ចប់​ការប្រកួតក្នុង​កីឡាជាតិ គ្រូ​វាយកូនបាល់ វាយតម្លៃថា កម្រិតបច្ចេកទេសវាយទោល រីកចម្រើនជាងគេ

CAMSOC-ភ្នំពេញ៖ លោក ជា ពៅ គ្រូបង្វឹកជម្រើសជាតិវាយកូនបាល់កម្ពុជា និងជាគណៈកម្មការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ បានធ្វើការវាយតម្លៃថា សមត្ថភាពកីឡាករ-កីឡាការិនីវាយទោល មានភាពរីកចម្រើនខ្លាំងជាង ការប្រកួតវាយគូ ទាំងបុរស និងនារី។ ការលើកឡើងនេះ ក្រោយពេលបិទការប្រកួតកីឡាវាយកូនបាល់ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ។

គ្រូបង្វឹកខាងលើ បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំឃើញថា អស់រយៈពេល៥ថ្ងៃ នៃការប្រកួតកន្លងមកនេះ យើងបានឆ្លងកាត់ការប្រកួត ទាំងឯកត្តជនបុរស ឯកត្តជននារី វាយគូបុរស និងវាយគូនារី។ ជារួម ខ្ញុំមើលឃើញថា ឯកត្តជនបុរស និងឯកត្តជននារី មានការរីកចម្រើនច្រើន ទាំងបច្ចេកទេស និងទាំងសមត្ថភាព។ ខ្ញុំកត់សម្គាល់ឃើញថា ឆ្នាំនេះ កីឡាករ ប៊ុន កេន្នី ទាំងបច្ចេកទេស ភាពអំណត់ និងវិន័យនៃការប្រកួត ឃើញថាល្អ។ មួយទៀត កីឡាការិនី ហែម ស្រីណុច ក៏មានកម្រិតបច្ចេកទេសកើនឡើងដែរ ព្រោះឃើញគាត់ប្រឹងហាត់ខ្លាំង តាំងពីត្រឡប់មកពីប្រកួតស៊ីហ្គេម នៅវៀតណាមវិញ»។

លោកបន្ថែមថា សម្រាប់ប្រភេទកីឡាវាយកូនបាល់នេះ ដាច់ខាតគឺត្រូវការការពង្រឹងខ្លាំងផ្នែកហ្វឹកហាត់ និងការប្រកួត ដើម្បីឲ្យមានភាពរីកចម្រើនបានឆាប់រហ័ស។ ចំពោះការហ្វឹកហាត់ទៀតសោត គឺត្រូវការការតាំងចិត្តខ្ពស់ ដែលកើតចេញពីបេះដូងខ្លួនឯងផ្ទាល់ ព្រោះថា ត្រូវចំណាយកម្លាំងច្រើន និងភាពអំណត់ខ្ពស់។

ជាមួយគ្នានោះ លោកក៏បានលើកឡើងពីចំនួនកីឡាករជម្រើសជាតិ ដែលបានចូលរួមប្រកួតកីឡាជាតិ លើកទី៣ ផងដែរ គឺមានចំនួន ១០រូប ដែលការចូលរួមនេះ ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស ក្នុងទិសដៅជាការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ ចំណែកកីឡាករ-កីឡាការិនី ដែលបានហ្វឹកហាត់នៅក្រៅស្រុកចំនួន៦រូប មិនបានចូលរួមប្រកួតកីឡាជាតិ លើកនេះឡើយ។

គួររម្លឹកថា ការប្រកួតកីឡាជាតិ លើកទី៣ លើប្រភេទកីឡាវាយកូនបាល់ បានចាប់ផ្ដើមដំណើរការ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានខេត្ត-ក្រុង ចំនួន ៧ ចូលរួម និងមាន ៤ វិញ្ញាសាប្រកួត៖
១ -វាយឯកត្តជនបុរស
២- វាយឯកត្តជននារី
៣- វាយគូបុរស
៤- វាយគូនារី

ជ័យលាភីនៃការប្រកួត រួមមាន៖
លេខ១ បានទៅខេត្តសៀមរាប ទទួលបានមេដាមាស ២គ្រឿង ប្រាក់ ១ និង សំរឹទ្ធ ១
លេខ២ បានទៅក្រសួងការពារជាតិ ទទួលមានមេដាយមាស ១គ្រឿង ប្រាក់ ២ និង សំរឹទ្ធ ១
លេខ៣ បានទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយមាស ១គ្រឿង ប្រាក់ ១ និង សំរឹទ្ធ ១៕

24/11/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org