Day to PARA GAMES

sport-in-live
thumbnail

សម្ដេចពិជ័យសេនា ទៀ បាញ់៖ ៧ចំណុច ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា


Mar 12, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានផ្ដល់អនុសាសន៍ ៧ចំណុច ដើម្បីជំរុញការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ និងឆ្ពោះទៅរកភាពជោគជ័យ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នាខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

ការផ្ដល់អនុសាសន៍ខាងលើ ធ្វើឡើងក្នុងឱកាសសម្ដេចបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជ័យលាភី នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នេះ នៅទីស្ដីការក្រសួងការពារជាតិ។


សម្ដេចពិជ័យសេនាប្រធានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំង លើវិស័យអប់រំ យុវជន និងកីឡា ពិសេសកីឡាជនពិការ រួមជាមួយការគាំទ្រដ៏ផុលផុសរបស់ប្រជាពលរដ្ឋគ្រប់រូប នៅរាល់ព្រឹត្តិការណ៍ប្រកួតនានា បាននាំមកនូវបទពិសោធន៍ ចំណងមិត្តភាព ស្មារតីស្រឡាញ់ជាតិ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានា ឲ្យកាន់តែសម្បូរបែប និងខ្លាំងក្លាឡើងថែមទៀត។


ជាការពិត ដើម្បីវិស័យកីឡារឹងមាំ និងរីកចម្រើន ស្របតាមសភាពការណ៍រីកចម្រើននៃសង្គម សេដ្ឋកិច្ច ពិសេសដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ខាងមុខ ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការប្រើប្រាស់ធនធានឲ្យអស់ពីលទ្ធភាព ការបង្កើនសមត្ថភាព និងឆន្ទៈ ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។


ក្នុងន័យនេះ ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឲ្យទទួលបានលទ្ធផលផ្លែផ្កាល្អប្រសើរ សម្ដេចពិជ័យសេនា ទៀត បាញ់ បានផ្ដល់អនុសាសន៍ណែនាំមួយចំនួន សម្រាប់ជាមូលដ្ឋានដល់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងសហព័ន្ធកីឡាជាតិ ដើម្បីចាត់វិធានការបន្ដ រួមមាន៖


១-ក្រសួងអប់រំ យុវជន និងកីឡា NOCC និងសហព័ន្ធកីឡាជាតិ ត្រូវបន្ដពង្រីកកិច្ចសហការល្អ ហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិជនពិការក្នុង និងក្រៅប្រទេស ដើម្បីបង្កើនគុណផលកីឡា ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងដណ្ដើមមេដាយឲ្យបានច្រើន ពិសេសមន្ដ្រីបច្ចេកទេសរៀបចំការប្រកួត និងកាត់សេចក្ដីប្រកួតតាមស្ដង់ដារអន្ដរជាតិរបស់ជនពិការ។


២-ក្រសួងអប់រំ យុវជន និងកីឡា បន្ដផ្ដល់ថវិកាគាំទ្រជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ ដើម្បីពន្លឿនការអភិវឌ្ឍ ពិសេសឆ្ពោះទៅរកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។


៣-គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ ត្រូវប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យបានត្រឹមត្រូវ តម្លាភាព និងមានប្រសិទ្ធភាព ព្រមទាំងកៀរគរថវិកាដៃគូឯកជន បំពេញបន្ថែមការខ្វះខាត ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រភេទកីឡារបស់ខ្លួន ឲ្យកាន់តែរីកចម្រើន និងមាននិរន្ដរភាព។


៤-ផ្អែកលើក្របខណ្ឌពេលវេលា គណៈកម្មការជំនាញទាំង ១៤ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ត្រូវសហការគ្នាឲ្យបានល្អ ខិតខំពន្លឿនការងាររបស់ខ្លួនតាមតួនាទី និងភារកិច្ចឆ្ពោះទៅឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់ និងស្វាហាប់។


៥-បន្ដពង្រឹងការប្រកួតជើងឯកជាតិ និងការប្រកួតកីឡាជាតិ ឲ្យកាន់តែមានគុណភាពឈានទៅរកស្ដង់ដារតំបន់ ដើម្បីយកការប្រកួតកីឡាអន្ដរជាតិ មករៀបចំនៅកម្ពុជា ស្របតាមប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ដ្រី «ជនពិការមានសមត្ថភាព» «ជនពិការជាសមាជិកសង្គមមិនអាចខ្វះបាន» «ជនពិការមានលទ្ធភាព និងគុណវុឌ្ឍចូលរួមគ្រប់សកម្មភាពនៅក្នុងសង្គម និងជាសមាជិកនៃក្រុមគ្រួសាររបស់យើង»។


៦-ខ្ញុំសូមអរគុណចំពោះអាណាព្យាបាល មាតាបិតារបស់ក្មួយៗជនមានពិការភាព ដែលបានថែទាំ បុត្រធីតាបានល្អ និងសូមចូលរួមបន្ដការងារគុណធម៌ដ៏មានអត្ថន័យនេះ និងជំរុញកូនចៅដែលមានពិការភាពឲ្យចូលរួមគ្រប់សកម្មភាពក្នុងសង្គម និងលេងកីឡា តាមប្រសាសន៍ប្រមុខរាជរដ្ឋាភិបាល «ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខប្រចាំជីវិត»។


៧-ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានជាអាទិ៍ អាជ្ញាធរ រដ្ឋបាលរាជធានី ខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន មហាជន ក្រុមហ៊ុនវិនិយោគជាតិ-អន្ដរជាតិ ដែលជាដៃគូដ៏សំខាន់ ពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា សូមបន្ដចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡា ដើម្បីគុណប្រយោជន៍របស់សង្គមជាតិ។


សូមបញ្ជាក់ថា នៅព្រឹកថ្ងៃច័ន្ទនេះ សម្ដេចពិជ័យសេនា បាននាំយកប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលសរុបចំនួន ២, ៧០៨,៦០០,០០០រៀល ប្រគល់ជូនជ័យលាភីមេដាយកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលអត្តពលិកជនពិការកម្ពុជា ដណ្ដើមបានមដាយសរុប ២៨គ្រឿង រួមមានមេដាយមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១គ្រឿង កាលពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅ នៅប្រទេសឥណ្ឌូនេស៊ី៕