ថ្ងៃឆ្ពោះទៅរកប៉ារ៉ាហ្គេម

sport-in-live
thumbnail

ការប្រកួតសូហ្វតិន្នីស​ក្នុង​កីឡាជាតិ​ពិត​ជា​សំខាន់​​​ត្រៀម​​ធ្វើ​ម្ចាស់​ផ្ទះ​ ស៊ីហ្គេម​២០២៣


២៨ វិច្ឆិកា ២០២២
NEWS EVENTS KH

CAMSOC-ភ្នំពេញ៖ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលទទួលបន្ទុកដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានចាត់ទុកថា ការប្រកួតកីឡាសូហ្វតិន្នីសនៃកីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ គឺជាការត្រៀមខ្លួនមួយដ៏សំខាន់ ដោយពុំអាចខ្វះបាន ក្នុងការត្រៀមខ្លួន ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះការលើកឡើងរបស់ឯកឧត្តម នៅក្នុងឱកាសបិទការប្រកួតកីឡាសូហ្វតិន្នីសនៃកីឡាជាតិ លើកទី៣ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម សរ សិទ្ធិ មានប្រសាសន៍បន្ថែមថា តាមរយៈព្រឹត្តិការណ៍ដ៏ធំមួយនេះ បានវាស់ស្ទង់គុណភាព សមត្ថភាពកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ឲ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំ៦៤ឆ្នាំ។

«ការប្រកួតកីឡាជាតិ ឆ្នាំ២០២២ គឺជាការធ្វើតេស្តសមត្ថភាព វាស់ស្ទង់គុណផលរបស់កីឡាករ កីឡាការិនី តាមប្រភេទកីឡានីមួយៗ ក្នុងការត្រៀមខ្លួនឲ្យបានល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ដ៏ធំ រៀងរាល់២ឆ្នាំម្តងមួយនេះ។ ដូច្នេះ សូមកីឡាករ កីឡាការិនីទាំងអស់គ្នា ត្រូវបន្តការខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឲ្យបានរឹងមាំ ឆ្ពោះទៅដណ្តើមលទ្ធផលល្អជូនជាតិ នាស៊ីហ្គេម ឆ្នាំ២០២៣»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម សរ សិទ្ធិ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញការងាររបស់មន្ត្រីរៀបចំការប្រកួត និងប្រតិភូក្រសួង-រាជធានី-ខេត្ត កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតកីឡាសូហ្វតិន្នីស ដោយបានខិតខំប្រកួតអស់ពីសមត្ថភាព ព្រមទាំងគោរពបាននូវបទបញ្ជាការប្រកួត ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងឆន្ទៈជួយជំរុញឲ្យព្រឹត្តិការណ៍នេះ ដំណើរការដោយរលូន និងជោគជ័យ នាពេលនេះ។

យោងតាមលទ្ធផលរបស់គណៈកម្មការបច្ចេកទេស នៃសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ដែលដំណើរការពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ គឺប្រភេទកីឡាសូហ្វតិន្នីស បានដាក់ឲ្យក្រសួង រាជធានី-ខេត្ត ចូលរួមប្រកួតលើវិញ្ញាសាចំនួន៧ ក្នុងនោះក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមាស៦គ្រឿង និងសំរឹទ្ធ១។ ខេត្តត្បូងឃ្មុំ ឈរនៅចំណាត់ថ្នាក់លេខ២ ទទួលបានដាយមាស១ និងសំរឹទ្ធ២ ខណៈ៥ខេត្ត និងក្រសួងផ្សេងៗទៀត ទទួលបានមេដាយប្រាក់ និងសំរឹទ្ធ និងឈរនៅលេខរៀងជាបន្តបន្ទាប់៕