Day to PARA GAMES

Day to PARA GAMES

sport-in-live
thumbnail

ឯកឧត្តម ខៀវ កាញារីទ្ធ ៖ ទោះការរៀបចំព្រឹត្តិការណ៍កីឡាបានល្អក្តី បើគ្មានប្រព័ន្ធផ្សព្វផ្សាយនឹងបាត់បង់៥០ភាគ​រយ


Apr 28, 2023
NEWS SEA GAMES

CAMSOC-ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ថា ៖«ការរៀបចំព្រឹត្តិការណ៍កីឡា ទោះបីជាល្អយ៉ាងណាក្តី ប្រសិនបើមិនមានការចូលរួមផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានទេ នោះនឹងបាត់បង់៥០ភាគ​រយហើយ។ ដូច្នេះអ្នកសារព័ត៌មានទាំងអស់ ជាផ្នែកដ៏សំខាន់ ក្នុងការជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡានេះឱ្យ​ផ្ទុះឡើង»។



នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយការបើកឱ្យ​ដំណើរការមជ្ឈមណ្ឌលព័ត៌មានកណ្តាល (Main Press Center) នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ សម្រាប់បម្រើដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តមអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ទៀតថា ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់ ដើម្បីជំរុញឱ្យ​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ទទួលបានជោគជ័យ។ «អ្នកសារព័ត៌មានទាំងអស់ជាផ្នែកដ៏សំខាន់ ក្នុងការជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡានេះផ្ទុះឡើង ដើម្បីបង្ហាញពីមោទកភាពរបស់កម្ពុជាទាំងមូល ហើយជំរុញឱ្យ​មានស្មារតីរួមគ្នា ក្នុងសហគមន៍ប្រជាជាតិអាស៊ានតែមួយឱ្យ​បានល្អបំផុត»។



ឯកឧត្តម ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់ថា ៖«កម្ពុជាធ្លាប់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗជាច្រើនមកហើយ ប៉ុន្តែព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺត្រូវបានរៀបចំជាលើកដំបូង ដោយមានកម្មវិធីប្រកួតច្រើនកន្លែង ក្នុងពេលតែមួយ ដោយមានរហូតដល់៥រាជធានីខេត្ត។ វាអាចមានការលំបាក ក្នុងការពង្រាយកម្លាំងមនុស្ស និងសម្ភារជាដើម ប៉ុន្តែពេលនេះ យើងទទួលបានកិច្ចសហការពីស្ថានីយទូរទស្សន៍មួយចំនួនទៀត ដែលយើងបានបែងចែកការងារគ្នាធ្វើ ដូច្នេះខ្ញុំសង្ឃឹមថា យើងនឹងអាចគ្រប់គ្រងការងារ»។



«បើទោះបីជា ការទទួលរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាលើកដំបូងក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំក្តី ប៉ុន្តែការរៀបចំនេះប្រៀបបានដូចជាផ្លែឈើទុំផ្អែម ដោយមានកម្លាំងមនុស្សគ្រប់គ្រាន់ យើងមានប្រភេទកីឡាច្រើន មានទីកន្លែងហ្វឹកហាត់ច្រើន។ និយាយាជារួម គឺយើងបានរៀបចំគ្រប់គ្រាន់រួចរាល់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលមិញ បានលើកឡើងម្តងទៀត ដោយស្នើសុំឱ្យ​ខ្មែរយើងធ្វើម្ចាស់ផ្ទះប្រកបដោយសេចក្តីថ្លៃថ្នូរ ហើយបើជួបបញ្ហាត្រូវចេះអត់ធ្មត់ ដោយសំខាន់ផ្តោតលើកីឡា»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។



បន្ថែមពីលើនេះ ឯកឧត្តមមានប្រសាសន៍ទៀតថា ទី១ គឺការរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាលើកដំបូងនេះ គឺបង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាល និងទី២ បានបង្ហាញពីសាមគ្គីភាពរបស់ប្រជាជនកម្ពុជាយើងទាំងមូល ដែលកំពុងខិតខំលើកិច្ចការទាំងអស់នេះ រួមទាំងការងារផ្សព្វផ្សាយពីយុទ្ធនាការសំខាន់ៗ ដូចជាសម្អាតទីក្រុង ការលេងកីឡា និងលើកទឹកចិត្តដល់កីឡាកររបស់យើង។ ដូច្នេះហើយចំពោះផ្នែកផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យ​ទូរទស្សន៍ជាតិកម្ពុជាផ្សព្វផ្សាយគ្រប់ប្រភេទកីឡាទាំងអស់ ទោះបីជាគេមើល ឬមិនសូវមើលក្តី ក៏ថតផ្សព្វផ្សាយ នៅគ្រប់ប្រភេទកីឡាទាំងអស់ ដែលមានខ្មែរចូលរួមប្រកួត​ប្រជែងផងដែរ៕