ថ្ងៃឆ្ពោះទៅរកប៉ារ៉ាហ្គេម
CAMSOC-ភ្នំពេញ៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាគូសបញ្ជាក់នៅថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២២នេះថា កម្ពុជាមានសេចក្តីត្រេកអរយ៉ាងខ្លាំងចំពោះការរៀបទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាថ្ងៃទី២៣-៣០ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ជំនួសការលុបចោលរបស់ម្ចាស់ផ្ទះ វៀតណាម មុនពេលឆ្ពោះមកការទទួលរៀបចំអាស៊ានប៉ារ៉ាហ្គេម បន្តវេនលើកទី១២ របស់កម្ពុជា។
ឯកឧត្តមអគ្គលេខាធិការបន្ថែមថា កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាកីឡាជនពិការអាស៊ានបានបើកកិច្ចប្រជុំលើកទី២៦ ក្នុងក្របខណ្ឌសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានប្រគល់សិទ្ធិជូនដល់ប្រទេសឥណ្ឌូណេស៊ីធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាខែកក្កដា ឆ្នាំ២០២២។
ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាកីឡាជនពិការអាស៊ាន ដែលតំណាងដោយឯកឧត្តម យី វាសនា តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាកីឡាជនពិការអាស៊ាន នៅក្នុងកិច្ចប្រជុំអនឡាញនេះ គឺសមាជិកនានាក្នុសហគមន៍អាស៊ានមានសេចក្តីត្រេកអរនៃការសម្រេចក្នុងឆន្ទៈលើកកម្ពស់សិទ្ធិ និងការចូលរួមប្រកួតប្រជែងបង្កើនសមត្ថភាពរបស់អត្តពលិកពិការអាស៊ានឡើងវិញ ក្រោយពីបានរង់ចាំរយៈពេលជិត៤ឆ្នាំមកនេះ។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះត្រូវបានលុបចោលចំនួន ២លើក គឺអាស៊ានប៉ារ៉ាហ្គេម លើកទី១០ កាលពីឆ្នាំ២០១៩ ដោយម្ចាស់ផ្ទះហ្វីលីពីន និងការលុបចោលម្តងទៀត ដោយម្ចាស់ផ្ទះវៀតណាម ដោយប្រទេសទាំងពីរនេះរៀបចំទទួលធ្វើម្ចាស់ផ្ទះ តែការប្រកួតកីឡាស៊ីហ្គេម ប៉ុណ្ណោះ។
ពេលនេះឥណ្ឌូណេស៊ីទទួលបានសិទ្ធិពេញលេញ ក្នុងការទទួលធ្វើម្ចាស់ផ្ទះ កីឡាជនពិការអាស៊ាន លើកទី១១ ជំនួសម្ចាស់ផ្ទះវៀតណាម ជាផ្លូវការ បន្ទាប់ពី WADA បានដកការដាក់ទណ្ឌកម្មសារធាតុហាមឃាត់ក្នុងកីឡា (ដូពីង ឬដូប៉ា) ទៅលើប្រទេសឥណ្ឌូណេស៊ី។
ឯកឧត្តម យី វាសនា សង្កត់ធ្ងន់ថា សម្រាប់ការចូលរួមប្រកួតរបស់អត្តពលិកពិការកម្ពុជា នៅឥណ្ឌូណេស៊ីនេះ គឺកម្ពុជាបានត្រៀមលក្ខណៈរួចហើយ ដែលជាប្រភេទកីឡាត្រៀមធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ នេះគឺជាការងារកសាងសក្តានុពលរបស់ខ្លួន ក៏ដូចជាការកសាងចុងក្រោយរបស់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា នៅក្នុងចំណោម១១ប្រទេសអាស៊ីអាគ្នេយ៍។
ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការបានចាត់ទុកថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២នេះគឺជាការស្ទាបស្ទង់ការដកពិសោធន៍មួយដ៏មានសារៈសំខាន់បំផុត ក្នុងការសម្រួចគោលដៅទាំងផ្នែកបច្ចេក ទេសរបស់កីឡាករ កីឡាការិនីពិការ ក៏ដូចជាការងាររៀបចំរបស់មន្ត្រីរៀបចំការប្រកួត មន្ត្រីបច្ចេកទេសពិការកម្ពុជា ដែលជាគំរូ សម្រាប់ការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣-Cambodia ASEAN PARA Games Organizing Committee (CAMAPGOC) ដើម្បីឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងនេះផងដែរ៕
ហេង សាវឿន ៖ វិញ្ញាសា៤០០ម៉ែត្រ និង៨០០ម៉ែត្រ មានសក្តានុពលសម្រាប់កម្ពុជា រកមេដាយពីអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី
សម្ដេចពិជ័យសេនា ទៀ បាញ់ បង្ហាញគោលបំណងសំខាន់ៗនៃកិច្ចប្រជុំ APSF និង SEAGF
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បើកកិច្ចប្រជុំជាមួយគ្រូបង្វឹកជម្រើសជាតិដើម្បីស្វែងរកយុទ្ធសាស្រ្ត ត្រៀមអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី
ប្រធានក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា រីករាយពេលមានវត្តមានកីឡាជនពិការក្នុងកីឡាជាតិ