អគ្គលេខាធិការ​កីឡាហែលទឹក ចាត់ទុកជោគជ័យរបស់បណ្ដាខេត្តក្នុងកីឡាជាតិ គឺជាសញ្ញាណល្អ

CAMSOC-ភ្នំពេញ៖ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតលើប្រភេទកីឡាហែលទឹក និងហែលទឹកជនពិការ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ដែលប្រព្រឹត្តទៅដោយរលូន ពិសេសលោកកោតសរសើរក្រុមកីឡាករ មកពីបណ្ដាខេត្ត ដែលដណ្ដើមបានមេដាយមាសច្រើន និងចាត់ទុកជោគជ័យនេះ គឺជាសញ្ញាណដ៏ល្អសម្រាប់វិស័យកីឡាហែលទឹកតាមខេត្ត។

លោកបានគូសបញ្ជាក់ថា ពាក់ព័ន្ធដំណើរការរៀបចំការប្រកួត គឺបានដំណើរការដោយជោគជ័យ ទោះបីមានការខ្វះខាតបន្ដិចបន្ដួចលើការដឹកនាំ និងរៀបចំផ្នែកកីឡាហែលទឹកជនពិការក៏ដោយ។ តែជារួម គឺទទួលបានលទ្ធផលល្អប្រសើរ ទាំងការរៀបចំកីឡាហែលទឹក (ជនមិនមានពិការភាព) និងហែលទឹកជនពិការ។ អ្វីដែលពិសេស គឺពាក់ព័ន្ធបច្ចេកទេសនៃការប្រកួតរបស់កីឡាករ-កីឡាការិនី ដែលមានភាពប្រដំប្រសងគ្នា រវាងក្រុមកីឡាហែលទឹកមកពីបណ្ដាខេត្ត និងក្រសួងចូលរួម។

ក្រោយបញ្ចប់ការប្រកួតខាងលើ លោក ហែម គិរី បានបង្ហាញសុទិដ្ឋិនិយមថា «អ្វីដែលយើងរំភើបចិត្តនោះ គឺបណ្ដាខេត្តទាំងអស់ ដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធច្រើន ពិសេសខេត្តព្រៃវែង គឺទទួលបានមេដាយមាសច្រើន ហើយក្រសួង ស្ថាប័នចូលរួម គឺទទួលបានមេដាយមាសច្រើន។ អ៊ីចឹង បើយើងគិតលើលទ្ធផលបច្ចេកទេសវិញ អត់មានបែងចែកការប្រកួតនេះដាច់ពីគ្នាទេ ដោយសារក្រសួង និងខេត្ត ចូលរួមទាំងអស់ គឺមានធនធានកីឡាករ-កីឡាការិនីល្អៗច្រើន ដែលគាត់អាចដណ្ដើមយកមេដាយមាសបាន»។

លោកបន្ថែមថា «ការប្រកួតពីមុនៗ យើងឃើញថា ក្រសួងខ្លះ គាត់ដណ្ដើមបានមេដាយមាសច្រើន ដាច់ឆ្ងាយពីបណ្ដាខេត្ត តែលើកនេះ ទាំងខេត្ត និងក្រសួង គឺមេដាយប្រដំប្រសងគ្នា។ នេះ សបញ្ជាក់ថា វិញ្ញាសាកីឡាហែលទឹក អាចមានការរីកចម្រើនច្រើនទៅតាមបណ្ដាខេត្ត ក៏ដូចជាក្រសួង។ ដូច្នេះ ខេត្តដែលយើងមានហេដ្ឋារចនាសម្ព័ន្ធ ដូចជាខេត្តបាត់ដំបង ដែលថ្មី ហើយលើកទី១ មានវិញ្ញាសាហែលទឹកចូលរួមប្រកួតកីឡាជាតិ ហើយខេត្តកណ្ដាល ខេត្តកំពង់ចាម ពិសេសខេត្តចូលរួមទាំងអស់ ទាំងជនពិការ គឺយើងទទួលបានលទ្ធផលល្អ»។

សម្រាប់លទ្ធផលនៃការប្រកួតវិញ ចំពោះប្រភេទកីឡាហែលទឹក (មិនពិការភាព) ក្នុងចំណោម ២៤វិញ្ញាសា គឺខេត្តព្រៃវែង ដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស ៧ ប្រាក់ ៥ និងសំរឹទ្ធ ២ ខណៈក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយមាស ៤ ប្រាក់ ៥ និងសំរឹទ្ធ ៣ និងរាជធានីភ្នំពេញ ឈរលេខ៣ ឈ្នះមេដាយមាស ៤ ប្រាក់ ១ និងសំរឹទ្ធ ១។ រីឯខេត្តកណ្ដាល ឈរលេខ៤ ឈ្នះមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៤, ខេត្តបាត់ដំបង ឈរលេខ៥ ឈ្នះមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ២, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ៦ ឈ្នះមេដាយមាស ២ ប្រាក់ ៣ និងសំរឹទ្ធ ៧ និងខេត្តកោះកុង ឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ១។

ចំណែកការប្រកួតកីឡាហែលទឹកជនពិការវិញ គឺក្រុមកីឡាហែលជនពិការមកពីខេត្តកំពត ដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងចំណោម ៩វិញ្ញាសា ដោយឈ្នះមេដាយមាស ៣ និងប្រាក់ ១ តាមពីក្រោយដោយខេត្តកំពង់ចាម ឈ្នះមេដាយមាស ២ និងសំរឹទ្ធ ៣។ ចំណែករាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ឈរលេខ៣ និងលេខ៤ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១ ដូចគ្នា។ រីឯខេត្តកណ្ដាល ឈរលេខ៥ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ២ និងខេត្តកែប ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ឈរលេខ៦៕

24/11/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org