CAMSOC-ភ្នំពេញ៖ ក្រុមប្រតិភូកីឡាករជម្រើសជាតិប៊ីយ៉ាកម្ពុជាចំនួន៦នាក់បានធ្វើដំណើរទៅចូលរួមប្រកួតកីឡាប៊ីយ៉ាពិភពលោក (World Chinese 8Ball) នៅទីក្រុងយូហាន ខេត្តជាំងស៊ី សាធារណរដ្ឋប្រជានិតចិន កាលពីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។
ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា ទទួលបន្ទុកប្រតិភូដឹកនាំបានគូសបញ្ជាក់ថា នេះជាការប្រកួតប្រភេទកីឡាប៊ីយ៉ាថ្នាក់ពិភពលោក លើវិញ្ញាសា 8Ball ដែលប្រទេសចិនជាម្ចាស់ផ្ទះ និងជាអ្នកបង្កើតវិញ្ញាសាមួយនេះឡើយពីថ្ងៃទី១០ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។ ចំពោះសមាសភាពកីឡាករជម្រើសជាតិ៥នាក់ គឺមានកីឡាករ ម៉ែន សុផានិត, សោម សំណាង, ដួង ប៊ុនធឿន, សៀង កូស៊ីន និងកីឡាករ លន់ សៅជេត្តភាម ដែលកីឡាករកម្ពុជាទាំងនេះសុទ្ធសឹងតែសម្រិតសម្រាំងចេញពីជើងខ្លាំងធ្លាប់ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក្នុងនោះក៏មានម្ចាស់មេដាយមាសស៊ីហ្គេមផងដែរ។
លោកអគ្គលេខាធិការបន្ថែមថា ការប្រកួតនៅក្នុងខែតុលានេះ គឺជាការប្រកួតជម្រុះដ៏ធំមួយ ដែលមានកីឡាករមកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ដោយមានចំនួនកីឡាករមិនក្រោម ៥០០នាក់នោះទេ ដើម្បីស្វែងរកម្ចាស់ជ័យលាភីប្រចាំព្រឹត្តិការណ៍ក្នុងខែតុលានេះផង ហើយក៏នឹងជ្រើសរើសបេក្ខភាពតាមចំនួនកំណត់សម្រាប់ការប្រកួតជុំផ្តាច់ព័ត្រ នៅប្រទេសចិនដដែល នាខែធ្នូ ឆ្នាំ២០២៣ខាងមុខ។
លោក ម៉ារ៉ា សុជាតិ បានសង្កត់ធ្ងន់ថា «ជាមួយនឹងការខិតខំហ្វឹកហាត់ ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ពិភពលោកនេះ លោកក៏បានដាក់ក្តីសង្ឃឹមថា កីឡាករកម្ពុជានឹងធ្វើបានល្អ និងអាចស្វែងរកលទ្ធផលដ៏គាប់ប្រសើរណាមួយយកមកជូនជាតិផងដែរ។ តាមព័ត៌មានដែលទទួលបានពីសហព័ន្ធកីឡាអាស៊ីថា វិញ្ញាសា8Ballនេះក៏នឹងត្រូវដាក់បញ្ជូលក្នុងស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃផងដែរ។ ដូច្នេះការចូលរួមប្រកួតកម្រិតពិភពលោក ប្រទេសចិនលើកនេះ ក៏ជាការសម្រួចគុណភាពបច្ចេកទេសឆ្ពោះទៅស៊ីហ្គេម ២០២៥ ខាងមុខ របស់ប្រទេសកម្ពុជា ស្របពេលដែលឆន្ទៈ ទឹកចិត្តដ៏មោះមុតរបស់កីឡាករយើងក៏កំពុងប្រឹងប្រែងដើម្បីជាតមាតុភូមិផដែរ»។
បន្ថែមពីលើនេះ លោក ម៉ារ៉ា សុជាតិ បានបង្ហាញការពិតថា បច្ចុប្បន្ន សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជាមិនទាន់ទទួលបានការឧបត្ថម្ភគាំទ្រពីខាងណានោះទេ ដោយរាល់ការប្រកួតអន្តរជាតិនានា រាប់ទាំងការប្រកួតអន្តរជាតិ នៅចិន នាពេលនេះត្រូវរ៉ាប់រងថ្លៃសំបុត្រយន្តហោះ និងការចាយវាយផ្សេៗលើការស្នាក់នៅ ហូបចុក ដោយសហព័ន្ធផ្ទាល់ខ្លួនទាំងអស់។
«ក្នុងនាមសហព័ន្ធ ខ្ញុំសូមសំណូមពរដល់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជួយឧបត្ថម្ភគាំទ្រដល់សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា ដែលត្រូវចេញទៅចូលរួមការប្រកួតអន្តរជាតិកន្លងមកយ៉ាងច្រើន ប៉ុន្តែសហព័ន្ធទទួលបន្ទុកចំណាយដោយខ្លួនឯងប៉ុណ្ណោះ។ កន្លងមកក៏មានការជួយឧបត្ថម្ភមួយចំនួនតូចដែរ ប៉ុន្តែគឺទទួលបានពីក្រុមហ៊ុនឯកជនជាដៃគូប៉ុណ្ណោះ។ យើងសង្ឃឹមថា ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធនឹងមើលឃើញពីសមិទ្ធផលរបស់សហព័ន្ធ និងជួយឧបត្ថម្ភគាំទ្រ តាមតម្រូវការចាំបាច់។ ក្រៅពីប្រាក់រង្វាន់សម្រាប់កីឡាករ កីឡាការិនីជ័យលាភី គឺសហព័ន្ធមិនទាន់ទទួលបានការឧបត្ថម្ភថវិកាពីស្ថាប័នណាមួយនៅឡើយ»។
ក្រោយបញ្ចប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជាទើបទទួលបានកញ្ចប់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២៣ (ពាក់កណ្តាល) ពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់បម្រើដល់ការប្រកួតជើងឯកថ្នាក់ជាតិ វគ្គបណ្តុះបណ្តាល និងរដ្ឋបាល។ លើកលែងតែ ក្នុងអំឡុងពេលទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ គណៈកម្មាធិការជាតិ CAMSOC បានជួយឧបត្ថម្ភគាំទ្រ ជាប្រាក់បៀវត្ត សម្រាប់ក្រុមជម្រើសជាតិ ហើយផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ម្ចាស់មេដាយ។ លោកអគ្គលេខាធិការបានគូសបញ្ជាក់បន្ថែម៕
វគ្គបណ្តុះបណ្តាលកីឡាឃីកបុកស៊ីងជំរុញដល់ការអភិវឌ្ឍបន្ថែម ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩
ក្រុមជម្រើសជាតិប៊ីយ៉ាកម្ពុជាចេញទៅប្រកួតជុំផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាភូលជើងឯកពិភពលោក នៅប្រទេសចិន
U-22 កម្ពុជា ចេញបញ្ជីឈ្មោះកីឡាករ ៣០នាក់ បោះជំរំហ្វឹកហាត់ត្រៀមស៊ីហ្គេម ២០២៣
បណ្ដាលប្រទេសក្នុងអាស៊ាន កោតសសើរកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាននៅប្រទេសថៃ