ប្រធានសហព័ន្ធកីឡាសីដក់ណែនាំ៥ចំនុច ត្រៀមឆ្ពោះទៅស៊ីហ្គេម២០២៣

CAMSOC-ភ្នំពេញ៖ ដើម្បីត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅក្នុងពិធីបិទការប្រកួតកីឡាសីដក់ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិប៉ារ៉ាហ្គេម លើកទី១ ឆ្នាំ២០២២ ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ឯកឧត្តមបណ្ឌិត មាស សារិន បានផ្តល់អនុសាសន៍ណែនាំ៤ចំណុចសំខាន់ៗ។

ដើម្បីឱ្យកីឡាសីដក់កម្ពុជាកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាពទៅថ្ងៃអនាគត ជាពិសេសនៅពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ឯកឧត្តមបណ្ឌិត មាស សារិន បានផ្ដល់អនុសាសន៍ចំនួន៥ចំនុច។ ១. ត្រូវខិតខំបណ្តុះបណ្តាលថ្នាលយុវជន បង្កើនបរិមាណកីឡាករ កីឡាការិនីតាមសមាគម កីឡាសីដក់ឱ្យបានទូលំទូលាយ។ ២. ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រមឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព។ ៣. ត្រូវជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន និងហ្វឹកហាត់ជាប្រចាំនៅតាមបណ្តាក្លឹប សមាគម។ ៤. ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ឫក្លឹប សមាគមទូទាំងប្រទេស។ ៥. ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើន ក្នុងមួយឆ្នាំៗតាមដែលអាចធ្វើទៅបាន។

«ចំពោះការរៀបចំការប្រកួតកីឡាសីដក់ ក្នុងកីឡាជាតិនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ កីឡាការិនីម្នាក់ៗបានហ្វឹកហាត់កន្លងមក និងជាដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។ ឯកឧត្តមបណ្ឌិត មាស សារិន បានបន្ថែម។

ប្រធានសហព័ន្ធដដែលបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់អត្តពលិកដែលជាជ័យលាភី នាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ ការតស៊ូ ព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត។ ជាមួយនេះក៏ជាឱកាស ក្នុងការផ្តល់ជូនគណៈកម្មការរៀបចំការប្រកួតបានដកស្រង់ និងបង្កើនបទពិសោធ ដើម្បីធ្វើឲ្យកម្មវិធីរៀបចំ ការប្រកួតនេះកាន់តែមានភាពទាក់ទាញដល់ទស្សនិជនឲ្យជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ កីឡាករ-កីឡាការិនីបន្ថែមទៀត។

គួរបញ្ជាក់ថា យោងតាមលទ្ធផលរបស់គណៈកម្មការបច្ចេកទេសបានឲ្យដឹងថា ការប្រកួតកីឡាស៊ីដក់នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដែលមានវិញ្ញាសាចំនួន៣ គឺក្រសួងការពារជាតិក្តោបក្តាប់មេដាយមាសទាំង៣វិញ្ញាសា, ក្រសួងមហាផ្ទៃ មេដាយប្រាក់១ មេដាយសំរឹទ្ធ២, ខេត្តកំពង់ចាម មេដាយប្រាក់១ ខេត្តឧត្តរមានជ័យ មេដាយប្រាក់១ ខេត្តស្វាយរៀង មេដាយសំរឹទ្ធ១ ខណៈខេត្តព្រះវិហារមិនទទួលបានមេដាយទេ៕

23/11/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org