Day to PARA GAMES

sport-in-live
thumbnail

ឆ្នាំ២០២៣ ចូលមកដល់ ទាំងនេះគឺជាព័ត៌មានមួយចំនួន ដែលអ្នកគួរដឹងពីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣


Jan 01, 2023
NEWS EVENTS KH

CAMSOC-ភ្នំពេញ៖ ទំព័រប្រតិទិនថ្មី ឆ្នាំ២០២៣ ត្រូវបានបើកជាផ្លូវការ បន្ទាប់ពីបញ្ចប់ទំព័រឆ្នាំចាស់ ហើយនៅពេលនិយាយពីឆ្នាំ២០២៣ រឿងដំបូង ដែលប្រជាជនរំឭកដល់មុនគេនោះ គឺ ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ។ ដូច្នេះព្រឹត្តិការណ៍នេះ គឺជាអ្វីដែលប្រជាជនកម្ពុជាទន្ទឹងមើលផ្លូវ ដ្បិតបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំរួចមកហើយ។ 


យ៉ាងណាមិញ នៅសល់រយៈពេលប្រហែល៥ខែទៀត ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដ៏អស្ចារ្យមួយនេះ នឹងចូលមកដល់ ហើយដើម្បីស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅ ទៅលើព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៅកម្ពុជានេះ cambodia2023.com (http://cambodia2023.com/) សូមបង្ហាញជូននូវចំនុចសំខាន់ៗ ដែលលោកអ្នកគួរជ្រាបជាព័ត៌មាន។


១. និមិត្តសញ្ញា

និមិត្តសញ្ញា កម្ពុជា ឆ្នាំ២០២៣ ទាក់ទាញឱ្យមានការបំផុសស្មារតី អំពីប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា និងប្រាសាទអង្គរវត្ត ជាបេតិកភណ្ឌពិភពលោក។ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) មិនត្រឹមតែជានិមិត្តរូប និងអត្តសញ្ញាណខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទកភាព និងសេចក្តីសោមនស្សរីករាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ពណ៌មាស ត្រូវបានជ្រើសជាពណ៌ចម្បងនៃនិមិត្តសញ្ញា ដើម្បីតំណាងឱ្យកម្ពុជា និងភាពរីកចម្រើនប្រកបដោយភោគទ្រព្យ សុខភាព និងសុភមង្គល។


ចំណែករូបនាគ នៅក្នុងនិមិត្តសញ្ញា គឺជាអ្នកការពារ និងផ្តល់ស្ថិរភាព ដល់ព្រះរាជាណាចក្រកម្ពុជា។ រូបនាគទាំង៤ គឺមានពណ៌បៃតង ក្រហម ខៀវ និងលឿង ត្រូវបានចងភ្ជាប់ជាមួយគ្នា តំណាងឱ្យការរួបរួម និងភាពចម្រុះ នៅក្នុងសហគមន៍អាស៊ីអាគ្នេយ៍ ដោយពណ៌ទាំង៤នេះ តំណាងឱ្យភាពចម្រុះនៃសហគមន៍អាស៊ីអាគ្នេយ៍ ដែលរួបរួមគ្នាតែមួយ តាមរយៈនាគទាំង៤។


២. បាវចនា

បាវចនា «កីឡារស់ក្នុងសន្តិភាព» ត្រូវបានបំផុសគំនិតជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅយ៉ាងសុខសាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសន្តិភាព និងស្ថិរភាព។ កីឡា គឺជាកត្តាចលករជំរុញដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស។ មហិច្ឆតារបស់កម្ពុជា គឺសម្រេចឱ្យបានជាប្រទេសមានប្រាក់ចំណូលមធ្យម ត្រឹមឆ្នាំ២០៣០ ជាមួយបំណងដ៏មុតមាំនៃសន្តិភាពកំពុងបន្ត ដែលនាំឱ្យមានភាពរុងរឿង សុខភាពល្អ និងសុភមង្គលក្នុងសហគមន៍។


៣. ម៉ាស្កុត

ម៉ាស្កុតសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា គឺរូបសត្វទន្សាយ២ មានឈ្មោះថា បុរី (ឈ្មោល) និង រំដួល (ញី) ដែលមានក្នុងក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ។ ទន្សាយឈ្មោលឈ្មោះ បុរី តំណាងឱ្យសាមគ្គីភាព ហើយទន្សាយញីឈ្មោះ រំដួល ជាផ្កាតំណាងឱ្យប្រទេសកម្ពុជា។ 


ទន្សាយទាំង២ ដែលត្រូវបានជ្រើសរើសជា «ម៉ាស្កុត» សម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ជាតួអង្គគួរឱ្យស្រឡាញ់នៅក្នុងរឿងព្រេងនិទានបុរាណខ្មែរ ដែលបង្ហាញពីតម្លៃ នៅក្នុងការអប់រំតាមរយៈព្រះពុទ្ធសាសនា ជុំវិញការបំផុសគំនិតយុត្តិធម៌ មិនលម្អៀង ចំណេះដឹង និងការជួយសង្គម។ ការជ្រើសរើសសត្វទន្សាយក៏បញ្ជាក់ពីសមភាពយេនឌ័រក្នុងកីឡាផងដែរ។


៤. កាលបរិច្ឆេទ

យោងតាមការសម្រេចជាផ្លូវការ កាលបរិច្ឆេទនៃការប្រកួតព្រឹត្តិការណ៍កីឡាទាំង២នេះ គឺគ្រោងនឹងធ្វើនៅពាក់កណ្ដាល ឆ្នាំ២០២៣ ពោលគឺការប្រកួតស៊ីហ្គេម ចាប់ផ្ដើមមុន រួចទើបការប្រកួតអាស៊ានប៉ារ៉ាហ្គេម ចាប់ផ្ដើមជាក្រោយ បានសេចក្ដីថា រំលងពីគ្នារយៈពេល ១៧ថ្ងៃ។


ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។


៥. ប្រទេសចូលរួម គឺត្រូវបានបញ្ជាក់ថា រួចហើយថា ប្រទេសជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ទាំង១០ រួមមាន ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម សុទ្ធតែនឹងមកចូលរួមការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។


៦. ប្រភទកីឡាដាក់ឱ្យប្រកួត

ចំពោះប្រភេទកីឡាដាក់ឱ្យប្រកួត ក៏មានការបែងចែកដាច់ពីគ្នាផងដែររវាង ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយស៊ីហ្គេម មានប្រភេទកីឡាច្រើនជាង អាស៊ានប៉ារ៉ាហ្គេម។ ព្រឹត្តិការណ៍ស៊ីហ្គេម ត្រូវបានប្រកាសជាផ្លូវការថា នឹងមានកីឡាចំនួន ៣៧ប្រភេទ បូកនឹងកីឡាសម្ដែង ១ប្រភេទ (Demonstration) ដាក់ឱ្យប្រកួត ដែលស្មើនឹង ៦០៨វិញ្ញាសា (៦០៨ មេដាយមាស)។