Day to PARA GAMES
CAMSOC-ភ្នំពេញ៖ ប្រតិភូ គ្រូបង្វឹក អត្តពលិក លើប្រភេទកីឡាទ្រីយ៉ាត្លុង ច្រើនជាង១០០នាក់ មកពី៧ប្រទេស រួមទាំងម្ចាស់ផ្ទះកម្ពុជា បានចុះឈ្មោះចូលរួមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលគ្រោងនឹងដំណើរការជាផ្លូវការពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣។
លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ គឺមានប្រតិភូ គ្រូបង្វឹក អត្តពលិក សរុប ១១៧នាក់ ក្នុងនោះមានគ្រូបង្វឹក ២២នាក់ ប្រតិភូ ៧នាក់ និងកីឡាករ កីឡាការិនី ៨៨នាក់ មកពី៧ប្រទេស រួមមាន៖ ម្ចាស់ផ្ទះ កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីន។
ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតជាផ្លូវការ មានចំនួន ៧ រួមមាន៖ វិញ្ញាសាទ្រីយ៉ាត្លុង បុរស-នារី មានវិញ្ញាសាហែលទឹក ៧៥០ម៉ែត្រ+ជិះកង់ ២០គីឡូម៉ែត្រ+រត់ប្រណាំង ៥គីឡូម៉ែត្រ។ ឌូយ៉ាត្លុង បុរស-នារី មានរត់ប្រណាំង ៥គីឡូម៉ែត្រ+ជិះកង់ ២០គីឡូម៉ែត្រ+រត់ប្រណាំង ២,៥ គីឡូម៉ែត្រ។ អាគ័តត្លុង បុរស-នារី មានហែលទឹក ៥០០ម៉ែត្រ+រត់ប្រណាំង ២,៥គីឡូម៉ែត្រ និងវិញ្ញាសា អាគ័ត្លុង បណ្តាក់ចម្រុះ (Aquathlon Mixed Relay) ហែលទឹក ៥០០ម៉ែត្រ+រត់ប្រណាំង ២,៥គីឡូម៉ែត្រ។ សម្រាប់កម្មវិធីប្រកួត នឹងចាប់ផ្តើមពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តកែប។
លោកអគ្គលេខាធិការរូបនេះ គូសបញ្ជាក់បន្ថែមទៀតថា ដើម្បីត្រៀមទទួលរៀបចំការប្រកួតកីឡាអូឡាំពិក ដ៏ពេញនិយមមួយនេះ ឲ្យដំណើរការដោយរលូន ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា គឺគណៈកម្មការរៀបចំចែកចេញជាពីរផ្នែកធំៗ គឺគណៈកម្មការអន្តរជាតិ (ITO) ចំនួន១៥នាក់ និងមន្ត្រីគណៈកម្មការជាតិ (NTO) ៦០នាក់ ហើយយុវជនស្ម័គ្រចិត្តដែលចូលរួមគាំទ្រដល់ប្រភេទកីឡាទ្រីយ៉ាត្លុង នៅខេត្តកែបនេះមានចំនួន ៥០នាក់ ផ្សេងទៀត។
បន្ថែមពីលើនេះ លោក ងិន សុខបញ្ញា បានសង្កត់ធ្ងន់ដែរថា សម្រាប់ការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា ក៏ត្រូវបានជំរុញលើកទឹកចិត្តឲ្យខិតខំអស់ពីសមត្ថភាពដូចគ្នាផងដែរ ដើម្បីគោលដៅជំរុញឲ្យសិទ្ធផលរបស់ក្រុមជម្រើសជាតិ កាន់តែមោះមុតក្នុងគុណភាពបច្ចេកទេស ឲ្យកាន់តែល្អប្រសើរ ដើម្បីឆ្ពោះទៅដណ្តើមមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕
ក្រុមហ៊ុនឆ្នោតកីឡាជាតិ ឧបត្ថម្ភកុំព្យូទ័រ ៤៥គ្រឿង មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ដល់ NOCC និងសហព័ន្ធកីឡាជាតិ
អ្នកជំនាញការ៉ាតេអន្តរជាតិ មកចែករំលែកដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣
អគ្គលេខាធិការក្លិបអាយអេសអាយដង្កោរសែនជ័យ ប្រាប់ពីមូលហេតុក្លិបខ្ចីកីឡដ្ឋានក្រុមផ្សេងប្រើប្រាស់បណ្ដោះអាសន្ន
គ្រូថៃ សង្ឃឹមជួប វៀតណាម ម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ AFF U23 Championship 2022