sport-in-live
thumbnail

U-22 កម្ពុជា ចេញបញ្ជីឈ្មោះកីឡាករ ៣០នាក់ បោះជំរំហ្វឹកហាត់ត្រៀម​ស៊ីហ្គេម ២០២៣


Feb 19, 2023
NEWS
NEWS SEA GAMES

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញ​បញ្ជី​ឈ្មោះ​​​​អំពី​កីឡាករ​បាល់ទាត់​​ជម្រើសជាតិអាយុក្រោម ២២ឆ្នាំ (U-22) ចំនួន​៣០​នាក់​ ដើម្បីត្រៀម​បោះជំរំហ្វឹកហាត់ មុននឹងអាចជួបយ៉ាងហោចណាស់ប្រទេស ៨ ក្នុងតំបន់អាស៊ាន នៅពេលទទួលធ្វើជាម្ចាស់ផ្ទះ​កីឡា​ស៊ីហ្គេម លើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅខែឧសភាខាងមុខ។

នេះជាការ​ចេញ​បញ្ជីឈ្មោះ​កីឡាករត្រូវនឹងអាយុប្រកួតស៊ីហ្គេម ត្រៀមសម្រាប់ការប្រមូលផ្ដុំ និងបោះជំរំ​ហ្វឹកហាត់ លើក​ទី១ ​ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅកោះសាមុយ ប្រទេសថៃ។

 

សមាជិកទាំង ៣០រូបដែល​មាន​នៅ​ក្នុង​បញ្ជី​​សុទ្ធ​សឹង​តែ​​ជាកីឡាករដែលប្រកបអាជីព​ក្នុង​ក្រប​ខណ្ឌ​ខេមបូឌានព្រីមៀរលីគទី១ និងទី២ ពោលគឺមកពី ១០ក្លិបផ្សេងៗគ្នា រួមមមាន ព្រះខ័នរាជស្វាយរៀង ៦នាក់, វិសាខា ៦នាក់, បឹងកេត ៥នាក់, ណាហ្គាវើលដ៍ ៤នាក់, ភ្នំពេញក្រោន ៣នាក់, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ២នាក់, អង្គរថាយហ្គឺរ ១នាក់, សូលទីឡូអង្គរ ១នាក់, អគ្គិសនីកម្ពុជា ១នាក់ និងព្រៃវែង ១នាក់។

បញ្ជីឈ្មោះមានដូចខាងក្រោម៖

តាមរយៈបញ្ជីឈ្មោះកីឡាករខាងលើ មានយុវជនភាគច្រើនធ្លាប់ស្ថិតក្នុងដំណាក់កាលដូចគ្នានេះ កាលពីស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមក២០២២) នៅប្រទេសវៀតណាម។ ជាក់ស្ដែងដូចជា នៅតំបន់ប្រយុទ្ធខាងលើ សៀង ចន្ធា, លឹម ពិសុទ្ធ សារ ទី, គី រីណា សុទ្ធតែបន្តមានឈ្មោះ ខណៈ វឿន វ៉ា ដែលត្រូវបានជម្រុះចេញក្រោយមក ក៏បន្តមានឈ្មោះជាថ្មី។ អ៊ាន ពិសី ដែលបានជាប់ដល់បញ្ជី ២០នាក់ចុងក្រោយ ប៉ុន្តែ​ដកខ្លួនវិញដោយសារបញ្ហារបួសក៏ត្រលប់មកមានឈ្មោះក្នុងបញ្ជីលើកនេះផងដែរ។ មានតែកីឡាករ ហាវ សុខនេត ប៉ុណ្ណោះដែលជាសមាជិកថ្មីថ្មោងក្នុងក្រុម U-22 កម្ពុជា។

 

ក្រឡេកមកតំបន់ខ្សែបម្រើ ទេព ហ្វីលីប មានឈ្មោះក្នុងបញ្ជីបោះជំរំហ្វឹកហាត់ជាលើកដំបូងនៅក្នុងក្រុមជម្រើសជាតិ សម្រាប់ស៊ីហ្គេម ដ្បិតរូបគេធ្លាប់បានទាក់ចិត្ត លោក Honda ម្ដងរួចមកហើយពេលប្រកួតមិត្តភាពអន្តរជាតិ ជាមួយ U-23 ជប៉ុន កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ដូចគ្នាផងដែរជាមួយនឹង លឹម អារុណរ៉េយមិន។ ក្រៅពី ហ្វីលីប និងអារុណរ៉េយមិន កីឡាករ ញាន សុស៊ីដាន, ជូ ស៊ីនទី, មិន រតនៈ, ស៊ិន សុវណ្ណមករា សុទ្ធតែធ្លាប់បានបង្ហាញខ្លួនរួចរាល់ក្នុងស៊ីហ្គេម លើកទី៣១។

 

ខ្សែការពារ ដែលធ្លាប់ចូលរួមប្រកួតស៊ីហ្គេមចុងក្រោយ ដូចជា សឿត ណាវ៉ា, តាំង ប៊ុនឆៃ, វាំង ដាវីន, ជា សុខម៉េង, និង ផាត សុខា មានឈ្មោះជាលើកទី២ ជាប់ៗគ្នា ខណៈ សុផល ឌីម៉ង, ឈុំ សុខហៃ, កើត ពេជ្រ, អ៊ីម វ៉ាឃីម, រី លាភផេង, នី សុខរី, ឡេង ណូរ៉ា បានជាប់ឈ្មោះក្នុងបញ្ជីនេះជាលើកដំបូង គ្រាដែល ចាន់ សារ៉ាពេជ្រ ជាមួយ ស រតនា ធ្លាប់ឈានដល់បញ្ជីឈ្មោះបែបនេះ រួចត្រូវបានជម្រុះចេញពីបញ្ជីចុងក្រោយ។

 

ដោយឡែកអ្នកចាំទី មានតែ វិវៈ ដារ៉ា ម្នាក់គត់ដែលធ្លាប់ជាប់ឈ្មោះចូលរួមស៊ីហ្គេម នៅវៀតណាម ខណៈ កយ សាលីម ជាមួយ រ៉េត លីហេង មានឈ្មោះជាលើកដំបូងផងដែរ។


ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លើ ៣៧ប្រភេទកីឡា (កីឡាសម្ដែង ១ប្រភេទ)។ សម្រាប់ប្រភេទកីឡាបាល់ទាត់ ដែលត្រូវចំណាយពេលប្រកួតយូរ នឹងចាប់ផ្ដើមមុនពិធីបើក ៦ថ្ងៃ ពោលគឺនឹងប្រកួតពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ តទៅ៕