CAMSOC-ភ្នំពេញ៖ លោក ហែមថុន ពន្លឺ គ្រូបង្វឹកជម្រើសជាតិហែលទឹកកម្ពុជា ផ្នែកហែលទឹកជើងទា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការហ្វឹកហាត់ពីទីក្រុងហាណូយ ប្រទេសវៀតណាម ដែលលោកកំពុងដឹកនាំក្រុមជម្រើសជាតិហែលទឹកពាក់ជើងទា ក្នុងរយៈពេលរាប់ថយក្រោយ ១០០ថ្ងៃ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ របស់កម្ពុជានៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។
ឆ្លើយឆ្លងតាមរយៈសារអេឡិចត្រូនិច នៅព្រឹកថ្ងៃទី២៥ ខែមករានេះ លោក ហែមថុន ពន្លឺ បានគូសបញ្ជាក់ថា «ក្នុងរយៈពេលរាប់ថយក្រោយ ១០០ថ្ងៃ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៃដំណើរឆ្ពោះទៅ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ យើងខ្ញុំជាគ្រូបង្វឹក កីឡាករ កីឡាការិនី ដែលកំពុងហ្វឹកហាត់នៅទីក្រុងហូជីមិញនេះ កំពុងសម្រួចទឹកចិត្តខិតខំហ្វឹកហាត់ជាមួយគ្រូបង្វឹកវៀតណាម ដើម្បីត្រៀមឆ្ពោះទៅប្រកួតប្រជែងមេដាយ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣»។
គ្រូបង្វឹកហែលទឹកពាក់ជើងទារូបនេះ បានអះអាងបន្ថែមយ៉ាងដូច្នេះថា «ក្រុមហែលពាក់ជើងទា បានមកហ្វឹកហាត់នៅទីក្រុងហូជីមិញនេះ បានរយៈពេល១ខែហើយៗនឹងបញ្ចប់ការបោះជំរំហ្វឹកហាត់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ ពេលនេះកីឡាករ កីឡាការិនីមួយចំនួន ក្នុងចំណោម ៦នាក់ មានបញ្ហាឈឺកជើង ម្រាមជើង និងឈឺស្មាខ្លះៗក្តី ប៉ុន្តែបញ្ហានេះ មិនមែនជាឧបសគ្គរារាំងដល់ការតាំងចិត្តហ្វឹកហាត់ ដើម្បីត្រៀមខ្លួនឲ្យបានល្អ ឈានទៅប្រកួតប្រជែងមេដាយជូនប្រទេសជាតិនោះទេ»។
សម្រាប់កម្មវិធីហ្វឹកហាត់ នៅអាងហែលទឹកនៃទីក្រុងហូជីមិញ គឺធ្វើឡើងរៀងរាល់ថ្ងៃចន្ទ ពុធ និងថ្ងៃសុក្រ ហ្វឹកហាត់២ពេល ព្រឹកផង និងល្ងាចផង។ រីឯសម្រាប់ការហ្វឹកហាត់ថ្ងៃអង្គារ ព្រហស្បត្តិ៍ និងថ្ងៃសៅរ៍ គឺហ្វឹកហាត់តែ១ពេលទេ ដោយមានរយៈពេល ៣ម៉ោង តែម្តង។
«ក្នុងរយៈពេល១ខែដំបូងនេះ ក្រុមហែលទឹកពាក់ជើងទា មិនទាន់សម្រុកការហ្វឹកហាត់ឲ្យបានខ្លាំងក្លានៅឡើយទេ ដោយសារយើងនៅមានចំណុចខ្វះខាត ហើយធ្វើកំណែលើកំហុសបច្ចេកទេស ពោលគឺក្នុងរយៈពេល១ខែដំបូងនេះ គ្រូវៀតណាម កែសម្រួលលើកំណែបច្ចេកទេស និងសៀតបញ្ចូលនូវកម្មវិធីហ្វឹកហាត់ខ្លះៗ។ គ្រូវៀតណាមបញ្ជាក់ថា ចាប់ពីសប្តាហ៍នេះតទៅ រហូតដល់បញ្ចប់ការបោះជំរំហ្វឹកហាត់ នឹងសម្រុកការហ្វឹកហាត់ឲ្យបានខ្លាំងក្លាតែម្តង ដើម្បីបង្កើនគុណភាពបច្ចេកទេសឲ្យបានខ្ពស់បន្ថែមទៀត»។ លោក ហែមថុន ពន្លឺ បានបញ្ជាក់បន្ថែម។
ចំពោះសមាសភាពកីឡាករ កីឡាការិនី ៦នាក់ ដែលកំពុងបោះជំរំហ្វឹកហាត់ នៅទីក្រុងហូជីមិញនេះ រួមមាន៖ កីឡាការិនី កាំង មុយនីន, ឃឺន ប៊ុនពេជ្រមរកត, កីឡាករ លឹម កែវឧត្តម, ឆោម ច័ន្ទថន, ឆោម ទិត្យសត្យា និងកីឡាករ លឹម សុខវឌ្ឍន៍នន្ទ ក្រោមការដឹកនាំពីលោក ហែមថុន ពន្លឺ គ្រូបង្វឹកកម្ពុជា។ ក្នុងដំណើរបេសកកម្មហ្វឹកហាត់នេះ ទទួលបានការឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងក្រសួងអប់រំ យុវជន និងកីឡា។
គួរបញ្ជាក់ថា ប្រភេទកីឡាហែលទឹក លើវិញ្ញាសាហែលទឹកពាក់ជើងទានេះ កម្ពុជាទើបនឹងចាប់ផ្តើមដំបូង កាលពីចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ កាលពីខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយដណ្តើមបានមេដាយសំរឹទ្ធ ជាក្រុម១វិញ្ញាសា ហែលបន្តាក់ ៤ដងx២០០ម៉ែត្រ (Fin Swimming-Men’s Relay 4x200m Surface) ដោយកីឡាករ លឹម កែវឧត្តម, លឹម សុខវឌ្ឍន៍នន្ទ, ទួន ទិត្យសត្យា និងកីឡាករ ឆោម ច័ន្ទថុន៕
ការរត់ភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ បន្តទទួលបានភាពជោគជ័យ នៅប្រទេសឥណ្ឌនេស៊ី
ក្រុមហ៊ុនឆ្នោតកីឡាជាតិ ឧបត្ថម្ភកុំព្យូទ័រ ៤៥គ្រឿង មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ដល់ NOCC និងសហព័ន្ធកីឡាជាតិ
អ្នកជំនាញការ៉ាតេអន្តរជាតិ មកចែករំលែកដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣
អគ្គលេខាធិការក្លិបអាយអេសអាយដង្កោរសែនជ័យ ប្រាប់ពីមូលហេតុក្លិបខ្ចីកីឡដ្ឋានក្រុមផ្សេងប្រើប្រាស់បណ្ដោះអាសន្ន