CAMSOC-ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិបង់ក្លាដែស នាវេលាម៉ោង ៧យប់ថ្ងៃទី១៥ ខែមិថុនាស្អែក នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ។ ជាមួយការប្រកួតនេះ គ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញពីការត្រៀមលក្ខណៈសម្បត្ដិរៀងៗខ្លួន ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះ ។
លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា ក្រោយការខំប្រឹងជាច្រើន សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ កន្លងទៅ ឥលូវចូលដល់ទំព័រថ្មីមួយទៀត សម្រាប់លោកដែលទើបត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកម្ពុជាវិញ ដែលត្រូវរៀបចំថ្មីជាច្រើន ទាំងកលល្បិច យុទ្ធសាស្ដ្រ និងតាក់ទិចជាដើម ។ ប៉ុន្ដែលោកសង្ឃឹមថា នឹងប្រើពេលតិចជាងមុន ក្នុងការរៀបចំក្រុមឲ្យបានល្អប្រសើរ ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ លើកឡើងថា «ខ្ញុំបានមើលឃើញកីឡាករថ្មីៗជាច្រើន ដែលមានទេពកោសល ហើយកីឡាករចាស់ៗ ខ្ញុំធ្លាប់ស្គាល់ ក៏រីកចម្រើនជាងមុន ។ ខ្ញុំសូមអរគុណគ្រូបង្វឹកតាមក្លិបនីមួយៗ ដែលខំប្រឹងបង្ហាត់កីឡាករឲ្យយើងបានជ្រើសរើសមកចូលរួមជម្រើសជាតិ ។ ខ្ញុំមានសុទិដ្ឋិនិយម សម្រាប់កីឡាករ និងក្រុមរបស់យើង នឹងអាចធ្វើបានល្អ នាពេលខាងមុខ ឬនាពេលអនាគត» ។
ចំពោះការប្រកួតមិត្តភាពជាមួយបង់ក្លាដែសលោកថា «គឺជាការប្រកួតដែលលំបាក ហើយជាការប្រកួតដែលត្រូវការប្រើប្រាស់កម្លាំង និងកាយសម្បទាខ្លាំង ។ ក្រុមបង់ក្លាដែស ក៏មានគ្រូបង្វឹកល្អដូចគ្នា ។ ខ្ញុំគិតថា ជាការប្រកួតដែលតានតឹង ។ អ្វីដែលសំខាន់ គឺជាការប្រកួតដំបូង សម្រាប់ខ្ញុំ ក្នុងការចាប់ផ្ដើមថ្មី ក៏ដូចជាការរៀបចំថ្មី ។ ចឹងយើងសង្ឃឹមថា នឹងធ្វើបានល្អ ហើយពួកយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព» ។
ដោយឡែកលោក Javier Cabrera គ្រូបង្វឹកក្រុមបង់ក្លាដែស បានសម្ដែងក្ដីរីករាយ ដែលបានត្រឡប់មកកម្ពុជាម្ដងទៀត ។ លោកបានចាត់ទុកការប្រកួតជាមួយម្ចាស់ផ្ទះកម្ពុជា គឺជាការប្រកួតដ៏ស័ក្ដិសម ព្រោះកម្ពុជា ក៏ជាបេក្ខភាពត្រៀមប្រកួតចម្រុះពានរង្វាន់ FIFA World Cup ជុំទី១ ដូចគ្នា ។ អ្វីដែលពិសេស គឺកម្ពុជាមានការទទួលស្វាគមន៍យ៉ាងល្អ ចំពោះក្រុមខ្លួនកន្លងមក ។ ហេតុនេះលោកពិតជារីករា សម្រាប់ការមកប្រកួតនៅទីនេះ ៕
ប្រធានស្ដីទី OCA ថ្លែងអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលតែងគាំទ្រចលនាអូឡាំពិក
អគ្គលេខាធិការកីឡាហែលទឹក ចាត់ទុកជោគជ័យរបស់បណ្ដាខេត្តក្នុងកីឡាជាតិ គឺជាសញ្ញាណល្អ
ទិវារត់ប្រណាំងអន្តរជាតិព្រះសីហនុត្រូវបានរៀបចំឡើងវិញដើម្បីបន្ថែមគុណតម្លៃផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម២០២៣
កីឡាវ៉ូវីណាមសង្កេតឃើញមានចំណុចខ្វះខាតមួយចំនួន ក្រោយបញ្ចប់ការប្រកួតក្នុងកីឡាជាតិ លើកទី៣