sport-in-live
thumbnail

សិក្ខាសាលាថ្នាក់ជាតិស្ដីពី «ការត្រៀមរៀបចំកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម» រំពឹងទទួលបានប្រសិទ្ធភាពការងារខ្ពស់


Mar 17, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី «ការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣» នៅទីស្នាក់ការក្រសួងការពារជាតិ។

សិក្ខាសាលានេះធ្វើឡើង ក្រោមអធីបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC តំណាងទូតនៃប្រទេសអាស៊ីអាគ្នេយ៍ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងអ្នកពាក់ព័ន្ធជាច្រើនរូប។

គោលបំណងនៃសិក្ខាសាលាថ្នាក់ជាតិនេះ គឺដើម្បីផ្សព្វផ្សាយ និងផ្ដល់ព័ត៌មានដល់ភាគីទាំងអស់ឱ្យយល់ច្បាស់ពីខ្លឹមសារសំខាន់ដូចជា ទិដ្ឋភាពរួមនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ការរៀបចំទីកន្លែងប្រកួត ការកំណត់ប័ណ្ណសម្គាល់ ការស្នាក់នៅ អាហារ ការដឹកជញ្ជូន បដិសណ្ឋារកិច្ច សន្តិសុខ សុខាភិបាល និងការងារពាក់ព័ន្ធដទៃទៀត។

ក្នុងឱកាសនៃការប្រកាសបើកសិក្ខាសាលា សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដែលបានឆ្លៀតឱកាសដ៏មមាញឹកចូលរួម។ សម្ដេចពិជ័យសេនា ជឿជាក់ថា សិក្ខាសាលានេះនឹងជួយសម្រួលដល់គណៈកម្មការជំនាញ អគ្គលេខាធិការដ្ឋាន លេខាធិការដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ដែលជាសេនាធិការជូនគណៈកម្មាធិការជាតិ CAMSOC- CAMAPGOC អនុវត្តការងារប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព គណនេយ្យភាព ដើម្បីរួមគ្នាឱ្យអស់លទ្ធភាពនាំមកនូវភាពជោគជ័យជាប្រវត្តិសាស្ត្រជូនជាតិ។


នេះជាលើកទីមួយ ដែលគ្រប់ភាគីពាក់ព័ន្ធនៃក្រុមការងារប្រតិបត្តិការបានមកជួបជុំគ្នា ក្នុងនោះរួមមាន គណៈកម្មការជំនាញ CAMSOC ក្រុមហ៊ុនឧបត្ថម្ភ អ្នកស្ម័គ្រចិត្ត អ្នកបម្រើជាការងារមគ្គុទេសក៍ (L.O) មានវត្តមាននៅទីនេះ ដើម្បីទទួលបានព័ត៌មានសំខាន់ៗ ព័ត៌មានជាក់លាក់។ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានផ្ដល់ជាអនុសាសន៍សំខាន់ៗចំនួន ៦៖

១. ក្ដាប់ព័ត៌មាន និងយល់ច្បាស់ពីកម្មវិធីនីមួយៗ ទីតាំងប្រារព្ធពិធី ដំណើរការកម្មវិធី និងខ្លឹមសារកម្មវិធីនីមួយៗឱ្យបានជាក់លាក់។

២. ប្រើប្រាស់យន្ដការទំនាក់ទំនងជាស្មារតីគ្រួសារស៊ីហ្គេម។ ការយោគយល់គ្នា ការឈឺឆ្អាលការងារគ្នា និងការរួមសាមគ្គីគ្នាធ្វើជាការជាក្រុម ដើម្បីបង្កើតសុខុដុមនីយកម្មការងារ ឆ្ពោះទៅរកប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

៣. ជៀសវាងដាច់ខាតការបង្កជម្លោះ បង្កើតបញ្ហា ប្រឌិតបញ្ហា និងឈ្លោះប្រកែកគ្នា ធ្វើឱ្យអាប់អួរបរិយាកាសការងារ បាត់បង់ទំនាក់ទំនងល្អ និងប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រពៃណីជាតិ។

៤. សូមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ “Games Stake Holders” នៅទីនេះមានការលះបង់កម្លាំងកាយចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួនមួយចំនួន ដើម្បីជាតិ ដើម្បីផ្ដោតស្មារតីអត់ធ្មត់ព្យាយាម និងខិតខំបំពេញការងារឱ្យទទួលបានជោគជ័យទាំងអស់គ្នា។

៥. ប្អូនៗ ក្មួយៗ អ្នកស្ម័គ្រចិត្ត ដែលជាចលករមិនអាចខ្វះបានក្នុងព្រឹត្តិការណ៍នេះ ដែល CAMSOC- CAMAPGOC បានចាត់ទុកថា ប្អូនៗ ក្មួយៗ ជាកម្លាំងការងារមុតស្រួចពិសេស និងសំខាន់ក្នុងដំណើរការបម្រើសេវាជូនភ្ញៀវជាតិ អន្តរជាតិ គឺជាអ្នកជួរមុខក្នុងការប្រតិបត្តិបដិសណ្ឋារកិច្ចភ្ញៀវ។ សូមប្អូនៗ ក្មួយៗ ផ្ដល់ស្នាមញញឹម រួសរាយរាក់ទាក់សម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្ដៅបំផុត ស័ក្ដិសមជាប្រជាជនមួយមានអរិយធម៌ខ្ពង់ខ្ពស់ រុងរឿង និងស៊ីវិល័យជឿនលឿន ដែលនឹងផ្ដល់គុណតម្លៃជាតិដល់ព្រឹត្តិការណ៍ទាំងពីរ។

៦. សូមអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស និងបណ្ដាញព័ត៌មានជាតិ អន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ ជួយផ្សព្វផ្សាយឱ្យបានផុសផុល និងនាំនូវអ្វីៗ “ដែលកម្ពុជាត្រៀមខ្លួនរួចរាល់” ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ខាងមុខ។

ចុងក្រោយសម្តេចពិជ័យសេនា ទៀ បាញ់ បានជូនពរឱ្យសិក្ខាសាលានេះក្លាយជាវេទិកាស្នូលមួយជំរុញទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យកាន់តែយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជោគជ័យត្រចះត្រចង់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕