Day to PARA GAMES

sport-in-live
thumbnail

សន្ដិសុខ សណ្ដាប់ធ្នាប់ និងសេវាសុខាភិបាលល្អ នឹងជំរុញការទទួលបដិសណ្ឋារកិច្ចស៊ីហ្គេម


Mar 16, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ ការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងការផ្ដល់នូវសេវាសុខាភិបាល គឺជាផ្នែកមួយដ៏សំខាន់ ដែលត្រូវបានយកចិត្តទុកដាក់ ដើម្បីជំរុញការទទួលបដិសណ្ឋារកិច្ចប្រតិភូកីឡា មកប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ប្រកបដោយភាពកក់ក្ដៅ និងជោគជ័យ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ។

ការលើកឡើងនេះ ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលផ្ដោតលើប្រធានបទសំខាន់ៗ ពាក់ព័ន្ធការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់ ដែលចូលរួមធ្វើបទបង្ហាញដោយឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន និងការងារសុខាភិបាល ធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ដ្រ និងដូភីង។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា៖ «យើងរួមគ្នា ទាំងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុខាភិបាល រៀបចំផែនការលម្អិតក្នុងការថែរក្សាសន្ដិសុខ សុវត្ថិភាព ការសង្គ្រោះបឋម ក៏ដូចជាព្យាបាលដល់ប្រតិភូ និងកីឡាករ កីឡាការិនី ដែលចូលរួមស៊ីហ្គេម ខ្ទង់ ១ម៉ឺននាក់។ ការងារលម្អិតនេះ បានធ្វើឱ្យប្រសិទ្ធភាពការងារ នៃការទទួលបដិសណ្ឋារកិច្ច ប្រតិភូ និងអត្តពលិកទាំងអស់ មានភាពកក់ក្ដៅ ហើយឯកឧត្តមរដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការជំនាញនេះផងដែរ»។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានបន្ដថា ជារួមគណៈកម្មការជំនាញនីមួយៗ ពុំមានការងារអ្វីសេសសល់នោះទេ តែការពង្រឹងស្មារតីទទួលខុសត្រូវនេះ ត្រូវបានចាប់អារម្មណ៍ យកចិត្តទុកដាក់ និងយកទៅអនុវត្តឱ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់។ អ្វីដែលជាការទទួលខុសត្រូវរួមនោះ គឺការធ្វើឱ្យមានភាពកក់ក្ដៅ និងសុវត្ថិភាព ចំពោះប្រតិភូកីឡាទាំងអស់ ដែលមកចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូង នៅកម្ពុជា ៕