Day to PARA GAMES

Day to PARA GAMES

sport-in-live
thumbnail

ប្រភេទកីឡាសីដក់ និង​ឈិនឡូន មានការ​ប្រកួត​ប្រជែង​លើ​២១វិញ្ញាសា សម្រាប់ស៊ីហ្គេម ២០២៣


Apr 24, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និង សមាគម សីប៉ាក់តាក្រអាស៊ី បាន​រៀបចំ​ពិធីចាប់ឆ្នោតចែកពូល កាលពី​ល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់​ការ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយប្រភេទ​កីឡា​នេះ មាន​ប្រទេសចូលរួមចំនួន​១០ ដើម្បី​​ធ្វើ​ការ​ប្រកួតប្រជែងដណ្តើមយក​​មេដាយ នៅលើ​វិញ្ញាសា​​សរុបចំនួន២១។

ពិធីចាប់ឆ្នោតចែកពូលនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តមបណ្ឌិត មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​សីដក់ និងឈិនឡូនកម្ពុជា និងលោក Abdul Halim Bin Karder ប្រធានសមាគមសីដក់អាស៊ី (Asian Sepaktakraw Assiciation) ព្រមទាំង​មាន​ការចូលរួម​ជាសាក្សីពី​តំណាង​ប្រទេស​នានា​ក្នុង​អាស៊ីអាគ្នេយ៍​ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បី​ជា​សក្ខីភាព​នូវ​ការ​បែងចែក​ពូលនេះ ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និងយុត្តិធម៌។

លោក Abdul Halim Bin Karder ប្រធានសមាគមសីដក់អាស៊ីបានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ព្រមទាំង​ប្រតិបត្តិករកីឡា CAMSOC-CAMAPGOC ដែលបាន​អនុញ្ញាត​ឱ្យ​សហព័ន្ធ​បាន​រៀបចំ​ការ​ចាប់​ឆ្នោតចែកពូល សម្រាប់ប្រភេទកីឡាសីដក់ និងឈិនឡូន សម្រាប់ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។ ការចាប់ឆ្នោតបែងចែកពូលនេះ ត្រូវបានធ្វើឡើងក្រោមនិតិវិធីរបស់គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាសីដក់ និងឈិនឡូនអាស៊ី ដែលធ្លាប់បានធ្វើការប្រកួតកីឡាស៊ីហ្គេម កន្លងមក។

លោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បាន​បញ្ជាក់ថា សម្រាប់ប្រភេទកីឡាសីដក់ គឺមាន១០ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍ ​បាន​ចូលរួម​ប្រកួត​ប្រជែង​មេដាយ​ចំនួន១០វិញ្ញាសា ចំណែក​ប្រភេទកីឡាឈិនឡូន មាន៥ប្រទេសប្រជែងមេដាយលើ១១វិញ្ញាសា ព្រោះ​​ប្រទេសខ្លះ មិន​បានចូលរួមលើវិញ្ញាសាឈិនឡូននេះទេ។

«តាមការកំណត់ក្នុងស៊ីហ្គេម គឺចាប់​ពី​៤​ប្រទេស​ឡើង​​ទៅ​ចូលរួមប្រកួតក្នុង១វិញ្ញាសា ទើបវិញ្ញាសា​១នេះ អាចរៀបចំការប្រកួតបាន ប៉ុន្តែ​មាន​វិញ្ញាសា​ខ្លះ​មាន​ត្រឹមតែ​៣ប្រទេស​ប៉ុណ្ណោះ ដោយនេះ​ជា​គោលការណ៍​របស់​សហព័ន្ធសីដក់អាស៊ី ព្រម​ទាំង​មាន​ការឯកភាព​ពី​បណ្តា​ប្រទេស​ដែល​ចូលរួម»។ លោក ទុយ ប៊ុនហឿន បានបញ្ជាក់​បន្ថែម ខណៈប្រភេទកីឡាសីដក់ និងឈិនឡូន ដែល​មានសរុប​២១​វិញ្ញាសានេះ នឹងដំណើរការប្រកួតពីថ្ងៃទី០៦ ដល់​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក៕