Day to PARA GAMES
CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) និងក្រុមហ៊ុនសែលកាត (Cellcard) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងភាពជាដៃគូចលនូបត្ថម្ភផ្ដាច់មុខ លើទូរគមនាគមន៍ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាថ្ងៃទី១៤ ខែមីនានេះ ក្រោមវត្តមានរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា៖ «ក្នុងនាម NOCC ខ្ញុំពិតជាមានមោទកភាពណាស់ ដែលមានក្រុមហ៊ុនសែលកាត ក្លាយជាអ្នកឧបត្ថម្ភកម្រិតទី១ ដល់ កម្ពុជា ឆ្នាំ២០២៣ (CAMBODIA 2023)។ ការគាំទ្ររបស់សែលកាត នឹងផ្តល់នូវការតភ្ជាប់សម្រាប់ទីកន្លែងព្រឹត្តិការណ៍ទាំងអស់ដល់អត្តពលិក និងភ្ញៀវរបស់យើង។ កម្មវិធីនេះ កំពុងដំណើរការយ៉ាងល្អ ហើយនឹងក្លាយជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាពដោយមានការចូលរួមពីប្រមុខរដ្ឋជាច្រើននៅទូទាំងតំបន់។ សកម្មភាពជាច្រើនកំពុងត្រូវបានគ្រោងទុក ហើយយើងពិតជារំភើបក្នុងការចាប់ផ្តើមធ្វើការរួមគ្នាជាមួយសែលកាត ក្នុងនាមជាដៃគូទូរគមនាគមន៍ផ្តាច់មុខនៃស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា៖ «ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនឈានមុខមួយនៅក្នុងការបម្រើសេវាទូរស័ព្ទ និងអ៊ីនធឺណិត គាត់បានជួយច្រើនណាស់ក្នុងទំហំទឹកប្រាក់ច្រើន ដែលគាត់ផ្ដល់នូវការប្រើប្រាស់ស៊ីមកាត ចំនួន ២ម៉ឺនស៊ីមកាត ដោយឥតគិតថ្លៃ ហើយក្នុង ២ម៉ឺនស៊ីមកាតនេះ គាត់បានដាក់ក្រេឌីតឱ្យប្រើប្រាស់មួយរយៈពេលនៃព្រឹត្តិការណ៍ សម្រាប់ប្រតិភូ ដែលចូលរួមនេះដោយមិនគិតថ្លៃ»។
ជាមួយគ្នានេះ ឯកឧត្តម អគ្គលេខាធិការ CAMSOC បានរំពឹងថា នេះគឺជាការចំណេញក្នុងការជួយទៅដល់ការផ្សព្វផ្សាយកម្ពុជាផងដែរ ដោយប្រតិភូ ក៏ដូចជាអត្តពលិក ដែលចូលរួមនឹងប្រើប្រាស់មធ្យោយបាយនេះ ជាមួយនឹងការបង្ហោះសកម្មភាពរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
ចំណែកលោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ដែរថា៖ «យើងសូមថ្លែងអំណរគុណ ដែលបានផ្ដល់ឱកាសដល់យើងក្នុងការគាំទ្រព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ក៏ដូចជាអាស៊ានប៉ារ៉ាហ្គេម។ នៅពេលដែលយើងផ្តោតលើថាមពលរបស់យើងលើស្នូលនៃអាជីវកម្មរបស់យើង និងគោលបំណងរបស់យើង ការគាំទ្ររបស់យើងចំពោះស៊ីហ្គេម ឆ្នាំ២០២៣ នឹងអនុញ្ញាតឱ្យយើងបង្ហាញពីជំហរ ‘មោទនភាពជាខ្មែរ’ របស់យើងតាមរបៀបដែលជាក់ស្តែងជាងមុន ក៏ដូចជាភាពរឹងមាំនៃបណ្តាញរបស់យើង នៅពេលដែលយើងបើកការតភ្ជាប់ តាមរយៈការប្រកួត ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបអាចធ្វើជាសាក្សី និងចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក្នុងនាមជាប្រជាជាតិឯកភាពមួយ»។
សែលកាត ចាប់ដំណើរការ នៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករ ដែលបម្រើសេវាកម្មយូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករ ដែលមានម្ចាស់ជាជនជាតិកម្ពុជា ១០០ភាគរយ ដែលល្បីល្បាញដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូងទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿនបំផុត និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា សេវាសែលកាតមានអតិថិជនជាង ៤លាននាក់ជាមួយនឹងការគ្របដណ្តប់ទូទាំងប្រទេស និងបណ្តាញចែកចាយដ៏ធំទូលាយ៕
ក្រុមហ៊ុនឆ្នោតកីឡាជាតិ ឧបត្ថម្ភកុំព្យូទ័រ ៤៥គ្រឿង មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ដល់ NOCC និងសហព័ន្ធកីឡាជាតិ
អ្នកជំនាញការ៉ាតេអន្តរជាតិ មកចែករំលែកដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣
អគ្គលេខាធិការក្លិបអាយអេសអាយដង្កោរសែនជ័យ ប្រាប់ពីមូលហេតុក្លិបខ្ចីកីឡដ្ឋានក្រុមផ្សេងប្រើប្រាស់បណ្ដោះអាសន្ន
គ្រូថៃ សង្ឃឹមជួប វៀតណាម ម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ AFF U23 Championship 2022