កីឡាវ៉ូវីណាមសង្កេតឃើញមានចំណុចខ្វះខាតមួយចំនួន ក្រោយបញ្ចប់ការប្រកួតក្នុងកីឡាជាតិ លើកទី៣

CAMSOC-ភ្នំពេញ៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានសង្កេតឃើញចំណុចខ្វះខាតមួយចំនួន ក្រោយបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ពិសេសកីឡាករ-កីឡាការិនីផ្នែកវិញ្ញាសាប្រយុទ្ធ ដែលត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែម ដើម្បីត្រៀមលក្ខណៈកាន់តែល្អប្រសើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីកីឡាវ៉ូវីណាម បានបញ្ចប់ការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ។

ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតខាងលើ ដែលប្រព្រឹត្តទៅដោយរលូន ពិសេសមន្ដ្រីបច្ចេកទេសរៀបចំការប្រកួតប្រកបដោយភាពជោគជ័យ ស្របតាមនិយាមបច្ចេកទេសរបស់សហព័ន្ធកីឡាវ៉ូវីណាមអន្ដរជាតិ ដែលជាសញ្ញាណវិជ្ជមានមួយ សម្រាប់ការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។

ដោយឡែកពាក់ព័ន្ធការប្រកួតប្រជែងរបស់កីឡាករ-កីឡាការិនី ក៏មានលក្ខណៈល្អប្រសើរផងដែរ គ្រាន់តែមានចំណុចខ្លះ ត្រូវបំពេញបន្ថែម ពិសេសឯកឧត្តមបានផ្ដោតសំខាន់លើកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលត្រូវពង្រឹងសមត្ថភាពបន្ថែម ទាំងកម្លាំង និងបច្ចេកទេស ចៀសវាងផលប៉ះពាល់ដល់ការត្រៀមខ្លួនឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមនាឆ្នាំក្រោយ ។

ឯកឧត្តម អ៊ូត រតនា បានលើកឡើងថា «ខ្ញុំសង្កេតឃើញការប្រកួតរបស់យើង ៤ថ្ងៃកន្លងមកនេះ យើងមានលទ្ធផលល្អប្រសើរ ប៉ុន្ដែខ្ញុំក៏សង្កេតឃើញមានចំណុចខ្វះខាតមួយចំនួនដែរ ពិសេសប្អូនៗកីឡាករ-កីឡាការិនីជម្រើសជាតិ ត្រូវតែពង្រឹងបន្ថែម កម្លាំង និងបច្ចេកទេស ពិសេសលើប្រភេទវិញ្ញាសាប្រយុទ្ធ បើយើងដឹងថា ត្រូវប្រកួតលើប្រភេទទម្ងន់ណាហើយ ត្រូវពង្រឹងលើប្រភេទទម្ងន់នោះឲ្យបានរឹងមាំ ត្រឹមត្រូវ មិនមែនពេលរៀបប្រកួត ទើបចាប់ផ្ដើមសម្រក់គីឡូទេ ។ នេះជាការប៉ះពាល់ផ្នែកកម្លាំង ហើយជាចំណុចមួយ ដែលនាំឲ្យយើងមានកម្រិតនៅពេលប្រកួត ទោះបីបច្ចេកទេសយើងល្អក៏ដោយ ព្រោះបើកម្លាំងយើងអត់គ្រប់គ្រាន់ ធ្វើឲ្យយើងចាញ់ប្រៀបគូប្រកួតហើយ» ។

បន្ថែមលើនេះ ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលពុំទទួលបានជ័យលាភីក្នុងកីឡាជាតិ ពិសេសអ្នកមិនមែនជាជម្រើសជាតិ កុំបាក់ទឹកចិត្ត ហើយត្រូវខិតខំហ្វឹកហាត់បន្ថែម រហូតទទួលបានលទ្ធផលល្អក្នុងការប្រកួតថ្នាក់ជាតិនានា ដើម្បីទទួលបានឱកាសជាប់ជម្រើសជាតិដូចរាមច្បង ដែលហ្វឹកហាត់យូរឆ្នាំ ហើយមានឱកាសចូលរួមប្រកួតលើឆាកអន្ដរជាតិ និងដណ្ដើមមេដាយជូនជាតិនាថ្ងៃអនាគត ។

គួរបញ្ជាក់ថា សម្រាប់លទ្ធផលបច្ចេកទេសក្រោយដំណើរការប្រកួត ៤ថ្ងៃលើប្រភេទកីឡាវ៉ូវីណាមនេះ គឺសមាគមកីឡាវ៉ូវីណាមក្រសួងការពារជាតិ ដណ្តើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស ៨ ប្រាក់ ២ និងសំរឹទ្ធិ ១, ក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយមាស ៧ ប្រាក់ ៤ និងសំរឹទ្ធិ ៤, ខេត្តស្វាយរៀង ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ៦ និងសំរឹទ្ធិ ៣ និងខេត្តព្រៃវែង ឈរលេខ៤ ឈ្នះមេដាយមាស ២ ប្រាក់ ៦ និងសំរឹទ្ធិ ២គ្រឿង ៕

23/11/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org