Day to PARA GAMES

sport-in-live
thumbnail

ក្រុមហ៊ុន TikTok ក្លាយជាដៃគូចលនូបត្ថម្ភ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣


Mar 12, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ នាថ្ងៃទី១៣ ខែមីនានេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយក្រុមហ៊ុន TikTok  ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅថ្ងៃនេះ ដើម្បីក្លាយជាដៃគូចលនូបត្ថម្ភ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមវត្តមាន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងតំណាងក្រុមហ៊ុន TikTok  ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Nicholas Pham រួមទាំងអ្នកពាក់ព័ន្ធ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីក្លាយជាដៃគូចលនូបត្ថម្ភនេះ គឺជាការរួមចំណែកលើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ នៅលើបណ្ដាញសង្គម TikTok អំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ក៏ដូចជាធ្វើឲ្យគោលដៅទេសចរណ៍ស៊ីហ្គេម ឬក៏ផ្សព្វផ្សាយសក្ដានុពល និងទិដ្ឋភាពកម្ពុជាទាំងមូល ទៅកាន់ពិភពលោក តាមរយៈបណ្តាញសង្គម TikTok។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា៖ «ចុះហត្ថលេខាជាមួយ TikTok គឺជាបណ្ដាញសង្គមមួយ ដែលមានឥទ្ធិពលក្នុងសង្គម ទាំងក្នុងស្រទាប់យុវជន និងប្រជាជនទូទៅ ទាំងក្មេងចាស់ ប្រុសស្រី ជាអ្នកមានឥទ្ធិពលក្នុងសង្គមរបស់យើង ប្រើប្រាស់ TikTok ធ្វើជាមធ្យោបាយក្នុងការផ្សព្វផ្សាយផ្សេងៗ។ អ៊ីចឹង យើងឃើញសារសំខាន់នេះហើយ បានជា CAMSOC បានទំនាក់ទំនង និងស្វែងរកតម្លៃបន្ថែម នៃការប្រូម៉ូត ឬការផ្សព្វផ្សាយស៊ីហ្គេមរបស់យើង ទៅកាន់ពិភពលោក ក៏ដូចជាក្នុងប្រទេសរបស់យើងដែរ»។

«យើងសហការនេះ គឺយើងសហការក្នុងកម្រិតនៃការផ្សព្វផ្សាយរួមគ្នា ដោយបណ្ដាញសង្គម TikTok នេះ គាត់បានជួយយើងក្នុងការធ្វើឲ្យព្រឹត្តិការណ៍ស៊ីហ្គេម ក៏ដូចជាធ្វើឲ្យគោលដៅទេសចរណ៍ស៊ីហ្គេម ឬក៏គាត់ធ្វើការផ្សព្វផ្សាយអំពីកម្ពុជា បានន័យថា ផ្សព្វផ្សាយសក្ដានុពល និងទិដ្ឋភាពកម្ពុជាទាំងមូល ទៅកាន់ពិភពលោក តាមរយៈ TikTok»។ ប្រសាសន៍បន្ថែមរបស់ឯកឧត្តម។


TikTok ក៏នឹងជួយទៅលើការផលិតមាតិកាសំខាន់ៗ និងគាំទ្រដល់ការផ្សាយព្រឹត្តិការណ៍ប្រកួត ក៏ដូចជាទិដ្ឋភាពពីក្រោយឆាក ការសម្ភាសន៍អត្តពលិក និង highlight ការប្រកួតជាដើម។

លោក Nicholas Pham តំណាងក្រុមហ៊ុន TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារីករាយដែលបានមកទីនេះ ក្នុងនាមតំណាងឱ្យ TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចុះហត្ថលេខាក្លាយជាដៃគូចលនូបត្ថម្ភ Premium Sponsor និងរីករាយដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលអបអរស្មារតីកីឡា ការរួបរួម និងមិត្តភាព»។

លោកក៏បានសង្កត់ធ្ងន់ថា នាមជាអ្នកឧបត្ថម្ភលើការផលិតមាតិកា TikTok ប្តេជ្ញាគាំទ្រអត្តពលិក គ្រប់បណ្ដាប្រទេស និងអ្នកគាំទ្រ ដែលនឹងរួមចំណែកជំរុញស៊ីហ្គេមឱ្យក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសអស្ចារ្យ។ «យើងរីករាយ ដោយនឹងប្រើប្រាស់បណ្ដាញសង្គមរបស់យើង ដើម្បីផ្សព្វផ្សាយពីការប្រកួត នាំអ្នកគាំទ្រឱ្យកាន់តែកៀកទៅនឹងសកម្មភាព និងចែករំលែករឿងរ៉ាវដ៏អស្ចារ្យរបស់អត្តពលិក ជាមួយពិភពលោក»។ សម្ដីរបស់ លោក Nicholas Pham។


តំណាង TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍រូបនេះ ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ការក្លាយជាដៃគូចលនូបត្ថម្ភនេះ មិនមែនត្រឹមតែការផលិតមាតិកាតែមួយមុខនោះទេ ប៉ុន្តែក៏ជាការផ្សព្វផ្សាយពីតម្លៃរបស់ស៊ីហ្គេម ដែលរួមមាន ការរួបរួម, ការគោរពគ្នាទៅវិញទៅមក និងគោលការណ៍យុត្តិធម៌៕