Day to PARA GAMES
CAMSOC-ភ្នំពេញ៖ បន្ទាប់ពីបានចំណាយរយៈពេល ៣ថ្ងៃ វគ្គបណ្ដុះបណ្ដាល «មន្ត្រីគណៈកម្មការបច្ចេកទេសកីឡាលោតទឹក កម្រិតអន្តរជាតិ» បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ម្សិលមិញ ដែលបង្ហាញចេញជាសញ្ញាល្អ សម្រាប់ការត្រៀមមុនព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នាខែឧសភា ខាងមុខ លើវិញ្ញាសាកីឡាលោតទឹក។
វគ្គបណ្ដុះបណ្ដាល «មន្ត្រីគណៈកម្មការបច្ចេកទេសកីឡាលោតទឹក កម្រិតអន្តរជាតិ» នេះ មានសិក្ខាកាមសរុប ២០នាក់ចូលរួម ហើយត្រូវបានបង្រៀនដោយគ្រូឧទ្ទិសមកពីប្រទេសម៉ាឡេស៊ី លោក Tony Koh Kok Beng ដែលមានតួនាទីជាមន្ត្រីគណៈកម្មការបច្ចេកទេសអន្តរជាតិ។
លោក Tony Koh Kok Beng ដែលមានបទពិសោធន៍ជោគជាំលើប្រភេទកីឡាលោតទឹក បានសង្កត់ធ្ងន់ ដោយសង្កេតឃើញថា សិក្ខាកាមមានការខិតខំប្រឹងប្រែងខ្លាំង ជាពិសេសយកចិត្តទុកដាក់លើវគ្គបណ្ដុះបណ្ដាលនេះ ហើយលោកបានសម្ដែងក្ដីរីករាយ ដែលសិក្ខាកាមអាចឆ្លើយតបទៅនឹងតម្រូវការរបស់លោកបាន។
លោក Tony Koh Kok Beng បានថ្លែងបន្ថែមថា៖ «ពិតណាស់! កម្ពុជា ពុំដែលបានរៀបចំការប្រកួតកីឡាលោតទឹកនេះរយៈពេលយូរមកហើយ ដូច្នេះនេះជាលើកដំបូង ដែលគេទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម ដោយមានវិញ្ញាសាលោតទឹក អ៊ីចឹងខ្ញុំមកទីនេះ ដើម្បីជួយឱ្យអស់ពីលទ្ធភាពដល់មន្ត្រីបច្ចេកទេសក្នុងស្រុក ដើម្បីទទួលបានចំណេះដឹង និងចូលរួមជួយសហការ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើវិញ្ញាសាលោតទឹកនេះ»។
នេះជាលើកដំបូង ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ហើយកីឡាលោតទឹកក៏ដូចគ្នា ដែលមានការប្រកួតកម្រិតអន្តរជាតិបែបនេះ នៅកម្ពុជា ស្របពេលដែល លោក Tony ជាមន្ត្រីចូលរួមសឹងគ្រប់ព្រឹត្តិការណ៍ស៊ីហ្គេម ជាង២ទសវត្សន៍ មកនោះ ក៏សម្ដែងការជឿជាក់ថា កម្ពុជា នឹងរៀបចំបានដោយរលូន ដោយផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធ រួមទាំងគណៈកម្មាធិការជាតិ CAMSOC។
«ខ្ញុំបានមើលទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡាហែលទឹក ហើយខ្ញុំពិតជារីករាយដែលហេដ្ឋារចនាសម្ព័ន្ធទាំងអស់សុទ្ធតែល្អ និងអាចទទួលរៀបចំការប្រកួតបានរលូន ទាំងក្ដារលោតជាដើម ទាំងអ្នកពាក់ព័ន្ធ ទាំងសហព័ន្ធ និងគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ខ្ញុំគិតថា អ្វីៗនឹងរលូន»។ សម្ដីរបស់ លោក Tony។
ចំណែកលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានសម្ដែងក្ដីសោមន្សចំពោះសិក្ខាកាម ដែលចូលរួមសុទ្ធសឹងតែជាយុវជន ត្រូវបន្តវេន ហើយសម្រេចភាពជោគជ័យលើវគ្គបណ្ដុះបណ្ដាលនេះ ខណៈពួកគេត្រូវមានកិច្ចការសំខាន់ភ្លាមៗ ត្រូវអនុវត្ត ពោលគឺនឹងក្លាយជាផ្នែកមួយ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។
លោក ហែម គីរី បានថ្លែងថា៖ «សម្រាប់វគ្គនេះគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក ហើយពិតជាមានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) របស់យើង ដែលបានផ្ដល់លទ្ធភាពឱ្យសហព័ន្ធយើង បានរៀបចំវគ្គនេះ ព្រោះប្រសិនបើយើងអត់មានវគ្គនេះ មន្ត្រីរបស់យើងច្បាស់ជាមានការលំបាក នៅក្នុងការចូលរួម និងជាពិសេសដឹកនាំការប្រកួតកម្រិតអន្តរជាតិបែបនេះ។ អ៊ីចឹង លោក Tony គាត់មានបទពិសោធន៍ គាត់មានចំណេះដឹងច្រើនក្នុងការជួយ ក្នុងការដឹកនាំមន្ត្រីរបស់យើង បង្រៀនមន្ត្រីឱ្យគាត់កាន់តែយល់ដឹង ហើយនឹងធ្វើការងារនេះ»។
«ខ្ញុំពិតជាមានការកោតសរសើរដល់សិក្ខាកាមទាំង ២០រូប ដែលភាគច្រើនជាមន្ត្រីក្មេងៗ ដែលគាត់មានចំណេះដឹង អាចរៀនសូត្រទាន់ ជាពិសេសចាប់បាននូវចំណេះដឹងដែលគាត់បានរៀនជាមួយគ្រូឧទ្ទិស ហើយនេះជាចំណុចវិជ្ជមាន»។ លោក ហែម គីរី បានសង្កត់ធ្ងន់។
ពាក់ព័ន្ធនឹងការរៀបចំប្រកួតកីឡាលោតទឹកនេះ កម្ពុជាជាអ្នកសម្របសម្រួលអ្នកចូលរួមក្នុងការដឹកនាំការប្រកួត ព្រោះការប្រកួតលក្ខណៈអន្តរជាតិនេះគឺត្រូវមានគណៈកម្មការ មន្ត្រីមកពីសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមក្នុងការដឹកនាំ និងឱ្យពិន្ទុ។ ចំពោះមន្ត្រីរបស់កម្ពុជា ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ គឺនឹងត្រូវរៀបចំក្នុងការងារចូលរួមសហការជាមួយនឹងមន្ត្រីបច្ចេកទេសអន្តរជាតិទាំងអស់នោះ៕
ក្រុមហ៊ុនឆ្នោតកីឡាជាតិ ឧបត្ថម្ភកុំព្យូទ័រ ៤៥គ្រឿង មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ដល់ NOCC និងសហព័ន្ធកីឡាជាតិ
អ្នកជំនាញការ៉ាតេអន្តរជាតិ មកចែករំលែកដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣
អគ្គលេខាធិការក្លិបអាយអេសអាយដង្កោរសែនជ័យ ប្រាប់ពីមូលហេតុក្លិបខ្ចីកីឡដ្ឋានក្រុមផ្សេងប្រើប្រាស់បណ្ដោះអាសន្ន
គ្រូថៃ សង្ឃឹមជួប វៀតណាម ម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ AFF U23 Championship 2022