Day to PARA GAMES

sport-in-live
thumbnail

ឯកឧត្ដម នេត សាវឿន ៖ ប្រទេស-ស្ថាប័នចំនួន៨ គាំទ្រដល់កិច្ចការការពារសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា


Jan 19, 2023
NEWS EVENTS

CAMSOC-ភ្នំពេញ៖ ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសណ្ដាប់ធ្នាប់ CAMSOC បានលើកឡើងថា ប្រទេស-ស្ថាប័នចំនួន៨ នឹងគាំទ្រដល់កិច្ចការការពារសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ហើយការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលកងកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ នៅពហុកីឡាដ្ឋានមរតកតេជោ កាលពីព្រឹកថ្ងៃទី១៩ ខែមករានេះ។ 



ឯកឧត្ដមនាយកឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ គណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់បានធ្វើការពង្រឹង និងពង្រីកវិសាលភាពទំនាក់ទំនងសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយបណ្ដាប្រទេស-ស្ថាប័នជាដៃគូ ដោយទទួលបានការឧបត្ថម្ភគាំទ្រដូចខាងក្រោម៖ 



១- មានប្រទេស-ស្ថាប័ន ចំនួន៨ បានផ្ដល់កិច្ចសហការគាំទ្រ ដល់កិច្ចការពារសន្តិសុខ សម្រាប់ព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា រួមទាំងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងប៉ាអាស៊ានរ៉ាហ្គេម លើកទី១២ មានជាអាទិ៍ ប្រទេសអូស្រ្តាលី, ចិន, ជប៉ុន, វៀតណាម, ស្ថាប័ន INTERPOL , ស្ថាប័ន FBT និង ASEANAPOL ដែលក្នុងនោះបានផ្ដល់ជំនួញ និងការគាំទ្ររួចមកហើយមានដូចជា៖ 


ក- ប្រទេសជប៉ុន ចិន និងវៀតណាម បានផ្ដល់ជាមធ្យោបាយឧបករណ៍ សម្ភារបច្ចេកទេសបម្រើឱ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់។ 


ខ- FBI បានធ្វើការផ្លាស់ប្ដូរបទពិសោធន៍ តាមរយៈការបញ្ជូនរូបភាព និងសំឡេង ពីចម្ងាយ។ នគរបាលសិង្ហបុរី, ក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណៈចិន បានផ្ដល់ទីប្រឹក្សា និងអ្នកជំនាញឯកទេស រួមទាំងគ្រូបង្គោលមកចូលរួមផ្ដល់យោបល់ផ្លាស់ប្ដូរបទពិសោធន៍ និងធ្វើការបណ្ដុះបណ្ដាលជំនាញអន្តរាគមន៍ ដោះស្រាយយថាហេតុ ជំនាញការពារផ្ទាល់ និងអមក្បួន។ 



២-បានបញ្ជូនគណៈប្រតិភូទៅសង្កេតការណ៍ និងដកស្រង់បទពិសោធន៍ការងារការពារសន្តិសុខ ក្នុងអំឡុងពេលប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមកន្លងមក។ 



៣-បានពង្រឹងយន្តការទំនាក់ទំនងព័ត៌មាន ជាមួយប្រទេស-ស្ថាប័ន ជាដៃគូសហប្រតិបត្តិការក្នុង និងក្រៅតំបន់ ដើម្បីប្រមូលព័ត៌មានសន្តិសុខ បម្រើឱ្យព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។ 



យ៉ាងណាក៏ដោយ ឯកឧត្ដម បានធ្វើការសំណូមពរយ៉ាងដូច្នេះថា៖ «ដើម្បីអនុវត្តបានជោគជ័យ តាមការគ្រោងទុក និងការប្ដេជ្ញាចិត្តក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សំណូមពរដល់សម្ដេចពិជ័យសេនា និង CAMSOC មេត្តាផ្ដល់កិច្ចសម្របសម្រួល និងឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារៈ ដល់កងកម្លាំងនៃបណ្ដាស្ថាប័នអង្គភាពពាក់ព័ន្ធចំណុះឱ្យអង្គភាពសន្តិសុខ និងសណ្ដាប់ធ្នាប់ សំដៅលើកទឹកចិត្ត ពង្រឹងស្មារតី សម្រួចឆន្ទៈ ក្នុងការបំពេញកាតព្វកិច្ចជាប្រវត្តិសាស្ត្រឱ្យទទួលបានជោគជ័យពេញលេញផងដែរ»៕