Day to PARA GAMES

sport-in-live
thumbnail

កិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម នៅកម្ពុជា ដំណើរការយ៉ាងរលូន និងទទួលបានលទ្ធផលផ្លែផ្កា


Jan 24, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ ស្របពេលដែល ពិធីរាប់ថយក្រោយ១០០ថ្ងៃនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងត្រូវធ្វើឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាច និងយប់ថ្ងៃទី២៥ ខែមករានេះ កម្ពុជា ក៏បានរៀបចំកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម ជាលើកទី១ ផងដែរ ដោយកិច្ចប្រជុំនេះ មានរយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ។



យ៉ាងណាមិញ សម្រាប់កិច្ចប្រជុំ ថ្ងៃទី១ នៅសណ្ឋាគារហ្គាឌិនស៊ីធី ក្រោមការដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីព្រឹកថ្ងៃពុធនេះ គឺកិច្ចប្រជុំបានចាប់ផ្ដើមលើកឡើងការងារមួយចំនួន ពាក់ព័ន្ធទៅនឹង ការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន, វេជ្ជសាស្ត្រ-ដូភីង, ពិធីការ និងហ្គេមព័ត៌មានវិទ្យា ដើម្បីឱ្យនាយកបេសកកម្មនៃបណ្ដាប្រទេសជាសមាជិកទាំង១១ ដែលបានចូលរួម បានដឹង។



ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងនោះ បានជម្រាបជូនពីលទ្ធផល សម្រាប់ការប្រជុំថ្ងៃទី១ថា បានទទួលផ្លែផ្កាគួរឱ្យកត់សម្គាល់ ដោយបានផ្ដល់ព័ត៌មានសំខាន់ៗទៅកាន់នាយបេសកកម្មនៃបណ្ដាប្រទេសទាំង ១១ ពាក់ព័ន្ធទៅនឹងការរៀបចំរបស់កម្ពុជា ជាពិសេសលើផ្នែកបដិសណ្ឋារកិច្ច ការរៀបចំការដឹកជញ្ជូន ការស្នាក់នៅ និងការហូបចុក។



ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ៖«ព្រឹកនេះយើងបានបើកកិច្ចប្រជុំនាយបេសកកម្មរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ទាំង ១១ប្រទេស ដើម្បីក្ដាប់យកនូវព័ត៌មានសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធទៅនឹងការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ។ យើងផ្ដោតការយកចិត្តទុកដាក់លើការរៀបចំបដិសណ្ឋារកិច្ច ការរៀបចំការដឹកជញ្ជូន ស្នាក់នៅ ហូបចុក ការរៀបចំថែរក្សាសុវត្ថិភាព ថែរក្សាសុខភាពរបស់កីឡាករ កីឡាការិនី ចំពោះការប្រជុំ CDM នេះ»។



«សំខាន់នាយបេសកកម្មទាំងអស់ គេចង់ដឹងថា ម្ចាស់ផ្ទះហ្នឹង បានរៀបចំខ្លួនរួចរាល់ហើយឬនៅ ដើម្បីថែរក្សាសុខភាព និងយកចិត្តទុកដាក់ផ្ដោតការថែទាំ ទៅលើកីឡាករ កីឡាការិនី ព្រោះកីឡាករ កីឡាការិនី ជាតួអង្គសំខាន់ នៅក្នុងការប្រកួតកីឡារបស់យើង។ អ៊ីចឹងក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវតែបង្ហាញភាពស្មោះត្រង់ ហើយបង្ហាញការយកចិត្តទុកដាក់របស់យើង ចំពោះក្រុមកីឡាករ កីឡាការិនីទាំងអស់ ដែលចូលរួម។ ជាលទ្ធផលព្រឹកនេះ គឺយើងទទួលបានផ្លែផ្កាល្អ លទ្ធផលល្អ ទាំងការរៀបចំកិច្ចប្រជុំ ទាំងការប្រជុំផ្ទៃក្នុង ក៏ដូចជាការប្រជុំបើកជំហរ និងការប្រឹក្សាផ្សេងៗទៀត»។ ឯកឧត្តម បានបន្ថែម។ 



ទន្ទឹមនឹងនេះ ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា កម្ពុជាក៏ទទួលបានដំបូន្មានមួយចំនួនពីប្រទេសផ្សេងៗផងដែរ ក៏ដូចជាសំណួរមួយចំនួនពីប្រទេសផ្សេងៗទៀត ដែលពាក់ព័ន្ធទៅនឹងក្ដីបារម្ភខ្លះៗ ចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ប៉ុន្តែអ្វីដែលកម្ពុជាបានរៀបចំ និងការត្រៀមទទួលរៀបចំស៊ីហ្គេម ក្នុងឋានៈជាម្ចាស់ផ្ទះនេះ គឺទទួលបានការសហការគ្នាយ៉ាងល្អ ជាពិសេសគឺមុំ៣ របស់ការងារជំនាញ រួមមានក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ដែលបានធ្វើកិច្ចការត្រៀមរៀបចំទាំងបច្ចេកទេស ទាំងការរៀបចំការងារជាច្រើនទៀតជាមួយគ្នា ដោយភាពប្រាកដប្រជា និងការទទួលខុសត្រូវខ្ពស់។ 



«អ្វីដែលយើងបានបញ្ជាក់នៅក្នុងពេលនេះ ទី១ គឺយើងទទួលបាននូវការគាំទ្រពីប្រទេសទាំងអស់ ថាយើងពិតជាបានត្រៀមខ្លួនរួចរាល់អស់ហើយ គេឃើញយើងមានរបៀបធ្វើការជាលក្ខណៈអាជីពច្រើន ហើយជាពិសេសគឺខាងតំណាងរបស់ការិយាល័យស៊ីហ្គេម ក៏ដូចជាទីប្រឹក្សាច្បាប់របស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ គាត់បានមានប្រសាសន៍ថា យើងបានធ្វើការយ៉ាងល្អ នៅក្នុងការត្រៀមលក្ខណៈនៅសល់១០០ថ្ងៃទៀតនេះ គឺអ្វីៗហាក់បីដូចជារួចរាល់អស់ហើយ»។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់។


ឯកឧត្តមអគ្គលេខាធិការ បានសង្កត់ធ្ងន់ថា ជាការវាយតម្លៃ និងសន្និដ្ឋានចុងក្រោយ កិច្ចប្រជុំ គឺទទួលបានផ្លែផ្កា ១០០ភាគរយ ហើយឯកឧត្តមសង្ឃឹមថា ប្រទេសទាំងអស់ នឹងសហការជាមួយគ្នា ដើម្បីអនុវត្តការងាររៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ។


បន្ទាប់ពីកិច្ចប្រជុំ ថ្ងៃទី១នេះ គឺនៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ អង្គប្រជុំទាំងអស់ នឹងត្រូវចូលរួមពិធីរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយនៅថ្ងៃទី២៦ ស្អែកនេះ នឹងមានការធ្វើដំណើរទស្សនកិច្ចទីលានប្រកួត នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ រួចនឹងបន្តទៅទស្សនកិច្ចទីលានប្រកួតនៅខេត្តព្រះសីហនុ ផងដែរ មុននឹងមាតុភូមិនិវត្តទៅកាន់បណ្ដាប្រទេសរៀងៗខ្លួនវិញ នៅថ្ងៃទី២៧ ខែមករា៕