sport-in-live
thumbnail

ប្រធាន FFC៖ ការប្រែប្រួលនៃវិស័យបាល់ទាត់ ជំរុញភាពទាក់ទាញ ទាំងទេសចរណ៍ វិនិយោគិន និងកាត់បន្ថយនូវភាពអសកម្ម


Sep 03, 2023
NEWS

(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានមានប្រសាសន៍ថា ភាពរីកចម្រើន ក៏ដូចជាការប្រែប្រួល នៃវិស័យបាល់ទាត់កម្ពុជា បានជំរុញឲ្យមានភាពទាក់ទាញ ទាំងវិស័យទេសចរណ៍ នឹងអ្នកវិនិយោគ ហើយកាត់បន្ថយនូវភាពអសកកម្មនានាក្នុងសង្គម។ ការលើកឡើងនេះ បន្ទាប់ពីប្រធានសហព័ន្ធខាងលើ បានចុះអនុស្សារណៈយោគយល់គ្នាលើភាពជាដៃគូឧបត្ថម្ភ រវាងសហព័ន្ធ និងក្រុមហ៊ុនមីនេបៀ (ខេមបូឌា) នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោកនាយឧត្តមសេនីយ៍ សៅ សុខាមានប្រសាសន៍ថា៖ «បាល់ទាត់ក៏មានជំហានអភិវឌ្ឍន៍ប្រែប្រួលក្នុងការប្រកួតលក្ខណៈអន្ដរជាតិ តាមរយៈកីឡាបាល់ទាត់ កិត្យានុភាពកម្ពុជា ត្រូវបានលើកកម្ពស់ ទាក់ទាញបានចំណាប់អារម្មណ៍ ទៅដល់វិស័យទេសចរណ៍ អ្នកវិនិយោគ មកកាន់ប្រទេសកម្ពុជាកាន់តែមានចំនួនឡើង ។ តាមរយៈសកម្មភាពកីឡាបាល់ទាត់ផងដែរ ក៏បានរួមចំណែកកាត់បន្ថយនូវភាពអសកកម្មដូចជា បទល្មើស នៅក្នុងសង្គម ជាពិសេសគ្រឿងញៀន ក្មេងទំនើង ការបោះបង់ការសិក្សារបស់សិស្ស ការគោរពច្បាប់ចរាចរណ៍ និងការស្រលាញ់បរិស្ថានជាដើម» ។

«ហើយកេរ្ដិ៍ឈ្មោះឧបត្ថម្ភដល់វិស័យបាល់ទាត់នៅកម្ពុជា ក៏ទទួលបាននូវកិត្តិយស ទាំងក្នុងក្របខ័ន្ឌផ្ទៃក្នុងជាតិ និងលើឆាកអន្ដរជាតិ ។ ដូច្នេះការឧបត្ថម្ភ ការចាប់ដៃគូរវាងវិនិយោគមីនេបៀ ជាមួយនឹងវិស័យបាល់ទាត់កម្ពុជា ដែលមានសហព័ន្ធជាតំណាង គឺពិតជាមានអត្ថន័យ មានផលប្រយោជន៍រួម សម្រាប់ក្រុមហ៊ុនវិនិយោគផង សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផង ជាពិសេសគឺផ្ដល់ប្រយោជន៍ពិតប្រាកដដល់ប្រទេស និងកេរ្ដិ៍ឈ្មោះប្រជាជនកម្ពុជាផងដែរ» ៕