sport-in-live
thumbnail

កីឡាករបាល់ទះម្នាក់ថា ទោះមិនរំពឹងខ្ពស់ តែជឿជាក់អាចសាងភាពភ្ញាក់ផ្អើលក្នុង Asian Games នៅចិន


Aug 30, 2023
NEWS

ភ្នំពេញ៖ នេះគឺជាសម្ដីសមាជិកក្រុមបាល់ទះជម្រើសជាតិកម្ពុជា កីឡាករ វឿន វាសនា មុនចេញទៅបោះជំរំហ្វឹកហាត់នៅចិន ក៏ដូចជាត្រៀមការប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou នាខែក្រោយ ។


វាសនា មានសុទិដ្ឋិនិយមថា «ខ្ញុំរំពឹង ក្រៅពីការខំប្រឹងហ្វឹកហាត់កន្លងមក គួបផ្សំការចេញទៅហាត់ ១ខែមុនការប្រកួតនៅចិននេះ យើងនឹងហ្វឹកហាត់ដិតដល់ក្នុងក្រុម ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រកួតកីឡាអាស៊ី» ។

កីឡាករវ័យ២២ឆ្នាំរូបនេះ បានឱ្យដឹងថា«សម្រាប់ខ្ញុំ គឺមានការប្ដេជ្ញាចិត្តខ្ពស់ខ្លាំងមែនទែន សម្រាប់កីឡាអាស៊ី លើកទី១៩ នេះ ព្រោះខ្ញុំសង្ឃឹមថា ពួកយើងនឹងអាចកសាងប្រវត្តិសាស្ដ្រមួយទៀត សម្រាប់ការប្រកួតអន្ដរជាតិ ដែលមានការចូលរួមពីច្រើនប្រទេស...។ ជាការពិត យើងត្រូវការជ័យជម្នះ ពិសេសការប្រកួតក្នុងពូល ដើម្បីឡើងទៅវគ្គបន្ដ ។ ប៉ុន្ដែប្រសិនបើពួកយើងពុំទទួលបានលទ្ធផលល្អ វាក៏ជាឱកាសល្អមួយ ដែលយើងបានចូលរួមព្រឹត្តិការណ៍ដ៏ធំលើកដំបូងនេះដែរ» ។

ការចូលរួមកីឡាអាស៊ីនេះ ក៏ជាឱកាសបង្ហាញឲ្យពិភពលោក ស្គាល់វិស័យកីឡាបាល់ទះកម្ពុជាកាន់តែច្រើន ។ វាសនា ថា «ពួកយើងមិនសូវមានឱកាសបានចូលរួមការប្រកួតធំៗ ពិសេសកីឡាអាស៊ីនោះទេ ពួកយើងធ្លាប់ចូលរួមត្រឹមស៊ីហ្គេម ។ ដូច្នេះការចូលរួមពេលនេះ គឺយើងអាចបង្ហាញមុខមាត់លើឆាកអន្ដរជាតិដ៏ធំ ដែលអាចធ្វើឲ្យប្រទេសរាប់រយសម្លឹងមើលឃើញសក្ដានុពលបាល់ទះបុរសក្នុងសាលកម្ពុជា» ៕