Day to PARA GAMES

sport-in-live
thumbnail

គណៈកម្មការជំនាញ CAMSOC រៀបចំកិច្ចប្រជុំផ្សព្វផ្សាយដល់សេវាស្នាក់នៅ បដិសណ្ឋារកិច្ចត្រៀមស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣


Jan 19, 2023
NEWS SEA GAMES

CAMSOC-ភ្នំពេញ៖ គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅល្ងាចថ្ងៃទី១៨ ខែមករានេះ បានអញ្ជើញតំណាងសណ្ឋាគារប្រមាណ ៣០ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការត្រៀមទទួលបដិសណ្ឋារកិច្ច សេវាកម្មស្នាក់នៅ ដល់អាជីវកម្មសណ្ឋាគារនានា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាខែឧសភាខាងមុខ។



ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន បានគូសបញ្ជាក់ថា សេវាកម្មស្នាក់នៅ ដែលត្រូវបានកំណត់ និងអញ្ជើញចូលរួមកិច្ចប្រជុំនេះ ភាគច្រើនជាសណ្ឋាគារលំដាប់ផ្កាយប្រាំ ផ្កាយបួន និងផ្កាយបី ក្នុងន័យផ្សព្វផ្សាយឲ្យសណ្ឋាគារទាំងអស់នោះ ត្រៀមទទួលការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ជូនគណៈប្រតិភូជាតិ និងអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកដំបូងនៅកម្ពុជា ដែលមកទល់ពេលសល់តែជាង១០០ថ្ងៃទៀតប៉ុណ្ណោះ។



ចំពោះការស្នាក់នៅទៀតសោត ត្រូវបែងចែកជា ២។ ទី១-ការស្នាក់នៅរបស់ប្រតិភូកីឡាមួយចំនួនធំ នៅភូមិកីឡា ដែលមានការរៀបចំដេញថ្លៃពីក្រុមហ៊ុនផ្គត់ផ្គង់អាហារហូបចុករួចរាល់ កាលពីថ្មីៗ និងទី២-ប្រតិភូកីឡា ជាថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេស និងអាជ្ញាកណ្ដាល-ចៅក្រម ត្រូវរៀបចំការស្នាក់នៅ នៅតាមសណ្ឋាគារ។ ក្រៅពីប្រតិភូកីឡា ដែលទទួលបន្ទុករៀបចំជូនដោយ CAMSOC សម្រាប់អ្នកគាំទ្រ និងអ្នកសារព័ត៌មានអន្ដរជាតិ ក៏អាចកក់សណ្ឋាគារ ដែលជ្រើសរើសដោយ CAMSOC សម្រាប់ងាយស្រួលក្នុងការស្នាក់នៅផងដែរ។



ដោយឡែកប្រតិភូកីឡា ដែលត្រូវទៅប្រកួតនៅខេត្តទាំង ៤ រួមមានខេត្តសៀមរាប ព្រះសីហនុ កំពត និងខេត្តកែប ក៏រៀបចំការស្នាក់នៅ នៅតាមសណ្ឋាគារ និងផ្ដល់ឲ្យសណ្ឋាគាររៀបចំអាហារហូបចុកជូនផងដែរ។ ហេតុនេះ ក្នុងគណៈកម្មការជំនាញ បានអំពាវនាវឲ្យសណ្ឋាគារទាំងអស់ ដែលត្រូវជ្រើសរើស ចូលរួមសហការ និងត្រៀមទទួលបដិសណ្ឋារកិច្ច ទាំងការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ប្រកបដោយភាពកក់ក្ដៅខ្ពស់បំផុត ជូនដល់ប្រតិភូ និងភ្ញៀវជាតិ-អន្ដរជាតិ ពិសេសកុំដំឡើងថ្លៃ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សុង តុងហាប់ ៕