sport-in-live
thumbnail

សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញដំណើរការសាង់សង់ភូមិកីឡា និងត្រួតពិនិត្យមើលទីលានប្រកួតកីឡា


Mar 15, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានអញ្ជើញចុះត្រួតពិនិត្យមើល និងជំរុញបន្ថែមដល់ដំណើរការសាងសង់ភូមិកីឡាឱ្យទាន់ពេលវេលា និងទីលានប្រកួតនានា សម្រាប់បម្រើដល់ការស្នាក់នៅរបស់ក្រុមអត្តពលិកជាតិ និងអន្តរជាតិ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ថ្លែងក្រោយបញ្ចប់ដំណើរចុះត្រួតពិនិត្យ និងកិច្ចប្រជុំ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានគូសបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់ភូមិកីឡាចំនួន៣លើកមកហើយ ហើយសម្តេចពិជ័យសេនាតែងតែបានណែនាំវឌ្ឍនភាពការងារជាប្រចាំ ដើម្បីជំរុញឱ្យដំណើរការសាងសង់ភូមិកីឡាបានរួចរាល់ តាមពេលវេលាដែលបានកំណត់។


«ជារួមនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា បានកំណត់ថា ធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹង ដើម្បីត្រៀមការរៀបចំតុបតែងលម្អ បំពាក់សម្ភារៈ ឧបករណ៍ដល់បន្ទប់ស្នាក់នៅ សម្រាប់ក្រុមប្រតិភូ កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិអាស៊ាន ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ការស្នាក់នៅក្នុងភូមិកីឡា ដែលត្រូវទទួលអត្តពលិកចន្លោះពី ៦០០០នាក់ទៅ ៧០០០នាក់ ហើយក្នុង១ថ្ងៃៗ អាចទទួលការស្នាក់នៅចន្លោះពី៤០០០នាក់ ឬ៥០០០នាក់ទៅ ៦០០០នាក់ ដែលត្រូវសម្រាក និងទទួលទានអាហារ នៅក្នុងភូមិកីឡានេះ»។ ឯកឧត្តមអគ្គលេខាធិការបានបន្ថែម។


ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា៖ «ឥឡូវនេះ យើងឃើញថា សម្តេចពិជ័យសេនា ទៀ បាញ់ បានយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាខ្វល់ខ្វាយយ៉ាងច្រើនលើដំណើរការសាងសង់ភូមិកីឡានេះ ដោយសម្តេចប្រធាន CAMSOC បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមកម្លាំងគ្នាគាំទ្រឱ្យដំណើរការសាង់សង់នេះ បានរួចរាល់តាមផែនការ។ ដូច្នេះ ការងារនេះយើងនឹងពិនិត្យមើល និងវាយតម្លៃចុងក្រោយ ត្រឹមដំណាច់ខែមីនានេះតែម្តង»។


ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យមើលទីលានប្រកួតនានា ដោយក្រុមអ្នកផ្គត់ផ្គង់បំពាក់សម្ភារបច្ចេកទេស ប្រព័ន្ធសំឡេង ប្រព័ន្ធភ្លើងនៅទីលានក្នុងសាលប្រកួតនីមួយៗឱ្យបានគ្រប់គ្រាន់ និងស្របតាមស្តង់ដារជាដើម។ ក្នុងកិច្ចប្រជុំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ ដូចជាទីលានវាយសី អាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ គឺបានបំពាក់ប្រព័ន្ធឧបករណ៍បានរួចរាល់ហើយ។ ចំណែកឯការរៀបចំតុបតែ បំពាក់ឧបករណ៍គាំទ្រនៅទីលានផ្សេងៗទៀត នឹងត្រូវរៀបចំ ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពោលតាមគម្រោងនៃពេលវេលាឱ្យទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។


បន្ថែមពីលើនេះ ចាប់ពីថ្ងៃទី០១ ខែមេសា តទៅ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមបណ្ឌិត ថោង ខុន នឹងអញ្ជើញចុះត្រួតពិនិត្យនៅតាមទីលានប្រកួតផ្សេងៗទៀត ដូចជានៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តគោលដៅចំនួន៤ផ្សេងទៀត ដែលត្រូវរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ឱ្យបានគ្រប់ទីលានទាំងអស់៕