការពីដៃគូផ្សព្វផ្សាយនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក៏បានធ្វើឡើងនៅថ្ងៃនេះ ស្របពេលដែលសារព័ត៌មានទាំងអស់ នឹងទទួលបានការធ្វើបទបង្ហាញពីវឌ្ឍនភាព និងរបាយការណ៍អំពីការត្រៀមខ្លួនរៀបចំកីឡាស៊ីហ្គេម លើកទី៣២ និង បទបង្ហាញពីវឌ្ឍនភាព និងរបាយការណ៍អំពីការត្រៀមខ្លួនរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ គឺថ្ងៃពិសេស ដែលយើងបានជួបជុំគ្នា ហើយយើងសង្ឃឹមថា រយៈពេល ២ថ្ងៃនៃការរួមចំណែកជួបជុំគ្នាជាគ្រួសារសារព័ត៌មាន សម្រាប់ស៊ីហ្គេមនេះ គឺទោះបីគាត់មកពីណាក៏ដោយ គាត់ត្រូវជាគ្រួសាររបស់យើង អ៊ីចឹងយើងត្រូវតែរួមគ្នា ក្នុងការរៀបចំនេះឱ្យបានល្អ ផ្សព្វផ្សាយស៊ីហ្គេមឱ្យបានល្អ យើងលក់កម្ពុជាទៅពិភពលោក យើងឱ្យពិភពលោកសម្លឹងមកកម្ពុជាទាំងអស់គ្នា ក្នុងពេលស៊ីហ្គេម នៅកម្ពុជានេះ ឱ្យឃើញថា កម្ពុជាមានសក្ដានុពលវប្បធម៌ សក្ដានុពលទេសចរណ៍ សក្ដានុពលសេដ្ឋកិច្ច និងឱ្យឃើញថា ប្រជាជនកម្ពុជា ពិតជាប្រជាជន ដែលមានអរិយធម៌ខ្ពស់ ផ្ដល់នូវភាពកក់ក្ដៅដល់ភ្ញៀវ ដែលចូលរួមកីឡាស៊ីហ្គេម»។ 


ឯកឧត្តមបានបង្ហើបឱ្យដឹងផងដែរថា មកដល់ពេលនេះ ដំណើរការលក់សិទ្ធិផ្សាយបានឈានដល់សម្រេចបាន ៥០ភាគរយ ពោលគឺមានទូរទស្សន៍ក្រៅប្រទេសចំនួន ៤ហើយដែលបានទិញសិទ្ធិផ្សាយ រួមមានវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី បូករួមទាំងកម្ពុជា ដែលមានទូរទស្សន៍កីឡាកម្ពុជា (CSTV) ជាអ្នករក្សាសិទ្ធិផ្សាយ សហការជាមួយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។ 

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា៖ «មុននេះយើងឃើញហើយ យើងមានវៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ៤,៥ ទូរទស្សន៍ហើយ រួមទាំងកម្ពុជារបស់យើងមានទូរទស្សន៍កីឡាកម្ពុជា (CSTV) របស់យើង ក៏ជាអ្នកចែកផ្សាយធំមួយផងដែរ ដែលត្រូវទទួលសិទ្ធិរៀបចំការងារនេះ ហើយនឹងសហការជាមួយនឹងទូរទស្សន៍ជាតិកម្ពុជា របស់យើង។ ខាងក្នុងស្រុករបស់យើង គឺយើងអត់មានប៉ះពាល់ថវិកាអីទាំងអស់ គឺយើងផលិត ហើយរៀបចំផ្សាយដោយសេរី ដោយឥតគិតថ្លៃ យើងលក់សិទ្ធិតែទៅក្រៅប្រទេសទេ ដែលគាត់ទិញសិទ្ធិពីយើងទៅ បន្តទៅឱ្យប្រជាជនរបស់គាត់ទស្សនា»។


«យើងឃើញថា យើងបានឈានទៅដល់មួយជំហានអាចនិយាយបានថា ជិត៥០ភាគរយហើយក្នុងចំណោម ១០ប្រទេស ដែលមកទល់ពេលនេះ មិនទាន់ដល់ពេលប្រកួតផង តែការលក់សិទ្ធិរបស់យើងបាន ៥០ភាគរយរួចទៅហើយ អ៊ីចឹងបានន័យថា យើងមានការគាំទ្រ ៥០ភាគរយហើយ ដែលស្ថិតក្នុងដំណើរវិជ្ជមាននេះ ឆ្ពោះទៅរកជោគជ័យសម្រាប់យើងដល់ប្រទេសផ្សេងៗទៀត។ យើងមិនសង្ឃឹមថា ប្រទេសតូចៗខ្លះគាត់នឹងទិញនោះទេ ប៉ុន្តែទោះបីជាប្រទេសតូចៗដែលមិនបានទិញសិទ្ធិក៏ដោយ បើគាត់សំណូមពរអ្វីយើងនឹងបញ្ជូនឱ្យគាត់ផងដែរ យើងនឹងធ្វើឱ្យមានភាពកក់ក្ដៅ និងស្មើភាពគ្នា មិនឱ្យមានអ្នកណាមួយមានបញ្ហាទៅលើការផ្សព្វផ្សាយនេះទេ។ 

ឯកឧត្តមអគ្គលេខាធិការ CAMSOC រូបនេះ បានបញ្ជាក់បន្ថែមថា៖ «អ៊ីចឹងយើងអាចវាយតម្លៃបានថា បន្ទាប់ពីយើងធ្វើសន្និសីទសារព័ត៌មានជាតិ និងអន្តរជាតិនៅពេលនេះហើយ គឺយើងនឹងទទួលបាននូវការចូលរួមការទិញសិទ្ធិ ឬក៏ការចូលរួមក្នុងការផ្សព្វផ្សាយពីស៊ីហ្គេមកម្ពុជា កាន់តែផុសផុល និងសម្រេចបាននូវគោលដៅ ១០០ភាគរយ»។ ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាដល់បណ្ដាញសារព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយពីកម្ពុជា ពីគ្រប់ទិដ្ឋភាពនៃសក្ដានុពលរបស់កម្ពុជា ហើយជួយផ្សព្វផ្សាយពីភាពវិជ្ជមាន ការអប់រំ ទេសចរណ៍ ពីភាពរម្យទម និងទឹកចិត្តដ៏ល្អរបស់កម្ពុជា ដែលប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់។


សម្រាប់សកម្មភាពសន្និសីទកាសែតជាតិ និងអន្តរជាតិ ថ្ងៃទី១ បានបញ្ចប់ដោយជោគជ័យ ហើយសម្រាប់ថ្ងៃទី១៧ ខែមីនាស្អែកនេះ គឺសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកទាំងអស់ ត្រូវធ្វើដំណើរទស្សនកិច្ចតាមបណ្ដាទីលានប្រកួតនានា ដូចជានៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ រួមទាំងទីលានសំខាន់ៗក្នុងរាជធានីភ្នំពេញផ្សេងៗទៀតផងដែរ៕