Day to PARA GAMES
CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ (CAMSOC-CAMAPGOC) បានចុះហត្ថលេខាលើភាពជាដៃគូចលនូបត្ថម្ភជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ (CAMBODIA AIRWAYS) នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងការឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ធ្លាប់បានជួយដល់វិស័យកីឡាកម្ពុជាកន្លងមក ជាពិសេស កាលពីស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២២ កន្លងទៅ ក្រោយពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺប្រតិភូកីឡាកម្ពុជាក៏ទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃពីក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ នេះដែរ។ អ៊ីចឹងនេះជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ ដែលតែងតែខិតខំគាំទ្រដល់ចលនាកីឡាកម្ពុជា ហើយខេមបូឌាអ៊ែរវ៉ែ តែងតែជួយជ្រោមជ្រែងឧបត្ថម្ភដល់ក្រុមអត្តពលិកកម្ពុជា ក្នុងពេលចេញទៅប្រកួតអន្តរជាតិផ្សេងទៀតក្រៅពីស៊ីហ្គេម រួមទាំងការចេញទៅហ្វឹកហាត់ជាច្រើនផ្សេងៗផងដែរ។
«ដូច្នេះ នៅថ្ងៃនេះតាមរយៈការចុះហត្ថលេខាជួយដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ បានក្លាយដៃគូដឹកជញ្ជូនផ្លូវអាកាសជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ខេមបូឌា អ៊ែរវ៉េ ជាយីហោរបស់កម្ពុជា ហើយបានជួយដល់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣របស់កម្ពុជា។ ក្រុមហ៊ុន បានជួយលើផ្នែកសំបុត្រយន្តហោះ ថវិកា រួមទាំងការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងការផ្សព្វផ្សាយនៅក្នុងយន្តហោះ ដោយការចុះ MoU នេះ យើងទទួលបានអត្ថប្រយោជន៍ច្រើនណាស់»។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់បន្ថែម។
ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការបានដាក់ក្តីសង្ឃឹមថា ក្រុមប្រតិភូ អត្តពលិកទាំងអស់នៃសមាជិកអាស៊ីអាគ្នេយ៍នឹងជួយប្រើប្រាស់សេវាដឹកជញ្ជូនផ្លូវអាកាស ដែលជាក្រុមហ៊ុនដៃគូរបស់ម្ចាស់ផ្ទះ កម្ពុជា។ «CAMSOC នឹងជំរុញបន្ថែមដល់ការផ្សព្វផ្សាយដល់បណ្តាគណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ដែលត្រូវចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា ឱ្យជួយប្រើប្រាស់យន្តហោះនៃក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ ក្នុងគោលដៅជួយជ្រោមជ្រែងដល់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម របស់កម្ពុជាយើង»។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «យើងដឹងហើយថា ការប្រកួតកីឡាស៊ីហ្គេម និងការប្រកួតកីឡាធំៗ គេតែងតែស្វែងរកដៃគូក្រុមហ៊ុនហោះហើរ ដើម្បីទទួលបានតម្លៃថោកសមរម្យ ទំនុកចិត្តខ្ពស់ ការគាំទ្រ ព្រមទាំងទទួលបានភាពកក់ក្តៅ ក្នុងគោលដៅជួយជ្រោមជ្រែងដល់ប្រតិភូកីឡាទាំងអស់ផងដែរ»។
បន្ថែមពីលើនេះ ក្នុងនាមជាប្រតិបត្តិករកីឡាតំណាង CAMSOC ឯកឧត្តម វ៉ាត់ ចំរើន បង្ហាញភាពជឿជាក់ថា ក្រុមហ៊ុន ខេមបូឌាអ៊ែរវ៉េ ក្នុងភាពជាដៃគូផ្លូវវការរបស់ CAMSOC នឹងរីកចម្រើនជាមួយគ្នា ឈ្នះឈ្នះទាំងអស់គ្នា ក្នុងន័យរួមគ្នាកសាងមាតុប្រទេសកម្ពុជាឱ្យកាន់តែសម្បូររុងរឿង។
ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ «ក្នុងនាមកីឡាករ កីឡាការិនីទាំងអស់ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ខេមបូឌាអ៊ែរវ៉េ ក្នុងការឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះ ជាពិសេសឧបត្ថម្ភដល់សំបុត្រយន្តហោះសម្រាប់ការហោះហើរបស់កីឡាករ កីឡាការិនីកម្ពុជា ចេញចូលសម្រាប់ការហ្វឹកហាត់នៅក្រៅប្រទេស ដូចជាប្រទេសសិង្ហបុរី ថៃ និងប្រទេសចិនជាដើម។ យើងសង្ឃឹមថា យើងនឹងអាចបន្តក្នុងភាពជាដៃគូជាមួយគ្នា សម្រាប់ចលនាកីឡាកម្ពុជា នាថ្ងៃអនាគតបន្ថែមទៀត ក្នុងការបន្តស្វែងរកឧត្តមភាពរបស់កម្ពុជា ទាំងនៅក្នុងតំបន់ ក៏ដូចជាលើឆាកអន្តរជាតិផងដែរ»៕
ក្រុមហ៊ុនឆ្នោតកីឡាជាតិ ឧបត្ថម្ភកុំព្យូទ័រ ៤៥គ្រឿង មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ដល់ NOCC និងសហព័ន្ធកីឡាជាតិ
អ្នកជំនាញការ៉ាតេអន្តរជាតិ មកចែករំលែកដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣
អគ្គលេខាធិការក្លិបអាយអេសអាយដង្កោរសែនជ័យ ប្រាប់ពីមូលហេតុក្លិបខ្ចីកីឡដ្ឋានក្រុមផ្សេងប្រើប្រាស់បណ្ដោះអាសន្ន
គ្រូថៃ សង្ឃឹមជួប វៀតណាម ម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ AFF U23 Championship 2022