sport-in-live
thumbnail

ឯកឧត្តម វ៉ាត់ ចំរើន បង្ហាញសមិទ្ធផលការងារ និងទិសដៅបន្តមុនការរាប់ថយក្រោយ១០០ថ្ងៃ


Jan 19, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានលើកបង្ហាញពីសមិទ្ធផលការងារឆ្នាំ២០២២ និងផ្តល់អនុសាសន៍ណែនាំក្នុងទិសដៅបន្តសម្រាប់ឆ្នាំប្រតិបត្តិកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។

នេះជាការលើកបង្ហាញរបស់ឯកឧត្តម នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ ដែលឆ្នាំរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ៖«អ្វីជាការកត់សម្គាល់សំខាន់ គឺសម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC បានផ្តល់អនុសាសន៍ណែនាំជាច្រើន ដើម្បីជំរុញបន្ថែមលើគ្រប់ផែនការសកម្មភាពការងារឲ្យបានច្បាស់លាស់ និងទាន់ពេលវេលា»។

«សមិទ្ធផលការងារ គឺមានច្រើនហើយ ដោយគ្រប់ផ្នែកទាំងអស់បានបង្ហាញវឌ្ឍនភាពការងារ ដែលសម្រេចបានជាបន្តបន្ទាប់ប្រកបដោយភាពគត់មត់ ខណៈបញ្ហាសេសសល់ក៏ត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន បានរាយការណ៍ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងអង្គប្រជុំ លើទីលានប្រកួត ការរៀបចំតុបតែងលំអផ្សព្វផ្សាយជាដើម»។ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍បន្ថែម។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានផ្តល់អនុសាសន៍ឲ្យគ្រប់គណៈកម្មការជំនាញ រាជធានី-ខេត្តទាំងអស់ជំរុញឲ្យសកម្មភាពការងារមានភាពសស្រាក់សស្រាំ ក្នុងពេលដំណាលគ្នា ពោលគឺចាប់ពីថ្ងៃរាប់ថយក្រោយ ១០០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣តទៅ គឺត្រូវតែរួចរាល់ សម្រាប់សកម្មភាពការងារត្រៀមលក្ខណៈទាំងអស់ឲ្យបានគ្រប់ជ្រុងជ្រោយ។

ប្រតិបត្តិករកីឡារូបនេះបានសង្កត់ធ្ងន់ទៀតថា សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានណែនាំឲ្យត្រៀមពិធីសុំភ្លើងព្រះអគ្គីកីឡា និងការដង្ហែភ្លើងគប់នៅកម្ពុជា និងនៅបណ្តាប្រទេសទាំងអស់ ក្នុងអាស៊ីអាគ្នេយ៍ឲ្យមានភាពអធិកអធម និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋផងដែរ។ «នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដែលជាថ្ងៃសំខាន់នៃពិធីរាប់ថយក្រោយ ១០០ថ្ងៃ ក៏ត្រូវបានសម្តេចប្រធាន CAMSOC ផ្តល់ការណែនាំឲ្យប្រតិបត្តិករកីឡាគ្រប់ជំនាញទាំងអស់ធ្វើឲ្យមានភាពអធិកធមដូចគ្នាផងដែរ ដើម្បីប្រកាសផ្សព្វផ្សាយឲ្យបានទូលំទូលាយ ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ ជូនដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងពិភពលោក»។

ការត្រៀមរៀបចំនៃឆ្នាំរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ត្រូវបានត្រៀមខ្លួនយ៉ាងរៀបរយ ក្នុងនោះផ្តោតសំខាន់ទៅលើបច្ចេកទេសរៀបចំ សន្តិសុខសណ្តាប់ធ្នាប់ ខណៈលើការសាងសង់ភូមិកីឡាក៏ត្រូវបានជំរុញបន្ថែម ដើម្បីឲ្យកាន់តែច្បាស់លាស់ឲ្យទាន់ពេលវេលា។

ជារួមលទ្ធផលនៃអង្គប្រជុំបូកសរុបលទ្ធផលឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ នាពេលនេះ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកន្លងមក ហើយសម្តេចពិជ័យសេនាក៏បានផ្តល់ភាពកក់ក្តៅចំពោះកិច្ចការបន្តនៃដំណាក់កាលនីមួយៗជាបន្តបន្ទាប់ ក្នុងឆ្នាំប្រតិបត្តិហ្គេម ប្រកបដោយភាពស្វាហាប់ និងច្បាស់លាស់ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាក្រកម្ពុជាក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ ទទួលបានជោគជ័យផងដែរ៕