ក្រោយចប់​ការ​ប្រកួត​ក្នុង​កីឡាជាតិលើកទី៣ ចំបាប់​ឃើញសមត្ថភាពរបស់អត្តពលិក​ល្អ​សម្រាប់ស៊ីហ្គេម២០២៣

CAMSOC-ភ្នំពេញ៖ ការប្រកួតកីឡាចំបាប់ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣បានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងពិធីបិទ លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានវាយតម្លៃពីកម្រិតសមត្ថរបស់អត្តពលិកចំបាប់ជម្រើសជាតិដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកអនុប្រធានសហព័ន្ធ បានលើកឡើងថា កម្រិតបច្ចេកទេសរបស់អត្តពលិកចំបាប់ទាំងអស់ហាក់មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ចំណុចខ្វះខាតដែលកែលំអមានតិចតួច។ ជារួមកីឡាករ កីឡាការិនីចំបាប់កម្ពុជាទាំងអស់ដែលបានចូលរួមប្រកួតកីឡាជាតិ លើកទី៣ ហាក់មានកម្រិតបច្ចេកទេស និងសមត្ថភាពគ្រប់គ្រាន់សម្រាប់ការប្រជែងមេដាយពីកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

លោក Casey Barnett បន្ថែមថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធចំបាប់កម្ពុជាបានកំណត់គោលដៅរួចហើយគឺត្រូវក្រសោបឲ្យបានមេដាយច្រើនជាង៧គ្រឿង។ ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់លំអិតពីចំនួនមេដាយមាស ឬប្រាក់ប៉ុន្មានគ្រឿងឡើយ ពីព្រោះលោកត្រូវរង់ចាំមើលលទ្ធផលនៃការប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នាខែធ្នូ ឆ្នាំ២០២២ ខាងមុខទៀត។

ជាមួយគ្នានេះ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញក្ដីរំភើបរីករាយក្នុងពិធីបិទការប្រកួតកីឡាចំបាប់ក្នុងកីឡាជាតិលើកទី៣។ លោកក៏បានឧបត្ថម្ភថវិកាដល់បណ្ដាខេត្តទាំង៧ ដែលបានចូលរួមប្រកួតកីឡាចំបាប់ក្នុងកីឡាជាតិលើកទី៣នេះដោយប្រតិភូខេត្តនីមួយៗទទួលបាន២០០ដុល្លារអាមេរិកដូចគ្នា។

គួររម្លឹកថា កីឡាជាតិលើកទី៣សម្រាប់ប្រភេទកីឡាចំបាប់គឺមានខេត្ត-ក្រសួងចូលរួមចំនួន៧។ លទ្ធផលក្រោយចប់ការប្រកួត ចំណាត់ថ្នាក់លេខ១បានទៅក្រសួងមហាផ្ទៃ ដោយក្រសោបបានមេដាយមាស៦ ប្រាក់២ និងសំរឹទ្ធ១, លេខ២បានទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឈ្នះមេដាយមាស៥ ប្រាក់៥ និងសំរឹទ្ធ២, លេខ៣បានទៅខេត្តកំពង់ឆ្នាំងដោយឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៦។ ចំណែកខេត្តព្រៃវែងលេខ៤ទទួលបានមេដាយប្រាក់២ និងសំរឹទ្ធ៧, លេខ៥បានទៅខេត្តពោធិ៍សាត់ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ២, លេខ៦បានទៅខេត្តកំពង់ធំទទួលបានមេដាយប្រាក់១ សំរឹទ្ធ១ និងលេខ៧ ខេត្តកណ្ដាលមិនទទួលបានមេដាយឡើយ៕

23/11/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org