ថ្ងៃឆ្ពោះទៅរកប៉ារ៉ាហ្គេម

sport-in-live
thumbnail

ការធ្វើម្ចាស់ផ្ទះ​ជើងឯក​អាស៊ាន​ និងកីឡាជាតិទី៣ ម៉ូតូ​ទឹក​ត្រៀមខ្លួន​បាន​ល្អ មុន​ស៊ីហ្គេម​២០២៣


២៨ វិច្ឆិកា ២០២២
NEWS EVENTS KH

Camsoc-ភ្នំពេញ៖ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជាក់ថា សហព័ន្ធបានត្រៀមខ្លួនប្រកបដោយភាពជឿជាក់ ទាំងការរៀបចំ និងដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយខកខាន៦៤ឆ្នាំ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយ Cambodia 2023 នៅក្នុងឱកាសព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលរៀបចំនៅខេត្តព្រះសីហនុ។

ឯកឧត្តម ណុះ ស្លេះ បានបញ្ជាក់ថា ការៀបចំការប្រកួតកីឡាម៉ូតូទឹក ជើងឯកអាស៊ីអាគ្នេយ៍ និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះ អាចនិយាយបានថា សហព័ន្ធកីឡាម៉ូតូទឹក កាន់តែមានបទពិសោធន៍ និងជំនឿចិត្តខ្ពស់ ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តមប្រធានសហព័ន្ធ បន្ថែមថា ការៀបចំជើងឯកអាស៊ីអាគ្នេយ៍កន្លងទៅ មានការខ្វះខាតខ្លះៗ ដូច្នេះសហព័ន្ធបានយកកីឡាជាតិនេះ មកធ្វើការកែលម្អ ដូចជា ការៀបចំរបស់មន្រ្តីបច្ចេកទេស ការចុះឈ្មោះ ការទំនាក់ទំនង ការទទួលភ្ញៀវ និងការៀបចំទីលាន សម្ភារបច្ចេកទេស អោយប្រសើរជាងមុន។ ឯកឧត្តម ណុះ ស្លេះ បន្តថា សម្រាប់ព្រឹត្តិការណ៍កីឡាជាតិនេះ ការរៀបចំមានលំនាំដូចស៊ីហ្គេម ដោយសហព័ន្ធបានដាក់អាជ្ញាកណ្តាល ចៅក្រម និងមន្រ្តីបច្ចេកទេស សរុបចំនួន ៣៥នាក់ សុទ្ធសឹងជាមន្រ្តីជំនាញ ធ្លាប់មានបទពិសោធន៍ ឆ្លងកាត់វគ្គបណ្តុះបណ្តាលថ្នាក់ជាតិ និងអន្តរជាតិ។ ចំណុចមួយ សហព័ន្ធក៏ត្រូវការចៅក្រមអន្តរជាតិ ដើម្បីចូលរួមសម្រេចកាត់សេចក្តីការប្រកួត ពីព្រោះយើងមិនអាចប្រើចៅក្រមប្រទេសក្នុងតំបន់នោះទេ ជៀសវាងមានការរិះគន់ ឬក៏លំអៀង។

ឯកឧត្តមបានបន្ថែមទៀតថា ក្រៅពីពង្រឹងលើការរៀបចំ និងមន្រ្តីបច្ចេកទេស សហព័ន្ធក៏បានត្រៀមអត្តពលិកប្រកបដោយសក្តានុពលរួចជាស្រេច ត្រៀមដណ្តើមមេដាយជូនកម្ពុជា ដែលពួកគេកំពុងធ្វើការហ្វឹកហាត់នៅក្លឹប Flamingo ប្រទេសថៃ ដោយទទួលបានការឧបត្ថម្ភទាំងស្រុង ពីលោក Karl Heinrich Knauf។ កីឡាករទាំងនោះ មានដូចជា វីរកីឡាករ សាលី អ៊ូម៉ើត, មីន មូស្តាន់, មីន អូស្មាន់, កៃ វ៉ាន់ស៊ីដែន និងសាលី ហ្វីលីន ដែលសុទ្ធសឹងជាកីឡាករលំដាប់ពិភពលោក និងមានកីឡាករលំដាប់ជាតិ៤ ទៅ ៥នាក់ទៀត សម្រាប់ស៊ីហ្គេម នៅកម្ពុជា។ ឯកឧត្តម ណុះ ស្លេះ បញ្ជាក់បន្ថែមថា កាត្រៀមនេះ ក៏មានបញ្ហាប្រឈមខ្លះៗដែរ នោះគឺ ទី១ ផ្នែកក្រុមជាង។ ដោយយើងមិនអាចយកក្រុមជាងក្នុងតំបន់អាស៊ានបានទេ គឺត្រូវការយកពីអាមេរិក អូស្រ្តាលី អូទ្រីសជាដើម។ និងទី២ ម៉ូតូទឹក។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានដាក់មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ចៅក្រម សរុប ៣៥នាក់ សម្រាប់រៀបចំ។ ដោយឡែក សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ សហព័ន្ធអាចត្រៀមលើសពី ៣៥នាក់ តាមភាពជាក់ស្តែង ក្នុងនោះ យើងត្រូវការចៅក្រមអន្តរជាតិ ១រូប ផងដែរ៕