ភ្នំពេញ៖ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅថ្ងៃទី០៧ ខែកញ្ញានេះ ដោយមានការចូលរួមពីឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា និងមន្ដ្រីជំនាញពាក់ព័ន្ធជាច្រើនផងដែរ ។
ឯកឧត្តមវ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានថ្លែងថា៖ នេះគឺជាការជួបជុំដំបូង ដើម្បីស្គាល់គ្នាផង និងពិនិត្យការងារមួយចំនួន ពិសេសការងារបន្ទាន់ ក្រោយទទួលបានការណែនាំពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបានជ្រូតជ្រាប និងរៀបចំនូវយុទ្ធសាស្ដ្រកែទម្រង់ និងអភិវឌ្ឍន៍ការងារអប់រំកាយ និងកីឡា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិថ្មី ។
បន្ថែមលើនេះ ឯកឧត្តមបានផ្ដល់នូវខ្លឹមសារសំខាន់ៗមួយចំនួន ដើម្បីជំរុញដល់ការអនុវត្តការងារ រួមមាន៖
«យោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណ ដែលក្នុងនោះមានការណែនាំ និងបញ្ជាក់ច្បាស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅ ច្បាស់លាស់៖
ទី១-រឿងអភិបាលកិច្ចល្អ ដែលឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដាក់ចេញនូវយុទ្ធសាស្ដ្រ និងចំណុចកែទម្រង់ច្បាស់លាស់ ទាំងសាលារៀន ការអប់រំ យុវជន និងកីឡា ។ ក្នុងកីឡា យើងត្រូវគោរពគោលការណ៍នេះ ដើម្បីមានតម្លាភាព គណនីភាព មានសង្គតិភាព ហើយចេញជាលទ្ធផល សូចនាករច្បាស់លាស់ ដើម្បីបង្កើននូវសុខដុមនីយកម្មការងារ នៅក្នុងអគ្គនាយកដ្ឋាន និងនាយកដ្ឋានទទួលបន្ទុករបស់យើង ។
ទី២-ការអភិវឌ្ឍន៍ធនធានមនុស្សបន្ថែម ។ ធនធានមនុស្សសំខាន់ គឺជំនាញ ដែលរាជរដ្ឋាភិបាលបានដាក់ថា “មូលធនមនុស្ស” ។ មូលធនមនុស្សរបស់រាជរដ្ឋាភិបាល ក៏មានការរួមចំណែកនៅក្នុងមូលធនមនុស្ស នៃវិស័យអប់រំកាយ និងកីឡាដែរ ។ ដូច្នេះវិស័យអប់រំកាយ និងកីឡា ត្រូវតែផ្ដោតទៅលើភាពខ្វះ ឬលើស ដែលឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ដ្រី ជំរុញឲ្យពិនិត្យ និងប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានមនុស្សដែលមាន» ។
មួយវិញទៀត គឺការដើរទៅរកកំណែទម្រង់ស៊ីជម្រៅមួយ ដើម្បីស្វែងរកឧត្តមភាពកីឡា និងថែរក្សាឧត្តមភាពកីឡានេះ តាមរយៈការត្រួតពិនិត្យឡើងវិញ គ្រប់នាយកដ្ឋានទាំងអស់ តើត្រូវដើរនូវយុទ្ធសាស្ដ្រណា? ដូច្នេះយុទ្ធសាស្ដ្រដែលត្រូវដើរ គឺការអភិវឌ្ឍជំនាញ និងកែសម្រួលជំនាញទាំងអស់ នៅក្នុងនាយកដ្ឋាន ដោយការធ្វើបច្ចុប្បន្នភាព និងស្វែងរកការគាំទ្រ ។ កិច្ចការនេះ ត្រូវធ្វើជាជំហានៗ ដើម្បីធ្វើកំណែទម្រង់ ប្រកបដោយលទ្ធផលច្បាស់លាស់ ។
«ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចង់ឃើញ លទ្ធផលជាក់ស្ដែង នៅក្នុងការកែទម្រង់ ។ អ៊ីចឹង យើងនឹងធ្វើឲ្យចេញលទ្ធផលជាក់ស្ដែង ក្នុងការកែទម្រង់នេះឲ្យមានរបៀបរបបធ្វើការត្រឹមត្រូវ មានការគោរពឋានានុក្រមល្អ មានតម្លាភាពក្នុងយន្ដការការងារទាំងអស់គ្នា ចែករំលែកចំណេះដឹង និងជំនាញ ដែលបានសិក្សារៀនសូត្រ ដើម្បីកសាងនូវវិស័យអប់រំកាយ និងកីឡា ឲ្យទៅជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិរបស់យើង ជាមួយរាជរដ្ឋាភិបាល» ៕ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម ៕
U-22 កម្ពុជា ចេញបញ្ជីឈ្មោះកីឡាករ ៣០នាក់ បោះជំរំហ្វឹកហាត់ត្រៀមស៊ីហ្គេម ២០២៣
បណ្ដាលប្រទេសក្នុងអាស៊ាន កោតសសើរកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាននៅប្រទេសថៃ
ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run គឺជាការចូលរួមលើកកម្ពស់និងការយល់ដឹងដល់ស្ត្រី ដែលមានជំងឺមហារីកសុដន់
ឯកឧត្តមវ៉ាត់ ចំរើន តំណាងរដ្ឋន្ត្រីក្រសួងអប់រំយុវជ និង កីឡា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន