Day to PARA GAMES

sport-in-live
thumbnail

ស៊ីហ្គេម២០២៣៖ សម្តេចពិជ័យសេនា ទៀ បាញ់ ជម្រុញការផ្សព្វផ្សាយខ្លាំងក្លា ចាប់ពី"១០០ថ្ងៃ"តទៅ


Jan 20, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញបន្ថែមដល់ការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដែលជាថ្ងៃរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។



ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម កាលពីល្ងាចថ្ងៃទី២០ ខែមករា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានជម្រាបជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធាន គណៈកម្មាធិការជាតិ CAMSOC ឲ្យជំរុញបន្ថែមលើការងារផ្សព្វផ្សាយតាមទូរទស្សន៍ឲ្យកាន់តែទូលំទូលាយ។


«ចាប់ពីរយៈពេលនៅសល់១០០ថ្ងៃ (ពីថ្ងៃទី២៥មករា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣) សម្តេចពិជ័យសេនាបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌ ស្នើសុំដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជាពិសេសទូរទស្សន៍ទាំងអស់ ជួយផ្សព្វផ្សាយ ស្ពតផ្សព្វផ្សាយឲ្យបានច្រើនជាអតិបរមា តាមដែលអាចធ្វើទៅបាន។ អ៊ីចឹង រាល់កម្មវិធីទូរទស្សន៍ទាំងអស់ ត្រូវជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋខ្មែរ និងអន្តរជាតិ ដើម្បីបំផុសចលនាឲ្យទទួលបានការគាំទ្រឲ្យបានខ្លាំងក្លា»។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់បន្ថែម។

«នេះជាការបង្ហាញឲ្យកាន់តែច្បាស់អំពីការត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយរបស់ម្ចាស់ផ្ទះកម្ពុជា នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ពីព្រោះនិមិត្តរូបនៃ១០០ថ្ងៃ គឺជាការផ្ញើសារជូនទៅដល់គ្រប់ប្រទេសទាំងអស់ជាសមាជិកអាស៊ីអាគ្នេយ៍ និងពិភពលោកថា កម្ពុជាគឺបានត្រៀមខ្លួនរួចរាល់ “Cambodia is Ready” ដើម្បីត្រៀមទទួលស្វាគមន៍យ៉ាងកក់ក្តៅ ជូនដល់ប្រតិភូកីឡា និងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្ត្រមួយនេះ»។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។


ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ជំរុញលើការបំពាក់ប្រព័ន្ធអ៊ិនធឺណេតឲ្យបានគ្រប់កន្លែង ក្នុងអំឡុងពេលប្រកួត ដែលប្រព័ន្ធអ៊ិនធឺណេត ជាចំណុចគន្លឹះក្នុងការផ្សព្វផ្សាយឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅទូទាំងប្រទេស និងទៅកាន់បរទេសផងដែរ។ ប្រសិនមិនមានប្រព័ន្ធអ៊ិនធឺណិតគ្រប់គ្រាន់ទេ នោះការផ្សព្វផ្សាយនេះ មិនមានប្រសិទ្ធភាពខ្ពស់នោះឡើយ ហើយក៏មិនអាចផ្សាយផ្ទាល់ពីកន្លែងពិធីបានល្អនោះដែរ។

ឯកឧត្តមអគ្គលេខាធិការបានអះអាងដែរថា ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំណត់បង្ហាញជូនកិច្ចប្រជុំថា នឹងមានការបំពាក់ឧបករណ៍ Wi-Fi នៅគ្រប់ទីកន្លែង និងមានរថយន្ត Wi-Fi ចល័តទៀត ដើម្បីជួយបន្ថែមកម្លាំងលើប្រព័ន្ធអ៊ិនធឺណិតនេះ។ ជាមួយគ្នានេះ អាជ្ញាធររាជធានី-ខេត្តទាំងអស់ ជាពិសេសខេត្តគោលដៅរៀបចំប្រភេទកីឡាមួយចំនួន ក៏កំពុងត្រៀមរៀបចំកែលម្អ លើការងារផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយផងដែរ៕