sport-in-live
thumbnail

កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជិត ៤ពាន់នាក់ ចូលរួមរត់ប្រណាំងភ្នំពេញកណ្ដាលម៉ារ៉ាតុងអន្ដរជាតិភ្នំពេញ


Jun 10, 2023
NEWS EVENTS KH

CAMSOC-ភ្នំពេញ៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១១ បានបញ្ចប់ការរៀបចំដោយជោគជ័យ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅមុខព្រះបរមរាជវាំង ដោយមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិចូលរួមសរុបជាង ៣,៩០០នាក់ មកពី ៤៥ប្រទេស ។ ទិវារត់ប្រចាំឆ្នាំនេះ រៀបចំដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សហការជាមួយក្រសួងព្រះបរមរាជវាំង សាលារាជធានីភ្នំពេញ និងសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា កម្មវិធីនេះ រៀបចំឡើង ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល គម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សា ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងផុសផុលរបស់ប្រជាពលរដ្ឋ និងយុវជន ពិសេសការរៀបចំប្រកបដោយសុវត្ថិភាព ដែលធ្វើឲ្យទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិនេះកាន់តែល្បីរន្ទឺលើពិភពលោក ។

ឯកឧត្តមអគ្គលេខាធិការបន្ដថា ការរៀបចំនេះ ត្រូវបានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យកព្រះទ័យទុកដាក់ដល់កូនចៅជានិច្ច ក្នុងការរៀបចំរៀងរាល់ឆ្នាំ ហើយទ្រង់ក៏តែងសព្វព្រះរាជហឬទ័យប្រោសព្រះរាជថវិកាដ៏ខ្ពង់ខ្ពស់បំផុតដល់គណៈកម្មការរៀបចំ ដើម្បីជំរុញឲ្យការរៀបចំមានគុណភាព និងកាន់តែល្អប្រសើរ ។ តាមរយៈនេះ បានជំរុញឲ្យការរៀបចំបានប្រព្រឹត្តទៅដោយជោគជ័យ ហើយប្រជាពលរដ្ឋ ចូលរួមរត់ដោយសប្បាយរីករាយ ដោយស្នាមញញឹម សាមគ្គីភាព មិត្តភាព និងបាននូវការកសាងនូវជំនឿចិត្តជាមួយគ្នា ក្នុងការចូលរួមលេងកីឡា ដើម្បីកាត់បន្ថយការប្រើប្រាស់សេវាសុខភាពសាធារណៈ ពិសេសដើម្បីបង្កើននូវគុណភាពកម្លាំងកាយ កម្លាំងចិត្ត និងបំនិនជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបទៀតផង ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «យើងឃើញថា កាលណាប្រជាពលរដ្ឋយើង រត់ចម្ងាយ ១០គីឡូម៉ែត្រ ឬ ២១គីឡូម៉ែត្របានច្រើនកុះករនេះ បានន័យថា សុខភាពផ្លូវកាយ និងផ្លូវចិត្ដរបស់គាត់កាន់តែល្អប្រសើរ មានអាយុវែង ។ នេះគឺជាចំណុចពិសេសមួយ ដែលយើងទាំងអស់គ្នា ក្រោយពីជោគជ័យក្នុងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺប្រជាពលរដ្ឋ បានយល់ច្បាស់អំពីការថែរក្សាសុខភាព ដើម្បីធ្វើឲ្យមានកម្លាំងល្អក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ជំរុញឲ្យការឯកភាពក្នុងសង្គម និងការចូលរួមចំណែកថែរក្សាសុខសន្ដិភាពឲ្យនៅថិតថេរយូរអង្វែងជាអមតៈតទៅមុខទៀត» ។

ក្រឡេកមកចាប់អារម្មណ៍លទ្ធផល នៃទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំនេះវិញ សម្រាប់វិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ផ្នែកបុរស ជយលាភី សុទ្ធតែបានមកកីឡាករកម្ពុជា រួមមានកីឡាករ វ៉ាន់ ភារ៉ា ទទួលបានលេខ១, កីឡាករ Kakizaki Kuniaki ទទួលបានលេខ២ និងកីឡាករ គង់ សម្បត្តិ ទទួលបានលេខ៣ ។ រីឯភ្នែកនារី លេខ១ បានទៅកីឡាការិនីជប៉ុន Ota Natsuko លេខ២ កីឡាការិនីកម្ពុជា អេង មួយងីម និងលេខ៣ កីឡាការិនីអាហ្វ្រិកខាងត្បូង Cloete Chane ។ ក្រៅពីនេះ ក៏មានវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងការរត់កម្សាន្ដសម្រាប់កុមារចម្ងាយ ២,៥០០ម៉ែត្រផងដែរ ៕