Day to PARA GAMES
CAMAPGOC-ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់កម្មករ-កម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ ឬកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្វើឡើងក្នុងឱកាសសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិតសរុបចំនួន ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«ឥឡូវនេះ នៅសល់តែ ៨ថ្ងៃទៀតទេ ក្មួយៗ កីឡាអាស៊ានប៉ារ៉ាហ្គេម គឺការប្រកួតកីឡាជនពិការនឹងមកដល់។ ក្មួយៗទាំងឡាយត្រូវផ្តល់ការគាំទ្រ លើកទឹកចិត្តឲ្យកីឡាជនពិការរបស់យើង មិនខុសពីកីឡាដែលមានកាយសម្បទាល្អនោះទេ។ ចំណុចនេះ គឺត្រូវរៀបចំលិខិតឲ្យមកក្រសួងការងារខ្លះ សម្រាប់ចែកឲ្យកម្មករ ព្រោះយើងបើក និងបិទអត់មានអ្វីខុសពីព្រឹត្តិការណ៍ស៊ីហ្គេមនោះទេ ក្នុងនាមយើងជាម្ចាស់ផ្ទះ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបន្ថែមថា នៅល្ងាចថ្ងៃទី២៦ ខែឧសភានេះ សម្ដេចនឹងជួបសំណេះសំណាល និងជូនដំណើរកីឡាករ-កីឡាការិនីជនពិការកម្ពុជា ទៅប្រកួត ប៉ុន្ដែជូនដំណើរពីវិមានសន្ដិភាព ទៅទីកន្លែងប្រកួត ដូចស៊ីហ្គេម លើកទី៣២ ដែរ ខុសពីលើកមុនៗ ដែលសម្ដេចជូនដំណើរពីវិមានសន្ដិភាព ទៅប្រកួតនៅប្រទេសនេះ ឬប្រទេសនោះជាដើម។
សម្ដេចមានប្រសាសន៍ថា ៖«ល្ងាចនេះ ពូនឹងជួបកីឡាករ-កីឡាការិនីជនពិការ ទៅទីតាំងប្រកួត ដែលនឹងត្រូវបើក នៅល្ងាចថ្ងៃទី០៣ ខែមិថុនា។ ក្មួយៗចាំមើល គេចង់បន្ថែមម៉ោងបាញ់កាំជ្រូចបន្ថែមទៀត ព្រោះដើម្បីលើកទឹកចិត្ត និងស្វាគមន៍ ចំពោះកីឡាករ-កីឡាការិនីដែលមានពិការភាព មកពី ១១ប្រទេស បូកទាំងកម្ពុជាយើង»។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖«អ៊ីចឹងប្រទេសកម្ពុជា ក៏ដូចជាថ្ងៃបុណ្យមួយដែរ ក្នុងរយៈពេលកន្លងទៅ ពេលស៊ីហ្គេម ដែលយើងសប្បាយរីករាយទាំងអស់គ្នា។ ហើយប្រធានបទ “កីឡារស់ក្នុងសន្ដិភាព” គឺជាប្រធានបទ ដែលត្រូវបំផុត ព្រោះកាលណាមានសង្គ្រាម ក្មួយៗអើយ មានការប្រយុទ្ធគ្នាហើយ កុំថាឡើយកីឡា សូម្បីតែក្មួយៗក៏រត់ជាន់ជើងគ្នា។ បើគេបិទរោងចក្រ ក្មួយៗរត់ទៅស្រុកអស់ហើយ។ ចឹងបានថា នាំគ្នាការពារសន្ដិភាព ការពារស្ថេរភាពនយោបាយឲ្យបាន»។
គួរដឹងថា កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា នឹងចាប់ផ្ដើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា ១៣ប្រភេទ ត្រូវបានដាក់ឲ្យធ្វើការប្រកួត រួមមានកីឡាកីឡាអត្តពលកម្ម, ហែលទឹក, វាយសី, ប៊ូស្យា, អុក, បាល់ទាត់បុរស(៥ម្ខាង និង ៧ម្ខាង) បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ និងកីឡាអេឡិចត្រូនិក(E-Sports)។ សម្រាប់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះ បានត្រៀមកីឡាករ-កីឡាការិនីសរុបចំនួន ២៣៦នាក់ ដើម្បីចូលរួមប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិ៕
ហេង សាវឿន ៖ វិញ្ញាសា៤០០ម៉ែត្រ និង៨០០ម៉ែត្រ មានសក្តានុពលសម្រាប់កម្ពុជា រកមេដាយពីអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី
សម្ដេចពិជ័យសេនា ទៀ បាញ់ បង្ហាញគោលបំណងសំខាន់ៗនៃកិច្ចប្រជុំ APSF និង SEAGF
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បើកកិច្ចប្រជុំជាមួយគ្រូបង្វឹកជម្រើសជាតិដើម្បីស្វែងរកយុទ្ធសាស្រ្ត ត្រៀមអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី
ប្រធានក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា រីករាយពេលមានវត្តមានកីឡាជនពិការក្នុងកីឡាជាតិ