ស្តេចអុកចត្រង្គអង្គរសង្ក្រាន្ត ២ជំនាន់ ឈាវ បូរ៉ា៖ «កីឡាជាតិ ជាបទពិសោធថ្មីសម្រាប់​ស៊ីហ្គេម ២០២៣»

CAMSOC-ភ្នំពេញ៖ ជើងឯកកីឡាអុកចត្រង្គ ២ជំនាន់ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កីឡាករ ឈាវ បូរ៉ា បាននឹងកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈប្រភេទកីឡានេះ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតផងដែរ។

នៅមុនព្រឹត្តិការណ៍កីឡាចម្រុះដ៏ធំប្រចាំតំបន់ ធ្វើឡើងរៀងរាល់២ឆ្នាំម្ដងមកដល់ បច្ចុប្បន្ន កម្ពុជាក៏កំពុងដំណើរការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍មួយបង្កើតឡើងតាំងពីឆ្នាំ២០១៦ ដើម្បីដុសខាតសមត្ថភាពកីឡាករ-កីឡាការិនី ត្រៀមសម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងស៊ីហ្គេមបន្តបន្ទាប់ទៀត។

កីឡាជាតិឆ្នាំនេះ ប្រភេទកីឡាអុកចត្រង្គ ក៏ត្រូវបានដាក់បញ្ចូលដូចគ្នា ស្របពេលដែលជើងឯកកីឡាអុកចត្រង្គ ២ជំនាន់ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កីឡាករ ឈាវ បូរ៉ា ក៏បានទទួលនូវមេដាយមាស លើវិញ្ញាសា ១ទល់១ រយៈពេល ៦០នាទី បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៣ថ្ងៃ។

បុរសមកពីខេត្តកំពង់ចាមរូបនេះ បានលើកឡើងថា៖ «វាជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំ និងកីឡាករដទៃទៀតដែលបានចូលរួមប្រកួតកីឡាជាតិនេះ សម្រាប់ត្រៀមខ្លួនប្រកួតស៊ីហ្គេម។ ដោយសារតែវាជាលក្ខខណ្ឌថ្មីសម្រាប់ត្រៀមស៊ីហ្គេមផងនោះ ការរៀបចំមានបញ្ហាចន្លោះប្រហោងបន្តិចបន្តួច ប៉ុន្ដែកីឡាករអាចទទួលយកបាន ហើយគណៈកម្មការនឹងសម្របសម្រួលលក្ខខណ្ឌទាំងនោះ អោយកាន់តែប្រសើរឡើង»។

ឈាវ បូរ៉ា រួមទាំងកីឡាករចំនួន ៨រូប ផ្សេងទៀត ត្រូវបានជ្រើសរើសរួចរាល់ដើម្បីតំណាងជាតិ ចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ខណៈរូបលោកផ្ទាល់ ក៏បានបង្ហាញពីក្ដីរំពឹងថា នឹងរកមេដាយជូនជាតិបាន និងបង្ហើបពីគូប្រជែងដ៏ធំ ក្នុងព្រឹត្តិការណ៍ខាងមុខផងដែរគឺ ថៃ។ «កម្ពុជាសង្ឃឹមបានមេដាយច្រើន ក្នុងវិញ្ញាសាប្រកួតអុកចត្រង្គនេះ។ អ្វីដែលយើងព្រួយបារម្ភនោះ គឺមេដាយមាស។ យើងមិនអាចវាយតម្លៃបានថា ប្រទេសណាខ្លាំងជាងប្រទេសណានោះទេ គ្រាន់តែពេលបច្ចុប្បន្ននេះ សង្កេតឃើញថា កម្ពុជា និងថៃ មានភាពខ្លាំងប្រហាក់ប្រហែលគ្នា»។ សម្ដីរបស់ ឈាវ បូរ៉ា។

ជុំវិញការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឈាវ បូរ៉ា បាបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា៖ «វាជាមោទនភាពមួយ ដែលកម្ពុជាមានកីឡាបែបប្រពៃណីដែលជារបស់ខ្លួន បានបង្ហាញនៅលើឆាកស៊ីហ្គេម ហើយវាគឺជាប្រភេទកីឡាដែលអស្ចារ្យសម្រាប់កម្ពុជា។ សូម្បីតែពិភពលោក ក៏ផ្តល់តម្លៃជាខ្លាំងដល់កីឡាអុកដែរ គ្រាន់តែការលេង មានភាពខុសគ្នាខ្លះតែប៉ុណ្ណោះ»៕

24/11/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org