CAMSOC-ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនារយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាជិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC) បានលើកទឹកចិត្ត និងណែនាំឱ្យគ្រប់កងកម្លាំងទាំងអស់ ត្រូវអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើជាគំរូល្អ ក្នុងការរក្សាការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីឱ្យស្របតាមអភិក្រម «សុវត្ថិភាពរបស់អ្នក គឺជាកាតព្វកិច្ចរបស់ខ្ញុំ»។
ការលើកឡើងបែបនេះរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ត្រូវបានធ្វើ នៅពហុកីឡដ្ឋានមរតកតេជោ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងពេលដែលគណៈកម្មាធិការជាតិ CAMSOC ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ទាល់ បានរៀបចំពិធីត្រួតពិនិត្យ និងសំណេះសំណាលកងកម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
សម្រាប់ពិធីនេះ មានការចូលរួមពីកងកម្លាំងចំនួន៤៧៤៣នាក់ រួមមាននគរបាល, កងរាជអាវុធហត្ថ, បញ្ជាការដ្ឋានអង្គរក្ស, កងទ័ព, ក្រសួងសុខាភិបាល, អគ្គិសនីកម្ពុជា ចំណែកមធ្យោបាយ ឧបករណ៍សម្ភារគ្រប់ប្រភេទ រួមមានម៉ូតូចំនួន ១៦៣គ្រឿង, រថយន្តចំនួន ២៤៤គ្រឿង, រថយន្តធុនស្រាលចំនួន១៧៧គ្រឿង, រថយន្តធុនធ្ងន់ចំនួន ៥៩គ្រឿង និងរថយន្តសុវត្ថិភាពចំនួន៨គ្រឿង។
សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ក្នុងពិធីនេះថា គណៈកម្មាធិការជាតិ CAMSOC ចង់បង្ហាញ និងផ្សព្វផ្សាយឱ្យមតិសាធារណជាតិ និងអន្តរជាតិបានជ្រាបថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) តាមរយៈការត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍សម្ភារគ្រប់ប្រភេទ សម្រាប់ធានានូវ សុខសុវត្ថិភាព និងភាពកក់ក្ដៅ ជូនដល់ប្រតិភូកីឡា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំង១១ប្រទេស មន្ដ្រី កីឡាអន្តរជាតិមកពីជុំវិញពិភពលោក ថ្នាក់ដឹកនាំចលនាអូឡាំពិកពិភពលោក និងអ្នកគាំទ្រទេសចរណ៍ រាប់ម៉ឺននាក់ មកចូលរួមនៅកម្ពុជា ដែលកំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យឥតឈប់ឈរ។
ទន្ទឹមនឹងនេះ សម្ដេចពិជ័យសេនា បានបញ្ជាក់ថា៖ «ក្នុងនាមថ្នាក់ដឹកនាំ CAMSOC គណៈកម្មការជំនាញពាក់ព័ន្ធ សូមប្តេជ្ញាចិត្តគោរពយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍ កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីជួបជុំលើកទី៥ ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាពេលថ្មីៗនេះ»។
ក្នុងន័យ ដើម្បីធានាអនុវត្តភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យមានប្រសិទ្ធភាព តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់ការណែនាំមួយចំនួន ដូចខាងក្រោម៖
១.គណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ សហការជាមួយគណៈកម្មការជំនាញពាក់ព័ន្ធនៃ CAMSOC ធ្វើបច្ចុប្បន្នភាពផែនការការពារជាប្រចាំ និងត្រូវដាក់ចេញនូវវិធានការជាក់ស្តែង ដើម្បីពង្រឹងសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ឱ្យមានប្រសិទ្ធភាព សម្រាប់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023។ ជាមួយគ្នានេះ ខិតខំប្រមូលព័ត៌មាន និងធ្វើការវិភាគវាយតម្លៃ ស្ថានការណ៍សន្តិសុខរួមនៅកម្ពុជា សភាពការណ៍តំបន់ និងសកលលោក ដើម្បីកំណត់វិធានការគន្លឹះ បម្រើឱ្យសកម្មភាពអនុវត្តជាក់ស្ដែងបានទាន់ពេលវេលា។
២.ធ្វើការហ្វឹកហ្វឺនបំប៉នជំនាញបន្ថែមដល់កងកម្លាំងសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលមានសមត្ថភាព និងបទពិសោធន៍ការពារព្រឹត្តិការណ៍ធំៗជាលក្ខណៈជាតិ និងអន្តរជាតិ នាពេលកន្លងមក ដើម្បីឱ្យស្របទៅនឹងស្ថានភាពជាក់ស្ដែង។ ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដើម្បីកៀរគរស្វែងរកការគាំទ្រជាមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស និងផ្លាស់ប្តូរបទពិសោធន៍, ពង្រឹងយន្តការទំនាក់ទំនងព័ត៌មានសន្តិសុខ, ធ្វើការវិភាគវាយតម្លៃ និងចាត់វិធានការបានទាន់ពេលវេលា សម្រាប់បម្រើឱ្យព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023។
៣.ធ្វើការផ្សព្វផ្សាយដល់កងកម្លាំងជំនាញគ្រប់ប្រភេទ សំដៅលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹង និងគ្រប់គ្រងស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាព ធានាបរិយាកាសសន្តិសុខរួម និងគាំទ្រដល់ព្រឹត្តិការណ៍នៃការប្រកួតកីឡា SEA Games-ASEAN Para Games 2023។
៤.ផ្សព្វផ្សាយផែនការពាក់ព័ន្ធដល់គ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ពិសេស រាជធានី-ខេត្ត រៀបចំព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 សំដៅលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការដឹកនាំកម្លាំងធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គាំទ្រសុវត្ថិភាពព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games 2023 តាមផែនការរបស់គណៈកម្មាធិការជាតិ CAMSOC បានកំណត់។
៥.កម្លាំងការពារទាំងអស់ ត្រូវអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើជាគំរូល្អនៅ គ្រប់ទិដ្ឋភាព គ្រប់កាយវិការ គ្រប់ពេលវេលា គ្រប់ទីកន្លែង និងផ្ដល់ស្នាមញញឹមរួសរាយរាក់ទាក់ តាមអភិក្រម «សុវត្ថិភាពរបស់អ្នក គឺជាកាតព្វកិច្ចរបស់ខ្ញុំ»។ ជួយផ្សព្វផ្សាយលើកទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋចូលរួមគាំទ្រ និងស្នេហាវិស័យកីឡា ក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” “ប្រជាជនម្នាក់លេងកីឡាមួយមុខ" "កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍” និង “កម្ពុជាស្អាត”។
៦.ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ និងឯកឧត្តមបណ្ឌិត ឈន សុភាព ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ផ្តល់កិច្ចសម្របសម្រួល និងឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារជូនគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ តាមសំណូមពរដែលបានលើកឡើងតាមផែនការគម្រោងថវិការបស់គណៈកម្មាធិការជាតិ CAMSOC។
ជាចុងក្រោយ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ បញ្ជាការដ្ឋានអង្គរក្ស និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ដឹកនាំ បញ្ជាកម្លាំងឈរលើគោលដៅតែមួយ គឺថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាមិត្ត អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា»៕
‘Monumental achievement’ for CFC as cricket included in 2023 SEA Games
National mountain bike athletes lauded at Siem Reap Wurkz MTB Series 2022 Round 3 event
CAMSOC plans 100-day countdown toward historic SEA Games and ASEAN Para Games
Pre-SEA Games: Cambodia to organize Southeast Asian Kun Khmer Championship